COVID-19
អន្តរជាតិ
មេដឹកនាំមួយចំនួន ផ្ញើសារជូនពរលោក ត្រាំ ឆាប់ជាសះស្បើយពីCOVID-19 ពីឆ្វេងទៅស្ដាំ លោក បូរីស ចនសុន, លោក នារិន្ទ្រា ម៉ូឌី , និងលោក អេម៉ានុយអែល ម៉ាក្រុង ។
× មេដឹកនាំសំខាន់ៗក្នុងពិភពលោក ដែលភាគច្រើនស្និទ្ធនឹងអាមេរិក បានផ្ញើសារជូនពរជាបន្តបន្ទាប់ឲ្យលោកប្រធានាធិបតី ដូណាល់ ត្រាំ ឆាប់ជាសះស្បើយពីជំងឺ COVID-19 ។
នាយករដ្ឋមន្ត្រីអង់គ្លេស បូរីស ចនសុន តាមរយៈបណ្ដាញសង្គម Twitter បានផ្ញើសារដូច្នេះថា សូមជូនពរឲ្យលោកត្រាំ និងភរិយាលោក ឆាប់ជាសះស្បើយ ពីជំងឺ COVID-19 ។ លោក ត្រាំ បានអរគុណបកទៅលោក ចនសុន វិញ ពីលើសារនេះ។
មេដឹកនាំបន្ទាប់ គឺ លោកនាយករដ្ឋមន្ត្រីឥណ្ឌា នារិន្ទ្រា ម៉ូឌី ដែលទទួលជួបលោក ត្រាំ ក្នុងទស្សនកិច្ចផ្លូវការកាលពីដើមឆ្នាំ២០២០ នេះ បានសរសេរលើសារ Twitter របស់លោកត្រាំថា លោកសូមជូនពរឲ្យលោក ត្រាំ និងស្ត្រីទីមួយ មេឡានី ត្រាំ ឆាប់ជាសះស្បើយ និងមានសុខភាពល្អបរិបូរ។
រដ្ឋាភិបាលបារាំង តាមរយៈអ្នកនាំពាក្យ បានបញ្ជាក់ថា ការឆ្លង COVID-19 របស់ប្រធានាធិបតី ត្រាំ បង្ហាញឲ្យឃើញថា វីរុសនេះមិនលើកលែងអ្នកណាម្នាក់ឡើយ រួមទាំងអ្នកដែលមានភាពមន្ទិលសង្ស័យផងលើបញ្ហានេះផងដែរ។ យ៉ាងណាមិញ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានជូនពរឲ្យលោកត្រាំឆាប់ជា។
បន្ទាប់មកទៀត គឺ លោក ឆាល មីឈែល ប្រធានក្រុមប្រឹក្សាអឺរ៉ុប ក៏បានផ្ញើសារជូនពរលោក ត្រាំ និងភរិយាឲ្យឆាប់ជាស្បើយដែរ ហើយបន្ថែមថា COVID-19 គឺជាសមរភូមិមួយដែលគ្រប់គ្នានឹងបន្តប្រយុទ្ធ រៀងរាល់ថ្ងៃ និងគ្រប់ទីកន្លែងជុំវិញពិភពលោក។
យ៉ាងណាមិញ លោក ចូ បៃឌិន គូប្រជែងបក្សប្រជាធិបតេយ្យរបស់លោកត្រាំក្នុងការបោះឆ្នោតនាខែវិច្ឆិកា ពុំទាន់មានយោបល់ណាមួយពាក់ព័ន្ធដំណឹងនេះឡើយ។ លោក បៃឌិន នៅលើឆាកជាមួយលោក ត្រាំ អំឡុងកម្មវិធីជជែកដេញដោលលើកទី១កាលពីយប់ថ្ងៃទី ២៩ ខែកញ្ញា កន្លងទៅ។
លោក ដូណាល់ ត្រាំ នៅថ្ងៃយប់ថ្ងៃទី ១ ខែតុលា (ម៉ោងនៅអាមេរិក) បានប្រកាសជាសាធារណៈតាមរយៈ Twitter ថា លោកនិងភរិយាឆ្លង COVID-19 ។ លោកឆ្លងជំងឺនេះពីទីប្រឹក្សាជាន់ខ្ពស់របស់លោក អ្នកស្រី Hope Hicks ។
ខាងសេតវិមានអាមេរិក បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ថា លោក ត្រាំ និងភរិយាលោកមានសុខភាពល្អ ហើយជំងឺនេះនឹងមិនរំខានដល់ការងារជាប្រធានាធិបតីរបស់លោកឡើយ។ ក្រុមគ្រូពេទ្យប្រចាំសេតវិមានអាមេរិក នឹងតាមដានសុខភាពលោក ត្រាំ និងភរិយាលោកយ៉ាងដិតដល់បំផុត៕
Tag:
អាមេរិក
ដូណាល់ ត្រាំ
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com