ជាតិ
អរិយធម៌យុគថ្មរំលីងអាយុកាលប្រហែល៣ពាន់ឆ្នាំ នៅសល់ដល់បច្ចុប្បន្ន តាមរយៈបន្ទាយគូឬភូមិមូល លោក ហេង សុផាឌី សមាជិកក្នុងក្រុមអ្នកស្រាវជ្រាវពីបន្ទាយគូរ ឬភូមិមូល
× ភ្នំពេញ៖ តាមរយៈវត្ថុប្រើប្រាស់ផ្សេងៗដែលនៅសេសសល់ ដូចជាកុលាលភាជន៍ និងឧបករណ៍ថ្មជាដើម ដែលបានរកឃើញនៅបន្ទាយគូ ឬភូមិមូល តាមរយៈការធ្វើកំណាយកន្លងទៅ បានបញ្ជាក់ថា បន្ទាយគូបានកើតឡើងប្រហែលតាំងពីយុគថ្មរំលីង ដែលមានអាយុកាលប្រហែល៣ពាន់ឆ្នាំមកហើយ។ ភូមិមូលទាំង៣៧ ដែលភាគច្រើនមាននៅតំបន់ខ្ពង់រាបដីក្រហម ជាពិសេសនៅក្នុងស្រុកមេមត់នោះ គឺមានគូទឹកនៅខាងក្នុង។ បន្ទាយគូ ឬភូមិមូលនីមួយៗ មានអង្កត់ផ្ចិតចន្លោះពី២០០ទៅ៣៥០ម៉ែត្រ។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុផាឌី សមាជិកក្រុមស្រាវជ្រាវអំពីបន្ទាយគូឬភូមិមូល នៃមជ្ឈមណ្ឌលបុរាណវិទ្យាមេមត់។
លោក ហេង សុផាឌី ដែលជាសមាជិកក្នុងក្រុមអ្នកស្រាវជ្រាវបន្ទាយគូ ឬភូមិមូល បានប្រាប់សារព័ត៌មានថ្មីៗថា បន្ទាយគូ គឺជាឈ្មោះអ្នកស្រុកដែលរស់នៅក្នុងតំបន់នោះហៅ រីឯភូមិមូល គឺជាឈ្មោះដែលអ្នកស្រាវជ្រាវហៅ ដោយប្រែពីភាសាបារាំងឬអង់គ្លេស។ តាមឯកសារស្រាវជ្រាវរបស់បារាំង ដែលលោក ហេង សុផាឌី ទទួលបាន ភូមិមូលមានការចុះផ្សាយចុះផ្សាយលើកដំបូង ក្នុងព្រឹត្តិបត្ររបស់សាលាបារាំងចុងបូព៌ា ក្នុងឆ្នាំ១៩៣០។ ទោះជាយ៉ាងណា ការស្រាវជ្រាវកាលនោះ មានតែព័ត៌មានបឋមតែប៉ុណ្ណោះ ដោយពុំបានរៀបរាប់ក្បោះក្បាយពីភូមិមូលឡើយ។
ការស្រាវជ្រាវមានច្រើនដំណាក់កាល រហូតមកដល់សម័យបច្ចុប្បន្ន អ្នកស្រាវជ្រាវខ្មែរបានធ្វើកំណាយនៅបន្ទាយគូរមួយចំនួន រកឃើញវត្ថុប្រើប្រាស់ខ្លះៗ ដូចជាកុលាលភាជន៍ជាដើម ដែលអាចសន្និដ្ឋានបានថា ភូមិមូលទាំងនោះកើតឡើងតាំងពីប្រមាណជា៣ពាន់ឆ្នាំមុន។
លោក ហេង សុផាឌី បញ្ជាក់បន្ថែម៖«ទំនងជាអាច កាលពីសម័យបារាំង ពេលដែលគេទៅកាប់ឆ្កាព្រៃដើម្បីដាំកៅស៊ូ គេក៏ឃើញសំណល់ដីមូលនោះ។ នៅឆ្នាំ១៩៥៩ លោក ល្វីម៉ាឡឺរ៉េ បានសិក្សាស្រាវជ្រាវនិងចុះបញ្ជីបន្ទាយគូ ដោយផ្អែកលើកុលាលភាជន៍ និងសិក្សាពីរូបថតនៅលើអាកាស ហើយលោកសន្និដ្ឋានថា វាអាចស្ថិតក្នុងសម័យយុគថ្មរំលីង។ នៅឆ្នាំ១៩៦២ អ្នកប្រវត្តិសាស្ត្រដ៏ល្បីរបស់បារាំងមួយរូបទៀត ក៏ថាភូមិមូលស្ថិតក្នុងសម័យយុគថ្មរំលីងដែរ។ ភូមិមូលនេះគឺជាឫសគល់នៃអរិយធម៌ដែលចាស់ជាងគេ»។
បច្ចុប្បន្នទីតាំងភូមិមូលភាគច្រើន អ្នកភូមិអាស្រ័យផលតាមធម្មតា ហើយពួកគេមិនបានឈូសឆាយឱ្យបាត់ស្លាក់ស្នាមឡើយ។ លទ្ធផលដែលបានពីកំណាយកន្លងមក ក្រុមអ្នកស្រាវជ្រាវបានបង្កើតជាសារមន្ទីរបុរាណវិទ្យាមេមត់ ក្នុងមជ្ឈមណ្ឌលបុរាណវិទ្យាមេមត់ ស្ថិតក្នុងបរិវេណសាលាស្រុកមេមត់។
បច្ចុប្បន្នការស្រាវជ្រាវក្នុងបំណងជាប្រយោជន៍សម្រាប់ប្រវត្តិសាស្ត្រ វប្បធម៌ និងការអភិរក្សជាដើមនេះ ត្រូវបានផ្អាកសកម្មភាព ដោយសារមិនមានជំនួយបន្ត។ ទោះជាយ៉ាងណា ប្រសិនបើមានជំនួយឡើយវិញ លោក ហេង សុផាឌី អះអាងថា ក្រុមស្រាវជ្រាវនិងបន្តធ្វើកំណាយ ដើម្បីរកភស្ដុតាងបន្ថែម ព្រមទាំងស្រាវជ្រាវរកភូមិមូល នៅទីតាំងផ្សេងៗទៀត។
ភូមិមូលមាននៅក្នុងប្រទេសកម្ពុជា និងនៅក្នុងប្រទេសវៀតណាម៕
Tag:
អរិយធម៌
វប្បធម៌
យុគថ្មរំលីង
បន្ទាយគូរ
ភូមិមូល
ប្រវត្តិសាស្ត្រ
© រក្សាសិទ្ធិដោយ thmeythmey.com