ជាតិ
អរិយធម៌​យុគ​ថ្ម​រំលីង​អាយុកាល​ប្រហែល​៣​ពាន់​ឆ្នាំ នៅសល់​ដល់​បច្ចុប្បន្ន តាមរយៈ​បន្ទាយ​គូ​ឬ​ភូមិ​មូល​
02, Oct 2020 , 6:29 pm        
រូបភាព
លោក ហេង សុផាឌី សមាជិកក្នុងក្រុមអ្នកស្រាវជ្រាវពីបន្ទាយគូរ ឬភូមិមូល
លោក ហេង សុផាឌី សមាជិកក្នុងក្រុមអ្នកស្រាវជ្រាវពីបន្ទាយគូរ ឬភូមិមូល
​ភ្នំពេញ​៖ តាមរយៈ​វត្ថុ​ប្រើប្រាស់​ផ្សេងៗដែល​នៅ​សេសសល់ ដូចជា​កុលាលភាជន៍ និង​ឧបករណ៍​ថ្ម​ជាដើម ដែល​បាន​រកឃើញ​នៅ​បន្ទាយ​គូ ឬ​ភូមិ​មូល តាម​រយៈ​ការធ្វើ​កំណាយកន្លង​ទៅ បាន​បញ្ជាក់ថា បន្ទាយ​គូ​បាន​កើតឡើងប្រហែល​​តាំងពី​យុគ​ថ្ម​រំលីង ដែលមាន​អាយុកាល​ប្រហែល​៣​ពាន់​ឆ្នាំ​មកហើយ​។ ភូមិ​មូល​ទាំង​៣៧ ដែល​ភាគច្រើន​មាននៅ​តំបន់ខ្ពង់​រាប​​ដីក្រហម ជាពិសេស​នៅក្នុង​ស្រុក​មេមត់​នោះ គឺមានគូទឹកនៅ​ខាង​ក្នុង​។ បន្ទាយ​គូ ឬ​ភូមិ​មូល​នីមួយៗ មាន​អង្កត់ផ្ចិត​ចន្លោះ​ពី​២០០​ទៅ​៣៥០​ម៉ែត្រ​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ហេង សុ​ផា​ឌី សមាជិក​ក្រុម​ស្រាវជ្រាវ​អំពី​បន្ទាយ​គូ​ឬ​ភូមិ​មូល នៃមជ្ឈមណ្ឌលបុរាណវិ​ទ្យាមេមត់។​


 
​លោក ហេង សុ​ផា​ឌី ដែលជា​សមាជិក​ក្នុង​ក្រុម​អ្នកស្រាវជ្រាវ​​បន្ទាយ​គូ ឬ​ភូមិ​មូល បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា បន្ទាយ​គូ គឺជា​ឈ្មោះ​អ្នក​ស្រុក​ដែល​រស់នៅក្នុង​តំបន់​នោះ​ហៅ រីឯ​ភូមិ​មូល គឺជា​ឈ្មោះ​ដែល​អ្នកស្រាវជ្រាវហៅ ដោយ​ប្រែ​ពី​ភាសា​បារាំងឬអង់គ្លេស​។ តាម​ឯកសារ​ស្រាវជ្រាវ​របស់​បារាំង ដែល​លោក ហេង សុ​ផា​ឌី ទទួលបាន ភូមិ​មូល​មានការ​ចុះផ្សាយចុះ​ផ្សាយ​លើក​ដំបូង ​ក្នុង​ព្រឹត្តិបត្រ​របស់​សាលា​បារាំង​ចុង​បូព៌ា ក្នុង​ឆ្នាំ​១៩៣០​។ ទោះជា​យ៉ាងណា ការស្រាវជ្រាវ​កាលនោះ មានតែ​ព័ត៌មាន​បឋម​តែប៉ុណ្ណោះ ដោយ​ពុំបាន​រៀបរាប់​ក្បោះក្បាយ​ពី​ភូមិ​មូល​ឡើយ​។​
 
​ការស្រាវជ្រាវ​មាន​ច្រើន​ដំណាក់កាល រហូតមកដល់​សម័យ​បច្ចុប្បន្ន អ្នកស្រាវជ្រាវ​ខ្មែរ​បានធ្វើ​កំណាយ​នៅ​បន្ទាយ​គូរ​មួយចំនួន រកឃើញ​វត្ថុ​ប្រើប្រាស់​ខ្លះៗ ដូចជា​កុលាលភាជន៍​ជាដើម ដែល​អាចសន្និដ្ឋាន​បាន​ថា ភូមិ​មូល​ទាំងនោះ​កើតឡើង​តាំងពី​ប្រមាណ​ជា​៣​ពាន់​ឆ្នាំមុន​។ 
 
​លោក ហេង សុ​ផា​ឌី បញ្ជាក់បន្ថែម​៖«​ទំនងជា​អាច កាលពី​សម័យ​បារាំង ពេលដែល​គេ​ទៅ​កាប់ឆ្កា​ព្រៃ​ដើម្បី​ដាំ​កៅស៊ូ គេ​ក៏​ឃើញ​សំណល់​ដី​មូល​នោះ​។ នៅ​ឆ្នាំ​១៩៥៩ លោក ល្វី​ម៉ាឡឺរ៉េ បាន​សិក្សា​ស្រាវជ្រាវ​និង​ចុះបញ្ជី​បន្ទាយ​គូ ដោយ​ផ្អែកលើ​កុលាលភាជន៍ និង​សិក្សា​ពី​រូបថត​នៅលើ​អាកាស ហើយ​លោក​សន្និដ្ឋានថា វា​អាច​ស្ថិតក្នុង​សម័យ​យុគ​ថ្ម​រំលីង​។ នៅ​ឆ្នាំ​១៩៦២ អ្នកប្រវត្តិសាស្ត្រ​ដ៏​ល្បី​របស់​បារាំង​មួយរូប​ទៀត ក៏​ថា​ភូមិ​មូល​ស្ថិតក្នុង​សម័យ​យុគ​ថ្ម​រំលីង​ដែរ​។ ភូមិ​មូល​នេះ​គឺជា​ឫសគល់​នៃ​អរិយធម៌​ដែល​ចាស់​ជាងគេ​»​។ 
 
​បច្ចុប្បន្ន​ទីតាំង​ភូមិ​មូលភាគ​ច្រើន អ្នកភូមិ​អាស្រ័យ​ផល​តាម​ធម្មតា ហើយ​ពួកគេ​មិនបាន​ឈូសឆាយ​ឱ្យ​បាត់​ស្លាក់ស្នាម​ឡើយ​។ លទ្ធផល​ដែល​បាន​ពី​កំណាយ​កន្លងមក ក្រុម​អ្នកស្រាវជ្រាវ​បាន​បង្កើតជា​សារមន្ទីរ​បុរាណវិទ្យា​មេមត់ ក្នុង​មជ្ឈមណ្ឌល​បុរាណវិទ្យា​មេមត់ ស្ថិតក្នុង​បរិវេណ​សាលាស្រុក​មេមត់​។ 
 
​បច្ចុប្បន្ន​ការស្រាវជ្រាវ​ក្នុង​បំណង​ជា​ប្រយោជន៍​សម្រាប់​ប្រវត្តិសាស្ត្រ វប្បធម៌ និង​ការអភិរក្ស​ជាដើម​នេះ  ត្រូវបាន​ផ្អាក​សកម្មភាព ដោយសារ​មិនមាន​ជំនួយ​បន្ត​។ ទោះជា​យ៉ាងណា ប្រសិនបើ​មាន​ជំនួយ​ឡើយ​វិញ លោក ហេង សុ​ផា​ឌី អះអាងថា ក្រុម​ស្រាវជ្រាវ​និង​បន្តធ្វើ​កំណាយ ដើម្បី​រក​ភស្ដុតាង​បន្ថែម ព្រមទាំង​ស្រាវជ្រាវរ​កភូមិ​មូល នៅ​ទីតាំង​ផ្សេងៗ​ទៀត​។ 
​ភូមិ​មូល​មាននៅ​ក្នុងប្រទេស​កម្ពុជា និង​នៅក្នុង​ប្រទេស​វៀតណាម​៕
 

Tag:
 អរិយធម៌​
  វប្បធម៌​
 ​យុគ​ថ្ម​រំលីង​
 ​បន្ទាយ​គូរ​
 ​ភូមិ​មូល​
 ​ប្រវត្តិសាស្ត្រ​
 
© រក្សាសិទ្ធិដោយ thmeythmey.com