ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អ្នក​កំពុង​ទទួលទាន “​តែ​បៃតង​” ច្រើនពេក​ហើយ បើ​អាកា​រៈទាំង​នេះ​លេចឡើង​
03, Oct 2020 , 8:59 pm        
រូបភាព
​ពិតណាស់​មិន​ថា​ជា​អ្វី​ក៏ដោយ​ការ​ទទួលទាន​ច្រើនពេក គឺ​មិនល្អ​ឡើយ​។ ចំពោះតែ​បៃតង​ក៏​ដូចគ្នា​! ជាពិសេស​ប្រសិនបើ​អ្នក​ប្រតិកម្ម​នឹង​ជាតិ​កាហ្វេ​អ៊ី​ន​នោះ​ការទទួល​ទាន​តែ​បៃតង​អាច​ជះ​ផលប៉ះពាល់​គួរឱ្យ​បារម្ភ​មួយចំនួន​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​អា​ការៈដែល​លេចឡើង​នៅពេល​អ្នកទទួល​ទាន​តែ​បៃតង​ច្រើនពេក ៖

 
១. គេង​មិន​លក់​
 
​ការទទួល​ទាន​តែ​បៃតង​ច្រើនពេក ឬ​ការ​ទទួលទាន​តែ​បៃតង​មុនពេល​ចូល​គេង​អាច​បណ្ដាលឱ្យ​គេង​មិន​លក់​។ នេះ​ក៏​ព្រោះតែ​ជាតិ​កាហ្វេ​អ៊ី​ន​មាន​ឥទ្ធិពល​រំញោច​ស​សៃ​ប្រសាទ ហើយ​អាច​ស្ថិតនៅក្នុង​ប្រព័ន្ធ​រាងកាយ​ពី ៤ ទៅ ៦ ម៉ោង​ឯណោះ​។ ហើយ​ប្រសិនបើ​អ្នកទទួល​ទាន​តែ​បៃតង​ច្រើន ឬ​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ណាមួយ​កំឡុង​ម៉ោង​ប្រហែល ៣ ថ្ងៃនោះ​កាហ្វេ​អ៊ី​ន​អាច​ស្ថិតនៅក្នុង​លំហូរ​ឈាម​ដល់​ម៉ោង ៩ យប់​ឯណោះ​។​
 
២. បញ្ហា​ថប់​បារម្ភ​
 
​ទោះបីជា​ការទទួល​ទាន​តែ​បៃតង​ត្រូវបាន​ណែនាំ​សម្រាប់​អ្នក​ដែលមាន​បញ្ហា​ថប់​បារម្ភ ប៉ុន្តែ​ក៏​ព្រោះ​ភេសជ្ជៈ​នេះ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​នោះ​ការទទួល​ទាន​ច្រើន​ពែង​ពេក​ក្នុង​មួយថ្ងៃ ឬ​ឆុងតែ​ចាស់​ពេក​អាច​បណ្ដាលឱ្យ​អាកា​រៈ​នៃ​បញ្ហា​ថប់​បារម្ភ​កាន់តែ​អាក្រក់​ឡើង​។​
 
៣. រាគ​
 
​ការទទួល​ទាន​តែ​បៃតង​ច្រើន​ក្នុង​រយៈពេល​ខ្លី​មួយ​អាច​បណ្ដាលឱ្យ​រាគ​បាន​យ៉ាង​ងាយ​។ វា​មិន​ត្រឹមតែ​ប្រព័ន្ធ​ស​សៃ​ប្រសាទ​ប៉ុណ្ណោះ​ទេ​ដែល​ត្រូវបាន​រំញោច​ដោយ​កាហ្វេ​អ៊ី​ន​ក្នុង​តែ​បៃតង ប៉ុន្តែ​ប្រព័ន្ធ​រំលាយ​អាហារ​ក៏​ដូចគ្នា​។ លើសពីនេះទៅទៀត​តែ​បៃតង​មាន​លក្ខណៈ​បន្ទន់​លាមក​ដែល​ធ្វើឱ្យ​រាវ​និង​ងាយ​បញ្ចេញ​។ អា​ការៈឈឺ​ក្នុង​ពោះ​ក៏​អាច​កើតមានឡើង​សម្រាប់​អ្នក​ដែល​មិនអាច​គ្រប់គ្រង​ការទទួល​ទាន​តែ​បៃតង​ច្រើនពេក​ផងដែរ​។​
 
៤. ចង្វាក់បេះដូង​លោត​ញាប់ និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់​
 
​អាកា​រៈបេះ​ដូង​លោត​ញាប់​និង​សម្ពាធ​ឈាម​ឡើង​ខ្ពស់ គឺ​ងាយ​នឹង​កើតឡើង​ណាស់​ប្រសិនបើ​អ្នកទទួល​ទាន​តែ​បៃតង​ច្រើន​ពែង​ក្នុង​មួយថ្ងៃ​ដែលជា​លទ្ធផល​នៃ​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើនពេក​។ ម្យ៉ាងវិញទៀត​ប្រសិនបើ​អ្នក​កំពុងមាន​បញ្ហា​ណាមួយ​ទាក់ទង​នឹង​បេះដូង​ស្រាប់​នោះ​ការទទួល​ទាន​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​អាច​បណ្ដាលឱ្យ​អាកា​រៈ​នៃ​ជំងឺ​កាន់តែ​ធ្ងន់ធ្ងរ​។ អ្នក​គួរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ​ថា​តើ​អ្នក​អាច​ទទួលទាន​តែ​បៃតង​បាន​ប៉ុន្មាន​ពែង​ក្នុង​មួយថ្ងៃ​ប្រសិនបើ​អ្នកមាន​ជំងឺ​លើស​សម្ពាធ​ឈាម ជំងឺ​ស​សៃ​ឈាម​បេះដូង ឬ​បញ្ហា​សុខភាព​ណាមួយ​ផ្សេងទៀត​។​
 
៥. ស្លេកស្លាំង អស់កម្លាំង និង​ភាព​ខ្លី​នៃ​ដង្ហើម​
 
​អ្នក​ក៏​អាច​ប្រឈមមុខ​នឹង​ហានិភ័យ​នៃ​ជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​កង្វះ​ជាតិ​ដែក​ផងដែរ​ប្រសិនបើ​ទទួលទាន​តែ​បៃតង​ច្រើនពេក​ក្នុង​មួយថ្ងៃៗ​។ អ្នកជំងឺ​ខ្វះ​គ្រាប់​ឈាមក្រហម ឬ​អ្នក​ដែល​កំពុង​ប្រឈមមុខ​ខ្ពស់​នឹង​ហានិភ័យ​នៃ​ជំងឺ​នេះ​គួរ​ចៀសវាង​ទទួលទាន​តែ​បៃ​ង​។ នេះ​ក៏​ព្រោះតែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​តែ​បៃតង​មាន​ផ្ទុក​អាច​រារាំង​ការ​ស្រូបយក​ជាតិ​ដែក​ដែល​ចាំបាច់​សម្រាប់​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។ រោគសញ្ញា​និង​អាកា​រៈ​មួយចំនួន​នៃ​បញ្ហា​ខ្វះ​គ្រាប់​ឈាមក្រហម​ដោយ​កង្វះ​ជាតិ​ដែក​រួមបញ្ចូល​ទាំងអស់​កម្លាំង វិលមុខ ស្បែក​ស្លេកស្លាំង ត្រជាក់​ដៃ​និង​ជើង ឈឺទ្រូង ភាព​ខ្លី​នៃ​ដង្ហើម និង​ចង្វាក់បេះដូង​លោត​លឿន​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com