លោក ត្រាំ ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ពីរ​បី​ថ្ងៃ ក្រោយ​ឆ្លង COVID-19 តែ​បន្ត​ដឹកនាំ​អាមេរិក​ដដែល​
COVID-19
អន្តរជាតិ
លោក ត្រាំ ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​ពីរ​បី​ថ្ងៃ ក្រោយ​ឆ្លង COVID-19 តែ​បន្ត​ដឹកនាំ​អាមេរិក​ដដែល​
03, Oct 2020 , 11:05 am        
រូបភាព
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​២ ខែតុលា បាន​ទៅ​សម្រាក​នៅ​មន្ទីរពេទ្យ​យោធា​មួយកន្លែង​ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន ប៉ុន្មាន​ម៉ោង​ក្រោយ​លទ្ធផល​ធ្វើតេស្ត​បង្ហាញថា លោក និង​ភរិយា​មាន​ជំងឺ COVID-19 ។ ព័ត៌មាន​នេះ បង្ក​ការភ្ញាក់ផ្អើល​ខ្លាំង ហើយ​មេដឹកនាំ​បរទេស​ជាច្រើន​រាប់ទាំង​លោក គីម ជុង​អ៊ុន ប្រមុខ​ដឹកនាំ​កំពូល​កូរ៉េខាងជើង បាន​ផ្ញើ​សារ​ជូនពរ​ឲ្យ​លោក​ឆាប់​សះស្បើយ​។ ក្នុងករណី​លោក ត្រាំ មិនអាច​បំពេញការងា​របា​ន អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន នឹង​កាន់កាប់​ការងារ​ជំនួស​សិន​។​

 
​ក្រោយ​ប្រកាស​ព័ត៌មាន​នៃ​ការឆ្លង​ជំងឺ COVID-19 ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ ក៏បាន​បង្ហាញ​មុខជា​សាធារណៈ​ជា​លើកដំបូង​នៅ​ថ្ងៃទី​២ ខែតុលា​។ មិនមែនជា​កម្មវិធី​សន្និសីទ​សារព័ត៌មាន ឬ​ជំនួប​អ្វី​ឡើយ គឺ​លោក ត្រាំ បាន​ចាក​ចេញពី​សេត​វិមាន​តាម​ឧទ្ធម្ភាគចក្រ Marine One ទៅកាន់​មន្ទីរពេទ្យ​យោធា Water Reed ដែល​នៅក្បែរ​ទីក្រុង​វ៉ាស៊ីនតោន​ដើម្បី​ទទួល​ការព្យាបាល និង​តាមដាន​សភាព​ជំងឺ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​។​
 
 
​លោក ត្រាំ ដែល​ពាក់​ម៉ាស់​ផង​នោះ មិនបាន​និយាយ​អ្វី​ឡើយ ដោយ​គ្រាន់តែ​លើក​មេដៃ​ប៉ុណ្ណោះ ដែល​នេះ​ទំនងជា​សញ្ញា​ថា លោក​មិនមាន​បញ្ហា​ធ្ងន់ធ្ងរ​ឡើយ​។ ក្នុង​សារ​វីដេអូ​លើ Twitter លោក​ប្រធានាធិបតី​អាមេរិក​បាន​អរគុណ​ចំពោះ​សារ​ជូនពរ ហើយ​លោក​គិតថា លោក​មិនមាន​បញ្ហា​អ្វី​ឡើយ ហើយ​អ្វីៗ​នឹង​ត្រូវបាន​ដោះស្រាយ​។ លោក​ក៏​បន្ថែមថា លោកស្រី មេ​ឡា​នី ត្រាំ ក៏មាន​សុខភាព​ល្អជា​ធម្មតា​ដែរ​។ 
 
​បើតាម​ការប្រកាស​រប​ស់​សេត​វិមាន លោក ត្រាំ នឹង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន​ពីរ​បី​ថ្ងៃ ដើម្បី​ជាការ​បង្ការ​ទុក​មុន​។ លើសពីនោះ លោក​ក៏​នឹង​បន្ត​បំពេញការងារ​ពី​បន្ទប់​ពិសេស​របស់​ប្រធានាធិបតី​ដែល​នឹង​អនុញ្ញាត​ឲ្យ​លោក​បន្ត​កិច្ចការ​នានា​ទៀត​។ អ្នកនាំពាក្យ​សេត​វិមាន Kayleigh McEnany លើកឡើងថា លោក ត្រូវបាន​ណែនាំ​ដោយ​គ្រូពេទ្យ​របស់លោក​ផ្ទាល់ និង​អ្នកជំនាញ​សុខាភិបាល​។ ភ្លាមៗ​ក្រោយ​ចេញ​លទ្ធផល​មាន COVID-19 លោក​ក៏​ទទួលបាន​ការចាក់​ថ្នាំ​ផងដែរ​។​
 
​សារ​ជូនពរ ត្រូវបាន​ផ្ញើជូន​លោក ត្រាំ និង​ស្ត្រី​ទីមួយ​ជា​បន្តបន្ទាប់​។ ក្រៅពី​សម្ព័ន្ធមិត្ត​សំខាន់ៗ​របស់​អាមេរិក អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏បាន​ជូនពរ​លោក ត្រាំ ដែរ​។ បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA លោក គីម សង្ឃឹមថា ប្រធានាធិបតី​អាមេរិក និង​ភរិយា នឹង​ឆាប់​សះស្បើយ​ពី​ជំងឺ​នេះ​។​
 
​ដ្បិត​លោក ត្រាំ ត្រូវបាន​មើលឃើញថា មាន​សុខ​ភាពល្អ ហើយ​ស្ថានភាព COVID-19 នៅ​កម្រិត​ស្រាល​ក្ដី អ្វីដែល​គេ​បារម្ភ​នោះ គឺ​លោក ត្រាំ ស្ថិតក្នុង​ក្រុម​អាយុ​៧០​ឆ្នាំ ដែល​ប្រឈមមុខ​ហានិភ័យ​ខ្ពស់​។ ប៉ុន្តែ​ជា​ប្រធានាធិបតី​អាមេរិក លោក ត្រាំ នឹង​ទទួលបាន​ការព្យាបាល​ពិសេស​ជាងគេ​មិន​ខាន​។ 
 
​បើសិន​លោក ត្រាំ មិនអាច​បំពេញការងា​រ​ជា​ប្រធានាធិបតី​បាន​ក្នុង​ពេលនេះ អនុ​ប្រធានាធិបតី ម៉ៃ ផេ​ន នឹង​ដឹកនាំ​អាមេរិក​សិន​។ ប៉ុន្តែ​ជំនួយការ​ផ្នែក​គមនាគមន៍​របស់លោក ត្រាំ អះអាងថា លោក ត្រាំ មិនទាន់បាន​ផ្ទេរអំណាច​ឲ្យ​លោក ផេ​ន ឡើយ ដោយ​លោក​បន្តកាន់កាប់​តំណែង​ដដែល​៕ 
 
 

Tag:
 ​អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com