កីឡាជាតិ
ជាតិ
លោក ជា សែន​វិស្សុត ជឿថា សូ​ហ្វ​តិ​ន្នី​សនឹង​អាច​ដណ្តើម​មេដាយ​ជូន​ជាតិ បើ​មាន​ក្នុង​ស៊ី​ហ្គេម​នៅ​វៀតណាម​
03, Oct 2020 , 11:59 am        
រូបភាព
សកម្មភាពប្រកួត និងហ្វឹកហាត់របស់កីឡាករកីឡាការិនីសូហ្វតិន្នីស កាលពីពេលកន្លងទៅ
សកម្មភាពប្រកួត និងហ្វឹកហាត់របស់កីឡាករកីឡាការិនីសូហ្វតិន្នីស កាលពីពេលកន្លងទៅ
ដោយ:
​បើ​ពុំមាន​ការប្រែប្រួល​ទេ វៀតណាម​នឹងធ្វើ​ជា​ម្ចាស់ផ្ទះ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​អំឡុង​ខែវិច្ឆិកា ឆ្នាំ​២០២១​។ ម្ចាស់ផ្ទះ​វៀតណាម បានសម្រេច​ជា​ឯកតោភាគី ដោយ​គ្រោង​ដាក់​កីឡា​៣៦​ប្រភេទ​ឲ្យ​ចូលរួម​ប្រកួតប្រជែង​។ ថ្នាក់ដឹកនាំ​សហព័ន្ធ​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ចំពោះ​កីឡា​សូ​ហ្វ​តិ​ន្នី​ស ក្នុងការ​ដណ្តើម​មេដាយ​ជូន​ជាតិ ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​នៅ​វៀតណាម​។ ប៉ុន្តែ​បច្ចុប្បន្ន​កីឡា​នេះ​ពុំទាន់​មាន​ក្នុង​បញ្ជី​បឋម​របស់​វៀតណាម​នៅឡើយ​ទេ​។

 
​លោក ជា សែន​វិស្សុត អគ្គលេខាធិការ​នៃ​សហព័ន្ធ​កីឡា​សូ​ហ្វ​តិ​ន្នី​ស​កម្ពុជា បានបង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​លើ​សមត្ថភាព​កីឡាករ​ខ្លួន​ក្នុងការ​មេដាយ​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​ជូន​ជាតិ​។ លោក ជឿជាក់ថា កីឡាករ​កីឡាការិនី​សូ​ហ្វ​តិ​ន្នី​ស នឹង​អាច​ស្វែងរក​មេដាយ​ជូន​ជាតិ​មាតុភូមិ បើ​វៀតណាម​ដាក់​កីឡា​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម ដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២១​។ តែ​លោក មិនបាន​បញ្ជាក់​មេដាយ​ណាមួយ​នោះទេ​។ 
 
 
​កត្តា​ដែល​ធ្វើ​ឲ្យ​លោក​មាន​ជំនឿ​ចិត្ត​បែបនេះ ដោយសារ​ក្រុម​អត្ត​ព​លិ​ក​កីឡា​សូ​ហ្វ​តិ​ន្នី​ស ធ្នាប់​ដណ្តើមបាន​មេដាយ​សំរឹទ្ធ​ជូន​ជាតិ​ម្តង​រួចមកហើយ ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣០​នៅ​ប្រទេស​ហ្វីលីពីន​កាលពី​ឆ្នាំ​២០១៩ ដែល​ពួកគេ​បង្ហាញខ្លួន​ជា​លើកដំបូង​។ មេដាយ​សំរឹទ្ធ​ស៊ី​ហ្គេម​ទាំងពីរ​នោះ ពួកគេ​ដណ្តើមបាន​លើ​វិញ្ញាសា​វាយ​ជា​ក្រុម​បុរស និង​ឯកត្តជន​។  
 
​អគ្គលេខាធិការ​រូបនេះ​បានបញ្ជាក់​បន្ថែមថា ប្រសិនបើ​វិញ្ញាសា​សូ​ហ្វ​តិ​ន្នី​ស ត្រូវបាន​វៀតណាម ដាក់​ឲ្យ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះ សហព័ន្ធ នឹង​បញ្ជូន​កីឡាករ​កីឡាការិនី​ទៅ​ហ្វឹកហាត់​នៅតាម​បណ្តា​ប្រទេស​សក្តានុពល​លើ​ប្រភេទ​កីឡា​នេះ ឬ​អញ្ជើញ​គ្រូ​ប​ង្វឺ​ក​ពី​ប្រទេស​ទាំង​នោះមក​បង្វឹក​នៅ​កម្ពុជា​។ ប្រទេស​គោលដៅ​របស់​សហព័ន្ធ​នេះ រួមមាន​ជប៉ុន និង​កូរ៉េខាងត្បូង​។ 


លោក ជា សែនវិស្សុត (ឆ្វេង)ថតជាមួយសម្តេច ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិពេលសម្តេចចុះត្រួតពិនិត្យមើលទីលានហ្វឹកហាត់កីឡាសូហ្វតិន្នីស 

​បើតាម​លោក ជា សែន​វិស្សុត បច្ចុប្បន្ន​សហព័ន្ធ​កំពុង​ខិតខំ​ប្រឹងប្រែង​បញ្ចុះបញ្ចូល​ម្ចាស់ផ្ទះ​វៀតណាម ឲ្យ​ដាក់​កីឡា​នេះ​ក្នុងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ឆ្នាំ​២០២១​។ មិនមែន​មានតែ​កម្ពុជា​នោះទេ សូម្បី​ហ្វីលីពីន ឥណ្ឌូណេស៊ី ថៃ និង​ឡាវ ក៏បាន​ដាក់សំណើ​ទៅកាន់​ម្ចាស់ផ្ទះ​វៀតណាម និង​ក្រុមប្រឹក្សា​កីឡា​អាស៊ីអាគ្នេយ៍ ដើម្បី​សុំ​ដាក់​កីឡា​សូ​ហ្វ​តិ​ន្នី​ស​ក្នុង​ការប្រកួត​នេះ​ផងដែរ​។ 
 
​កាលពីពេល​កន្លងទៅ វៀតណាម បានសម្រេច​ជា​ឯកតោភាគី​ដោយ​សម្រេច​ដាក់​កីឡា​៣៦​ប្រភេទ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ ដែល​ពួកគេ​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​ឆ្នាំ​២០២១​។ ប៉ុន្តែ​ចំនួន​នេះ​អាចមាន​ការប្រែប្រួល ដ្បិត​ប្រទេស​ជា​សមាជិក​ទាំង​១០​ផ្សេងទៀត​រួមមាន​កម្ពុជា ថៃ ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហ​បុរី ព្រុយ​ណេ ឡាវ ម៉ាឡេស៊ី មី​យ៉ាន់​ម៉ា និង​ទី​ម័​រ​ខាងកើត មាន​សិទ្ធិ​ស្នើសុំ​ដាក់​ប្រភេទ​កីឡា ដែលជា​សក្តានុពល​រប​ស់​ខ្លួន​បន្ថែមទៀត​។ 
 
​តាម​គម្រោងការ​ប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ គ្រោង​ធ្វើឡើង​ចន្លោះ​ពីថ្ងៃ​ទី​២១ ខែវិច្ឆិកា ដល់​ថ្ងៃទី​២ ខែធ្នូ ឆ្នាំ​២០២១ នៅ​ទីក្រុង​ហាណូយ​ប្រទេស​វៀតណាម​៕    
 
  

Tag:
 សូ​ហ្វ​តិ​ន្នី​ស​
  ជា សែន​វិស្សុត​
  SEA Games 2021
© រក្សាសិទ្ធិដោយ thmeythmey.com