ជាតិ
បទយកការណ៍ / បទសម្ភាសន៍
មន្ត្រី​សង្ឃ បំផុសគំនិត​ឱ្យ​ពលរដ្ឋ​ងាក​មក​ដាំ​រុក្ខជាតិ​ប្រើប្រាស់​ប្រចាំថ្ងៃ
03, Oct 2020 , 7:29 pm        
រូបភាព
​សៀមរាប​៖ មន្ត្រី​សង្ឃ​នៅក្នុង​ខេត្តសៀមរាប បានចាប់ផ្តើម​បំផុស​ចលនា​ឱ្យមាន​ការដាំ​រុក្ខជាតិ​ហូប​ផ្លែ ដែល​បម្រើ​ប្រយោជន៍​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ខណៈដែល​រុក្ខជាតិ​នោះ​កំពុង​ប្រឈម​នឹង​ការបាត់បង់​។ រុក្ខជាតិ​ទាំងនោះ មាន​ដើម​ព្នៅ ជាដើម ដែលមាន​ប្រយោជន៍​ទាំង​ការបរិភោគ និង​ជា​ឱសថ​សម្រាប់​ព្យាបាល​រោគ​ដ៏​មាន​ប្រសិទ្ធភាព​។

 
​ព័ត៌មាន​ពិស្ដារ សូម​ស្ដាប់​បទ​យកការណ៍​ដែល​ជាការ​រៀបរៀង​ដោយ​អ្នកនាង អ៊ី​សា រ៉​ហា​នី ពី​ខេត្តសៀមរាប​ដូចតទៅ​




 
​ដើម​ព្នៅ ចំនួន​៨៤​ដើម ត្រូវបាន​នាំយកទៅ​ដាំ​ដំបូង​គេ​នៅ​បរិវេណ​ក​សិន្ធុ​អង្គរវត្ត ខណៈដែល​កន្លងមក​អាជ្ញាធរ​ដាំ​ប្រភេទ​ឈើប្រណិតៗ មាន​ដើម​ធ្នង់ បេង នាងនួន គ្រញូង​ជាដើម នៅ​បរិវេណ​ទីនោះ​។ ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៍ ព្រះមហា​វិមលធម្ម សិរី​សុ​វ​ណ្ណោ ពិន សែម បាន​ផ្តួចផ្តើម​ឱ្យមាន​ការដាំ​ដើម​ព្នៅ​នេះ​ឡើងវិញ និង​នៅ​តំបន់​ដែលមាន​ការការពារ​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា​។ 
 
​ថ្លែង​ក្នុង​ពិធី​ដាំ​កូនឈើ​នៅ​ចុងខែ​កញ្ញា កន្លងទៅ ព្រះមហា​វិមលធម្ម មាន​ព្រះបន្ទូល​ថា ព្រះអង្គ​ស្វែងយល់​ពី​សារប្រយោជន៍​នៃ​រុក្ខជាតិ​ព្នៅ​នេះ ថា​បាន​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​លើសលុប ទើប​ព្រះអង្គ​ខិតខំ​ស្រាវជ្រាវ​រក​ពូជ​ព្នៅ​ដែល​មានឱជារស​និង​នៅតាម​តំបន់​មួយចំនួន​ក្នុងប្រទេស ដើម្បី​យកមក​បណ្ដុះ និង​ដាំ​ឡើងវិញ​។ ព្រះអង្គ​បន្តថា ពូជ​ព្នៅ​ដែល​បាន​យកមក​ដាំ​នៅពេលនេះ គឺជា​ព្នៅ​អត់​ជ័រ និង​មានឱជារស​ឆ្ងាញ់ នាំយក​ពី​តំបន់​ស្រុក​ពួក ខេត្តសៀមរាប ខេត្តបន្ទាយមានជ័យ និង​ខេត្តបាត់ដំបង​។ 
 
​មន្ត្រី​សង្ឃ​អង្គ​នេះ​មានបន្ទូល​ទាក់ទង​នឹង​គុណប្រយោជន៍​នៃ​រុក្ខជាតិ​ព្នៅ យ៉ាង​ដូច្នេះ​ថា​៖​​«...​ក្នុង​ក្បួនតម្រា​បុរាណ​ដូនតា ឃើញថា​រុក្ខជាតិ​ព្នៅ​ទាក់ទង​ឳ​សថ​បុរាណ ដែល​ពេទ្យ​បុរាណ​អាច​ប្រើ​ជា​ថ្នាំ​ព្យាបាល​រោគ​បាន​ច្រើន​ប្រភេទ ធ្លាប់​ឃើញ​តាម​ក្បួនតម្រា​ថា​ជា​ថ្នាំ​ចម្រើន​អាយុ ជួយ​សរីរាង្គកាយ​បាន​ច្រើន ជួយ​ឱ្យមាន​កម្លាំង សាច់​សម្បុរ​ល្អ​...»​។​
 
​ទៅកាន់​ព្រះសង្ឃ ថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក​អាជ្ញាធរ​ជាតិ​អប្សរា​ប្រមាណ​៦០​អង្គ​/​នាក់ ព្រះមហា​វិមលធម្ម ពិន សែម មានបន្ទូល​ទៀតថា ព្នៅ​នេះ​ក៏មាន​ប្រវត្តិ​ពាក់ព័ន្ធ​នឹង​សាសនា​ព្រហ្ម​ណ៍​ផងដែរ ដោយ​គេ​យល់ថា ជា​រុក្ខជាតិ​របស់​ព្រះ​សិវៈ​។ ព្រះអង្គ​បន្ថែម​៖« ពីព្រោះ​នៅក្នុង​ស្លឹក​វា​មួយទង មាន​សន្លឹក​៣ វា​ដូចជា​លំពែង​ត្រីសូរ​របស់​ព្រះ​ឥសូរ ម្យ៉ាងទៀត​ដូច​ភ្នែក​របស់​ព្រះ​ឥសូរ​ដូច្នោះ​ដែរ​....​រហូតដល់​ព្រះរាជ​ពិធី​របស់​ព្រះមហាក្សត្រ (​ខ្មែរ​,​ថៃ​) ពេល​អភិសេក​ឡើងគ្រងរាជ្យសម្បត្តិ ឬ​ចម្រើន​ព្រះជន្ម គេ​តែង​យក​ស្លឹក​ព្នៅ​ទៅ​ថ្វាយ​ជីវ​ពរ​...»​។​
 
​មូលហេតុ​សំខាន់​ដែល​ព្រះចៅអធិការ​វត្ត​រាជ​បូ​ណ៍​នាំ​ដើម​ព្នៅ​មក​ដាំ​ក្នុង​តំបន់​អង្គរ ក្រៅពី​កិច្ចការ​អភិរក្ស និង​បំផុស​ឱ្យ​ពលរដ្ឋ​ដាំ​ឡើងវិញ​ហើយ​នោះ ក៏មាន​បំណង​ចង់ឱ្យ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ផងដែរ​។ ព្រះមហា​វិមលធម្ម ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖« អាត្មា​ចង់​លើកស្ទួយ​កិ​តិ្ដ​យស​រុក្ខជាតិ​ព្នៅ​មានតម្លៃ មាន​កម្ពស់​ឡើង វា​ជា​រុក្ខជាតិ​របស់​ព្រះ​សី​វៈ ហើយ​ផ្សំ​ជា​ឳ​សថ​ជា​ថ្នាំ​សម្រាប់​ព្យាបាល​រោគ​មនុស្ស​...​សំខាន់​ម្យ៉ាងទៀត ខែ​វា​ផ្កា វា​ចោល​ក្លិនក្រអូប​ជិត​មួយខែ យកមក​ដាំ​នេះ​ឱ្យបាន​ច្រើន​មុខ​អង្គរ សម្រាប់​ចោល​ក្លិន​ដល់​ទេសចរ​...»​។​
 
​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លោក ហង់ ពៅ បាន​ស្វាគមន៍​ចំពោះ​គម្រោង​ដាំ​ដើម​ព្នៅ​នៅ​តំបន់​អង្គរ​។ លោក​បន្ថែមថា អាជ្ញាធរ​ជាតិ​អប្សរា​បានគិត​គូរ​ពី​ការដាំ​ដើមឈើ​ឡើងវិញ​ក្នុង​តំបន់​អង្គរ​ចាប់ពី​ឆ្នាំ​២០០៤​មក ក្នុងនោះ​ក៏មាន​គម្រោង​រៀបចំ​ជា​ចម្ការ​ព្នៅ​មួយកន្លែង​ដែល​ស្ថិតនៅ​បរិវេណ​ខាងជើង​នៃ​ក្រុង​អង្គរធំ ក្នុងន័យ​ដើម្បី​អភិរក្ស​ពូជ​ដើម​ព្នៅ​ក្នុងប្រទេស​កម្ពុជា ទុកឱ្យ​អ្នកជំនាន់ក្រោយ​បាន​ស្គាល់ និង​បម្រើ​ប្រយោជន៍​ដល់​ប្រជាពលរដ្ឋ​។ 
 
​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា ពន្យល់​បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖« នៅ​តំបន់​អង្គរ​យើង​នេះ ជា​បេតិកភណ្ឌ​ពិភពលោក ហើយ​ទន្ទឹម​នោះ​វា​មាន​ប្រាសាទ ពលរដ្ឋ ធម្មជាតិ​...​ធនធានធម្មជាតិ​សំដៅ​ទាំងអស់​ពិសេស​តំបន់​អង្គរ​មាន​ប្រភេទ​ដើមឈើ​រហូត ១៨៣​ប្រភេទ ចាត់ថ្នាក់​ក្នុង​៦៣​គ្រួសារ​នៃ​ដើម បំណង​របស់​អប្សរា​ធ្វើយ៉ាងណា​ឱ្យ​តំបន់​យើង​នៅតែ​ជា​កន្លែង​សម្បូរបែប​ធនធានធម្មជាតិ​»​។​


 
​ក្រៅពី​បង្ហាញ​ការយកចិត្តទុកដាក់​លើ​កិច្ចការ​អភិរក្ស និង​ដាំ​ដើមឈើ​ឡើងវិញ​ក្នុង​តំបន់​អង្គរ ក្នុងនោះ​អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា លើកឡើងថា ស្ថាប័ន​លោក​ក៏បាន​គិតគូរ​ដាំ​ដុះ​ឡើងវិញ​ប្រភេទ​ដើមឈើ​ហូប​ផ្លែ និង​ដើមឈើ​ព្រៃ​ហូប​ផ្លែ​វិញ​ផងដែរ ដ្បិត​ដើមឈើ​មួយចំនួន​កំពុង​ប្រឈម​នឹង​ការបាត់បង់ ដោយសារ​គ្មាន​អ្នក​ដាំ​ឡើងវិញ​។ លោក ហង់ ពៅ ពន្យល់​យ៉ាង​ដូច្នេះ​ថា​៖«...​រាល់ថ្ងៃ​យើង​មិនសូវ​ចាប់អារម្មណ៍ គឺ​ស្វាយ​មាន​លក់​គ្រប់​រដូវ តែ​ស្វាយ​របស់​យើង​ចាស់ៗ​ពីមុន នឹង​បាត់អស់​មាន ពុំសែន ក្បាលដំរី ស្វាយ​ហួត (​នៅមាន​ខ្លះ​) ស្វាយ​មួយចំនួនទៀត​លែង​ស្គាល់ តែ​ស្គាល់​ច្បាស់​ស្វាយកែវ​រមៀត ដោយសារ​កន្លែង​ណា​ក៏មាន​លក់ និង​ងាយស្រួល​ដាំ មិនមែន​មានន័យថា ស្វាយ​ទាំងអស់​ពិបាក​ដាំ​ទេ តែ​រសជាតិ​មិន​ចូលចិត្ត តែ​វា​ជា​ផ្នែក​មួយ​ដែល​បង្ហាញ​ពី​ភាពសម្បូរ​បែប​នៃ​ផ្លែឈើ​នៅ​ស្រុក​ខ្មែរ​យើង​...​ក៏​ជា​ចំណែក​ទាក់ទាញ​ទេសចរ​ផងដែរ ដែល​យើង​ប្រើ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​របស់​ខ្មែរ​...»​។​
 
​ក្រៅពី​បំផុស​ចលនា​ឱ្យដាំ​ដើម​ព្នៅ ដែល​ព្រះមហា​វិមលធម្ម ពិន សែម យល់ថា​មាន​សារប្រយោជន៍​ច្រើនយ៉ាង​សម្រាប់​ការរស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​ហើយ​នោះ ព្រះអង្គ​ក៏​ហាក់​នឹក​ស្ដាយ និង​ចង់ឱ្យមាន​ការគិតគូរ​ពី​រុក្ខជាតិ​មួយចំនួន ដូចជា​ក្រសាំង ស្នៅ និង​អំពិល ដែល​ព្រះអង្គ​យល់ថា មាន​អ្នក​បរិភោគ​រាល់ថ្ងៃ តែ​ពលរដ្ឋ​ខ្មែរ​ហាក់​ភ្លេច និង​មិនសូវ​នឹកនា​ដាំ​ឡើងវិញ​ទេ​៕
 
 

Tag:
 រុក្ខជាតិ​ខ្មែរ​
  ព្នៅ
  ក្រសាំង​
  ស្ដៅ​
  អំពិល​
© រក្សាសិទ្ធិដោយ thmeythmey.com