ជាតិ
កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់លោក ហោង ទ្រី បាន​ចូលរួមចំណែក​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ជាច្រើន​តោន​ពី​បរទេស​
03, Oct 2020 , 4:59 pm        
រូបភាព
 រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រូបភាពពីហ្វេសប៊ុកលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
​កសិដ្ឋាន​ចិញ្ចឹម​ត្រី​មួយ​ស្ថិតក្នុង ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្ដាល បាន​ចូលរួមចំណែក​យ៉ាងច្រើន​ក្នុងការ​កាត់បន្ថយ​ការនាំ​ចូល​ត្រី​ពី​បរទេស​។ បើក​ដំណើរការ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ  លោក ហោង ទ្រី ដែលជា​ម្ចាស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ បាន​ឲ្យ​ដឹងថា លោក​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​១០ ដែល​ក្នុងនោះ​មាន​ស្រះ​ធំៗ​ចំនួន​៦​។ ដោយសារ​លោក​មាន​ពិសោធន៍ និង​បច្ចេកទេស​ចិញ្ចឹម​ត្រឹមត្រូវ លោក​អាច​ប្រមូល​ផល​ត្រី​ចិញ្ចឹម​ទាំងនោះ​នៅក្នុង​រយៈពេល​៨​ខែ​។ លោក ហោង ទ្រី បញ្ជាក់ថា ស្រះ​ត្រី​ធំ អាច​ផ្តល់​ផល​ត្រី​ពី​៦៥-៧០​តោន នៅក្នុង​មួយ​ស្រះ និង​អាច​លក់បាន​ចន្លោះ​ពី​១០​ទៅ​១៥​ម៉ឺន​ដុល្លារ​។ ដ្បិត​តែមាន​ចំណូល​ច្រើន តែ​លោក ហោង ទ្រី មិនបាន​បញ្ជាក់​ពី​ទំហំ​ចំណាយ ឬ​ប្រាក់ចំណេញ​/​ខាត​ប៉ុន្មាន ពី​ការចិញ្ចឹម​ត្រី​នេះ​ទេ​។​

 
​លោក ហោង ទ្រី ជា​អ្នក​ចិញ្ចឹម​ត្រី​នៅក្នុង​ឃុំ​ក្អម​សំណរ ស្រុក​លើកដែក ខេត្តកណ្តាល​។ តាម​គណនី​ហ្វេ​ស​ប៊ុ​ក​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក ហោង ទ្រី បានចាប់ផ្តើម​ចិញ្ចឹម​ត្រី​ត្រី​ប្រា ត្រី​ឆ្ដោ និង​ត្រី​សណ្ដាយ រួមទាំង​កូន​ត្រី​ពូជ​ប្រមាណ​១០​ឆ្នាំ​ហើយ​។ បច្ចុប្បន្ន លោក​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​១០ ដែល​ក្នុងនោះ​ស្រះ​ចំនួន​៦ មាន​ទំហំ ៨០​ម៉ែត្រ គុណ​នឹង​៩០​ម៉ែត្រ ហើយ​ស្រះ​នីមួយៗ​អាចដាក់​កូន​ត្រី​បាន​ជាង​១០​ម៉ឺន​ក្បាល​។ ចំណែក​ស្រះ​៤​ទៀត មាន​ទំហំ ៤៥​ម៉ែត្រ គុណ​នឹង​៧០​ម៉ែត្រ ដែល​អាចដាក់​ពូជ​កូន​ត្រី ជាង​៥​ម៉ឺន​ក្បាល​ក្នុង​ស្រះ​នីមួយៗ​។​


 
​លោក វេ​ង សាខុន បាន​ឲ្យ​ដឹង​តាមរយៈ​គណនី​ហ្វេ​ស​ប៊ុ​កដ​ដែលថា ត្រី​ចិញ្ចឹម​ក្នុង​កសិដ្ឋាន​របស់លោក អាច​ហុច​ផល​នៅក្នុង​រយៈពេល​ចិញ្ចឹម​៨​ខែ ដោយសារតែ​កសិករ​រូបនេះ បាន​អនុវត្តតាម​គោលការណ៍​បច្ចេកទេស​ចិញ្ចឹម​ត្រី ដូចជា​ការផ្តល់​ចំណី ការសម្អាត​ស្រះ ការគ្រប់គ្រង ប្រើប្រាស់ ការសម្អាត​ទឹក​បូករួម​ជាមួយ​ពូជ​ត្រី​ល្អជា​ដើម​។ 
 
​នាឱកាស​ដែល លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម ចុះទៅពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​របស់ខ្លួន កសិករ​រូបនេះ បាន​ជម្រាប​ទៅ​លោក វេ​ង សាខុន​ថា ក្នុងពេល​ប្រមូល​ផល​ម្តងៗ ស្រះ​ធំ អាច​ផ្តល់​ផល​ត្រី ពី​៦៥-៧០​តោន ដែល​អាច​លក់បាន​ប្រាក់ ចន្លោះ​ពី​១០ ទៅ ១៥​ម៉ឺន​ដុល្លារ​។ ដ្បិត​បង្ហើប​ប្រាប់​ចំណូល​រាប់ម៉ឺន​ដុល្លារ​ប្រចាំឆ្នាំ ប៉ុន្តែ​លោក ហោង ទ្រី មិនបាន​បញ្ជាក់​ពី​ប្រាក់ចំណេញ ឬ​ខាត ពី​របរ​មួយ​នេះឡើយ​។​


 
​ទោះជា​យ៉ាងណាក៏ដោយ នាឱកាស​ត្រួតពិនិត្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នោះ រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​លោក វេ​ង សាខុន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​ការចាប់យក​របរ​ចិញ្ចឹម​ត្រី​របស់​កសិករ​រូបនេះ​។ លោក វេ​ង សាខុន បាន​បន្តថា កសិដ្ឋាន​នេះ បាន​ចូលរួមចំណែក​បំពេញ​សេចក្តីត្រូវការ​ទីផ្សារ​ក្នុងស្រុក និង​កាត់បន្ថយ​ការនាំ​ចូល​។ បើទោះជា​តម្រូវការ​ទីផ្សារ និង​តម្លៃ​មានការ​ធ្លាក់ចុះ​បន្តិច​ក្តី​។ ទន្ទឹមនឹងនេះ លោក​រដ្ឋមន្ត្រី​ក៏បាន​អំពាវនាវ​ឲ្យ​វិនិយោគិន​ក្នុងស្រុក ងាក​មក​វិនិយោគ​ក្នុង​វិស័យ​កសិកម្ម​នេះ​ឲ្យ​បាន​ច្រើន​ផងដែរ​៕
 

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចុះត្រួតពិនិត្យកសិដ្ឋានចិញ្ចឹមត្រីរបស់លោក ហោង ទ្រី 

Tag:
 ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​
  កសិកម្ម​
  កណ្ដាល​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com