កីឡាជាតិ
ជាតិ
លោក ស សុខា នឹង​សាងសង់​អគារ​ស្នាក់នៅ​ថ្មី ឲ្យ​អត្ត​ព​លិ​ក​ពិការ
03, Oct 2020 , 3:59 pm        
រូបភាព
លោក ស សុខា ថ្លែងក្នុងពិធីបិទការប្រកួតជើងឯកបាល់ទះអង្គុយជនពិការ
លោក ស សុខា ថ្លែងក្នុងពិធីបិទការប្រកួតជើងឯកបាល់ទះអង្គុយជនពិការ
ដោយ:
​លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ប្រកាស​ផ្តល់​អគារ​ស្នាក់នៅ​មួយ​ខ្នង​ដល់​អត្ត​ព​លិ​ក​ជនពិការ ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​ក្នុងអំឡុងពេល​ប្រមូលផ្តុំ​ហ្វឹកហាត់​។ ការប្រកាស​ផ្តល់​អគារ​នេះ ធ្វើឡើង​ពេល​លោក ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​កីឡាបាល់ទះ​អង្គុយ​ជនពិការ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។

 
​កន្លែង​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​ជនពិការ ដែល​ប្រក់​ស័ង្កសី​បិទបាំង​ដោយ​ក្តារ​កុង​ផ្លា​កេ និង​ស័ង្កសី​ចាស់ៗ​នៅ​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​តេ​ជោ​សែន នឹង​ប្រែ​មុខមាត់​នៅ​ជា​អគារ​ធ្វើ​ពី​ថ្ម​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។ ការផ្លាស់ប្តូរ​មុខមាត់​នេះ ធ្វើឡើង​ក្រោយ លោក ស សុខា រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា ប្រកាស​ជួយ​សាងសង់​អគារ​ស្នាក់នៅ​ជូន​អត្ត​ព​លិ​ក​ជនពិការ​។ 
 
​ការប្រកាស​ជួយ​សាងសង់​អគារ​ស្នាក់នៅ​សម្រាប់​អត្ត​ព​លិ​ក​ជនពិការ​នេះ ធ្វើឡើង​ក្រោយ លោក ឃើញ​កន្លែង​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក​ជន​ការ​មាន​សភាព​តូចចង្អៀត ខ្វះ​អនាម័យ និង​ចាស់​រិច​រិល​ទាំង​ដំបូល​និង​ជញ្ជាំង ហើយ​ការសាងសង់​គ្មាន​ស្តង់ដា​ត្រឹមត្រូវ​។ បើតាម​លោក យី វាសនា អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​ប៉ា​រ៉ា​ឡាំ​ពិ​ក​កម្ពុជា អគារ​ដ៏​តូចចង្អៀត​ខាងលើ​មាន​កីឡាករ​ស្នាក់នៅ​ប្រមាណ​២០​នាក់​។ 
 
​តែ​យ៉ាងណា រដ្ឋលេខាធិការ​រូបនេះ មិនបាន​បញ្ជាក់​លម្អិត​ពី​អគារ​នោះ​ថា មាន​កម្ពស់ និង​ប៉ុន្មាន​បន្ទប់​នោះទេ គ្រាន់តែ​ថា លោក​នឹង​ជួយ​សាងសង់​អគារ​ស្នាក់នៅ​ដ៏​សមរម្យ​មួយ​។ 
 
«​ដើម្បី​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ​របស់​អត្ត​ព​លិ​ក ដែល​ហាត់​នៅទីនេះ​(​មជ្ឈមណ្ឌល​ជាតិ​ជនពិការ​តេ​ជោ​សែន​)​ក្នុងនាម​ឯកឧត្តម​បណ្ឌិតសភា​ចា​រ្យ ហង់​ជួន ណា​រ៉ុ​ន ក៏ដូចជា​ខ្លួន​ខ្ញុំ​ផ្ទាល់ និង​ក្រុមការងារ នឹង​រៀបចំ​កូន​អគារ​តូច​មួយ​សមរម្យ​ជូន​ដល់​កីឡាករ​កីឡាការិនី​យើង​ស្នាក់នៅ​»​។ នេះ​ជាការ​លើកឡើង​របស់លោក ស សុខា​។  
 
​លោក​បាន​បន្ថែមថា​៖«​មុនដំបូង​ខ្ញុំ​អត់​ដឹង​ទេ ខ្ញុំ​សូម​និយាយ​ត្រង់ ដំបូង​នៅខាងមុខ​នេះ​(​អគារ​ស្នាក់​របស់​អត្ត​ព​លិ​ក​ជនពិការ​)​ខ្ញុំ​ស្មានថា​ជាឃ្លាំង ផ្ទះ​ដែលមាន​ស័ង្កសី និង​ឈើ​ពីមុខ​នេះ​។ ពេល​សួរ​គាត់​(​លោក យី វាសនា​)​ទៅ លោក​ថា មាន​កីឡាករ​កីឡាការិនី​រប​ស់​យើង​ស្នាក់នៅ​ក្នុង​ហ្នឹង តែដោយសារ​កូ​វីដ​យើង​បាន​ឲ្យ​គាត់​ត្រឡប់​ទៅវិញ​ខ្លះ តែ​មិន​ក្រោម​ជាង​២០​នាក់​នោះទេ​»​។ 
 
​ការប្រកាស​ផ្តល់​អគារ​នេះ ធ្វើឡើង​ពេល លោក ធ្វើជា​អធិបតី​ក្នុង​ពិធី​បិទ​ការប្រកួត​ជើងឯក​កីឡាបាល់ទះ​អង្គុយ​ជនពិការ កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២០​។ បើតាម​លោក យី វាសនា ការប្រកួត​ជើងឯក​បាល់ទះ​អង្គុយ​ជនពិការ​ឆ្នាំនេះ មាន​ក្រុម​ចំនួន​៦​បាន​ចុះឈ្មោះ​ចូលរួម តែ​ពីរបាន​ដកខ្លួន​វិញ ដោយសារ​ខ្វះ​ថវិកា​ក្នុងការ​ធ្វើដំណើរ​។ 
 

លោក យី វាសនា អគ្គលេខាធិការនៃគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា, រូបភាពពី Cambodia SEA Games 2023 

​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​ចន្លោះ​ពីថ្ងៃ​ទី​២៥-២៩ ខែកញ្ញា នៅ​ទីលាន​បាល់ទះ​អង្គុយ​ក្នុង​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេ​ជោ​សែន ក្រុម​តេ​ជៈ សន្តិភាព​ទទួលបាន​ចំណាត់ថ្នាក់​លេខ​១ រីឯ​ត្នោត​ជ័យ​កំពង់ស្ពឺ​បាន​លេខ​២ ខណៈ​ក្រុម​ម្ចាស់ផ្ទះ​មជ្ឈមណ្ឌល​ជាតិ​នៃ​ជនពិការ​តេ​ជោ​សែន ទទួលបាន​ចំណាត់ថ្នាក់​លេខ​៣​។ លោក ស សុខា បាន​ឧបត្ថម្ភ​ក្រុម​នីមួយៗ​ដែល​ចូលរួម​ការប្រកួត​នៅ​ឆ្នាំនេះ​ចំនួន​២០០​ដុល្លារ និង​គណៈកម្មការ​រៀប​ចំការ​ប្រកួត​ចំនួន​៤០០​ដុល្លារ​៕  






 
 

Tag:
 ស សុខា​
  យី វាសនា​
  ប៉ា​រ៉ា​ឡាំ​ពិ​ក
© រក្សាសិទ្ធិដោយ thmeythmey.com