COVID-19
អន្តរជាតិ
លោក ត្រាំ ថា លោក​មាន​សុខភាព​ប្រសើរ និង​សង្ឃឹម​ចេញពី​មន្ទីរពេទ្យ​ឆាប់ៗ​
04, Oct 2020 , 10:39 am        
រូបភាព
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ថ្លែងសារពីមន្ទីរពេទ្យ Water Reed ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះលើ Facebook លោក ត្រាំ
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ​ ថ្លែងសារពីមន្ទីរពេទ្យ Water Reed ។ រូបភាពកាត់ចេញពីវីដេអូបង្ហោះលើ Facebook លោក ត្រាំ
​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ នៅ​ថ្ងៃទី​៣ ខែតុលា អះអាងថា សុខភាព​របស់លោក​បាន​ប្រសើរឡើង​ច្រើន​ហើយ និង​សង្ឃឹមថា អាច​ចេញពី​មន្ទីរពេទ្យ​នៅពេល​ឆាប់ៗ​ខាងមុខ​។ បច្ចុប្បន្ន លោក ត្រាំ សម្រាក​ព្យាបាល​ជំងឺ COVID-19 ក្នុង​មន្ទីរពេទ្យ​យោធា Walter Reed ក្បែរ​រដ្ឋធានី​វ៉ាស៊ីនតោន​។ ការអះអាង​របស់លោក ត្រាំ ធ្វើឡើង​ក្រោយ​មន្ត្រី​សេត​វិមាន​ផ្ដល់ព័ត៌មាន​ច្របូកច្របល់​ទាក់ទង​ស្ថានភាព​ជំងឺ​ប្រធានាធិបតី​។​

 
​ពី​បន្ទប់​សម្រាក​ក្នុង​មន្ទីរពេទ្យ​យោធា Walter Reed លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ បានចេញ​សារ​មួយ ដោយបាន​អះអាង​ភាពប្រសើរឡើង​នៃ​សុខភាព​របស់លោក ខណៈ​ទឹកមុខ​របស់លោក​មិនសូវ​ស្រស់បស់​ឡើយ​ប៉ុន្មាន​ឡើយ​។ ក្នុង​សារ​៤​នាទី​បង្ហោះ​លើ Twitter លោក ត្រាំ អះអាងថា លោក​មាន​អារម្មណ៍​ធូរស្រាល​ហើយ គឺ​ខុសពី​ពេល​លោក​ចាក​ចេញពី​សេត​វិមាន​ដែល​ពេលនោះ​លោក​មិន​ស្រួលខ្លួន​ឡើយ​។ លោក​ថែមទាំង​អះអាងថា ប៉ុន្មាន​ថ្ងៃ​ខាងមុខ ជា​ពេល​សំខាន់​ក្នុងការ​ព្យាបាល​។​
 
«​នៅ​រយៈពេល​ពីរ​បី​ថ្ងៃ​ទៀត ខ្ញុំ​ទាយ​ថា ជាការ​ធ្វើតេស្ត​ជាក់ស្ដែង​មួយ ដូច្នេះ​យើង​នឹង​រង់​ចាំមើល​អ្វីដែល​នឹង​កើតឡើង​នៅពេលនោះ​។​» នេះ​ជាការ​បញ្ជាក់​របស់លោក ត្រាំ ដែល​សង្ឃឹមថា អាច​ចាក​ចេញពី​មន្ទីរពេទ្យ​ឆាប់់ៗ​ដែរ​។ 
 
​វីដេអូ​របស់លោក ត្រាំ ត្រូវបាន​បង្ហោះ​ក្រោយ​មន្ត្រីរដ្ឋបាល​របស់លោក​បញ្ចេញ​ព័ត៌មាន​ផ្សេងគ្នា​ពី​ស្ថានភាព​របស់លោក​។ ក្រុមគ្រូពេទ្យ​សេត​វិមាន​បាន​និយាយ​នៅ​ថ្ងៃទី​៣ ខែតុលា​ថា សុខភាព​លោក ត្រាំ កំពុង​ប្រសើរឡើង ហើយ​លោក​ថែមទាំង​គិតដល់​ថ្ងៃ​ដែល​ចាក​ចេញពី​មន្ទីរពេទ្យ​ផងដែរ​។ នៅ​ថ្ងៃ​ដដែល​នោះ ប្រធាន​ខុទ្ទកាល័យ​សេត​វិមាន Mark Meadows ប្រាប់​អ្នកសារព័ត៌មាន​ថា ស្ថានភាព​២៤​ម៉ោង​ដំបូង​របស់លោក ត្រាំ ពិតជា​គួរ​ឲ្យ​បារម្ភ ហើយ​៤៨​ម៉ោង​ទៀត​ជា​ដំណាក់កាល​សំខាន់​។​
 
​ប៉ុន្តែ​លោក Meadows ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅពេល​បន្ទាប់​ថា ស្ថានភាព​លោក ត្រាំ កំពុង​វិ​វត្ត​ល្អប្រសើរ ហើយ​វេជ្ជបណ្ឌិត​រីករាយ​សញ្ញា​ល្អ​នេះ​។ ចំណែក​ប្រភពព័ត៌មាន​មួយទៀត​អះអាងថា លោក ត្រាំ មាន​បញ្ហា​ផ្នែក​ដង្ហើម និង​ទទួល​ការបំពាក់​ខ្យល់​អុកស៊ីសែន​បន្ថែម​។ ទាក់ទង​រឿងនេះ វេជ្ជបណ្ឌិត​ប្រចាំ​សេត​វិមាន Sean P Conley ប្រាប់​អ្នកកាសែត​ក្រៅ​មន្ទីរពេទ្យ Walter Reed ថា លោក ត្រាំ មិនមាន​បញ្ហា​ដកដង្ហើម​អ្វី​ទេ ហើយក៏​មិន​ពាក់​ឧបករណ៍​ជំនួយ​អុកស៊ីសែន​ដែរ​។​
 
​ក្នុង​សេចក្ដីប្រកាស​នៅ​ល្ងាច​ថ្ងៃទី​៣ ខែតុលា លោក Conley និយាយថា លោក ត្រាំ លែង​គ្រុនក្ដៅ​ទៀតហើយ ហើយ​កំពុង​ធូរស្រាល​បន្ទាប់ពី​ទទួល​ការព្យាបាល តែ​មិន​ផុតពី​គ្រោះថ្នាក់​នៅឡើយ​ទេ​។ វេជ្ជបណ្ឌិត​រូបនេះ​បន្តថា លោក ត្រាំ ចំណាយពេល​រសៀល​ដើម្បី​ធ្វើការ ហើយ​ធ្វើ​ចលនា​ក្នុង​បន្ទប់​សម្រាក​ដោយ​មិនមាន​ផល​លំបាក​អ្វី​ទេ​៕
 
 

Tag:
 អាមេរិក​
  ដូ​ណា​ល់ ត្រាំ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com