COVID-19
ជាតិ
សម្តេច ហ៊ុន សែន ផ្ញើសារជូនពរត្រាំ ឲ្យឆាប់ជាពីជំងឺកូវីដ
04, Oct 2020 , 12:15 pm        
រូបភាព
សម្តេច ហ៊ុន សែន និង លោក ដូណាល់ ត្រាំ ជួបគ្នា ពេលទៅប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ នៅកណ្តាល គឺលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។
សម្តេច ហ៊ុន សែន និង លោក ដូណាល់ ត្រាំ ជួបគ្នា ពេលទៅប្រជុំ​កំពូល​រម្លឹកខួប​អនុស្សាវរីយ៍​លើក​ទី​៤០ នៃ​ទំនាក់ទំនងអាស៊ាន​-​អាមេរិក នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន កាលពីអំឡុងខែវិច្ឆិកា ឆ្នាំ២០១៧។ នៅកណ្តាល គឺលោក ប្រាយុទ្ធ ចន្ទអូចា នាយករដ្ឋមន្រ្តីថៃ។
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្ញើសារជូនលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ដើម្បីជូនពរលោក និងភរិយា ឲ្យឆាប់ជាពីជំងឹកូវីដ-១៩។



ក្នុងលិខិត ដែលធ្វើឡើងនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី សរសេរថា៖«ខ្ញុំ និងភរិយា សូមជូនពរឯកឧត្តម [ប្រធានាធិបតី] និង [លោកជំទាវ] ជាស្រ្តីទីមួយ ឲ្យឆាប់ជាសះស្បើយឡើងវិញ និងមានសុខភាពល្អ»។

តាមរយៈលិខិតនោះ សម្តេចនាយករដ្ឋមន្រ្តី និងភរិយា បង្ហាញការពិបាកចិត្ត ពេលទទួលដំណឹងថា លោក ដូណាល់ ត្រាំ និងភរិយា បានឆ្លងជំងឺកូវីដ-១៩ ខណៈសហរដ្ឋអាមេរិកនិងពិភពលោក កំពុងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ហើយក៏កំពុងដោះស្រាយផលប៉ះពាល់សេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនិងការរស់នៅរបស់ប្រជាជន។

កាលពីថ្ងៃទី១ ខែតុលា លោក ដូណាល់ ត្រាំ បានប្រកាសដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលថា លោក និងភរិយា បានធ្វើតេស្តវិជ្ជមាននៃជំងឺកូវីដ-១៩។

មេដឹកនាំនានាលើពិភពលោក ដូចជា មេដឹកនាំកូរ៉េខាងជើង ប្រធានាធិបតីបារាំង នាយករដ្ឋមន្រ្តីឥណ្ឌា និង នាយករដ្ឋមន្រ្តីអង់គ្លេស ជាដើម បានផ្ញើសារជូនពរដល់លោក ត្រាំ និង ភរិយា ឲ្យឆាប់ជាសះស្បើយពីជំងឺកូវីដ-១៩។

នៅថ្ងៃទី៣ ខែតុលានេះ លោក ត្រាំ អះអាងលើ Twitter ថា សុខភាពរបស់លោក បានប្រសើរឡើងច្រើនហើយ និងសង្ឃឹមថា អាចចេញពីមន្ទីរពេទ្យនៅពេលឆាប់ៗខាងមុខ។ បច្ចុប្បន្ន លោក កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ ក្នុងមន្ទីរពេទ្យយោធា Walter Reed ក្បែររដ្ឋធានីវ៉ាស៊ីនតោន៕

Tag:
 ហ៊ុន សែន
  ត្រាំ
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com