អន្តរជាតិ
នយោបាយអន្តរជាតិ
មីយ៉ាន់ម៉ា៖ បួនឆ្នាំហើយដែលរដ្ឋាភិបាលអនុវត្តប្រព័ន្ធនយោបាយដែលយកសំឡេងឆ្នោតជំនួសគ្រាប់កាំភ្លើង
× រដ្ឋាភិបាលមីយ៉ាន់ម៉ា ថ្មីៗនេះ បានថ្លែងពីបច្ចុប្បន្នភាពនៃកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងប្រទេស ដែលធ្លាប់តែទទួលការគំរាមកំហែងសង្គ្រាមស៊ីវិលប្រមាណជាងប្រាំទសវត្សរ៍មកហើយ។ រដ្ឋាភិបាលដឹកនាំដោយបក្សកាន់អំណាចលោកស្រី អ៊ុងសាន ស៊ូជី ដែលកំពុងរួបរឹតទៅដោយបញ្ហាសិទ្ធិមនុស្ស បានស្នើសហគមន៍អន្តរជាតិទុកលទ្ធភាពឲ្យប្រទេសមានអធិបតេយ្យ ដោះស្រាយបញ្ហាផ្ទៃក្នុងរបស់ខ្លួន តាមនីតិវិធីរបស់ខ្លួន។
នាឱកាសថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំប្រចាំឆ្នាំ២០២០ របស់អង្គការសហប្រជាជាតិ តំណាងរដ្ឋាភិបាលមីយ៉ាន់ម៉ា បានលើកឡើងពីការផ្លាស់ប្តូររយៈពេលជាងបួនឆ្នាំរបស់រដ្ឋក្នុងអន្តរកាលសន្តិភាពមកជារដ្ឋដែលមានរដ្ឋាភិបាលចេញពីការបោះឆ្នោតស៊ីវិលលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលបានបញ្ចប់អំណាចដឹកនាំយោធាផ្តាច់ការ ប្រាំទសវត្សរ៍មកហើយនោះ។
មីយ៉ាន់ម៉ា បានអះអាងចំពោះមុខសហគមន៍អន្តរជាតិ សមិទ្ធផលមួយ ក្នុងចំណោមជាច្រើនផ្សេងទៀត ដែលបានកើតឡើងក្រោមការដឹកនាំរបស់បក្សកាន់អំណាចសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ដែលមានលោកស្រី អ៊ុងសាន ស៊ូជី ជាប្រមុខ នោះគឺ ការដាក់អនុវត្តប្រព័ន្ធនយោបាយដែលពឹងផ្អែកទៅលើសន្លឹកឆ្នោតជំនួសគ្រាប់កាំភ្លើង។
ជាមួយនឹងការកែប្រែវិជ្ជមានមួយនេះ មីយ៉ាន់ម៉ា ក៏បានបង្ហាញពីកត្តាប្រឈមធំៗមួយចំនួន ដែលកន្លងមក បានធ្វើឲ្យរដ្ឋាភិបាល មិនអាចអនុវត្តគោលនយោបាយដោយរលូនបាន ក្នុងនោះរាប់បញ្ចូលទាំងការបន្តប៉ះទង្គិចប្រដាប់អាវុធរវាងក្រុមជាតិសាសន៍ផ្សេងគ្នា, ការមិនទាន់អាចធានាបានប្រជាធិបតេយ្យពេញលេញដោយសាររដ្ឋធម្មនុញ្ញយោធា និងជាពិសេសនោះបញ្ហានៅក្នុងរដ្ឋរ៉ាឃីន (Rakhine) តែម្តង។
ឆ្លៀតឱកាសដដែលនោះ មីយ៉ាន់ម៉ា បានបកស្រាយជុំវិញការចោទប្រកាន់នានាមកកាន់រដ្ឋាភិបាលពាក់ព័ន្ធនឹងបញ្ហាជនភៀសខ្លួននៅបង់ក្លាដែស ដែលបានចាកចេញពីមីយ៉ាន់ម៉ាដោយបង្ខំតាំងពីចុងឆ្នាំ២០១៧ មកទល់ពេលនេះ នៅតែមិនទាន់មានដំណោះស្រាយនៅឡើយ។ មីយ៉ាន់ម៉ា បានគូសបញ្ជាក់រដ្ឋាភិបាល មិនមែនមិនអើពើនឹងបញ្ហានោះទេ។
តាមការអះអាងរបស់រដ្ឋាភិបាលមីយ៉ាន់ម៉ា កន្លងមក ដើម្បីជាដំណោះស្រាយលើវិបត្តិជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ឬបញ្ហាក្នុងរដ្ឋរ៉ាខាន រដ្ឋាភិបាល បានផ្តោតលើការងារសំខាន់រួមមាន ការធានាពីជំនួយផ្គត់ផ្គង់, ការរៀបចំទទួលមកវិញសម្រាប់ជនភៀសខ្លួន, ការផ្តល់ដំណោះស្រាយ, ការផ្សះផ្សារ និងការអភិវឌ្ឍន៍សម្រាប់តំបន់រងផលប៉ះពាល់។
យ៉ាងណាក៏ដោយ ដោយសារតែការអនុវត្តមិនបានប្រព្រឹត្តទៅដោយរលូនតាមផែនការ រដ្ឋាភិបាលមីយ៉ាន់ម៉ា បានទទូចដល់សហគមន៍អន្តរជាតិតាមរយៈវេទិកាអង្គការសហប្រជាជាតិ ផ្តល់លទ្ធភាព ពេលវេលា និងការគោរពសម្រាប់មីយ៉ាន់ម៉ា ក្នុងការអនុវត្តការងារតាមបែបបទជាតិរបស់ខ្លួន៕
Tag:
មីយ៉ាន់ម៉ា
រ៉ូហ៊ីងយ៉ា
© រក្សាសិទ្ធិដោយ thmeythmey.com