ជាតិ
រមណីយដ្ឋាន​ត្រីមាស​នៅ​ត្រាំកក់​ព័ទ្ធជុំវិញ​ដោយ​ភ្នំ មាន​ដំណាំ​ហូប​ផ្លែ និង​មានការ​កម្សាន្ត​ជាច្រើន​
05, Oct 2020 , 8:19 am        
រូបភាព
ដោយ:
​រមណីយដ្ឋាន​ទេសចរណ៍​កែច្នៃ ថ្មី​សន្លាង​មួយ​បាន​លេចខ្លួន​ឡើង​ក្នុង​ធម្មជាតិ ហ៊ុមព័ទ្ធ​ទៅដោយ​ទេសភាព​ជួរ​ភ្នំ ដ៏​ស្រស់ស្អាត​។ រមណីយដ្ឋាន​ត្រីមាស ដី ស្រុក ត្រាំកក់ ខេត្តតាកែវ ចម្ងាយ​ប្រមាណ ៩៩​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ទើប​បើក​ដំណើរការ​កាលពី​ខែសីហា​កន្លងទៅ​។ នៅទីនេះ ទេសចរ​អាច​គយគន់​ទេសភាព​ជួរ​ភ្នំ ជិះទូក​កម្សាន្ត ផ្តល់​ចំណី​ត្រី និង​អាច​ទិញ ដំណាំ​ហូប​ផ្លែ ដែល​ដាំ​ដុះ​នៅក្នុង​រមណីយដ្ឋាន​កែច្នៃ​មួយ​នេះ​។​



​រមណីយដ្ឋាន​ត្រីមាស ជា​គឺ​រមណី​ដ្ឋា​ន​កែច្នៃ​ថ្មី​មួយ ដែលមាន​ទីតាំងនៅ​ស្រុក​ត្រាំកក់ ខេត្តតាកែវ​។ ទើបតែ​បើក​ដំណើរការ​នៅក្នុង​ខែសីហា ប៉ុន្តែ​រមណី​ដ្ឋា​ន​កែច្នៃ ដែលមាន​ធម្មជាតិ​ជុំវិញ​អំណោយផល​នេះ បានទទួល​ការគាំទ្រ​ពី​ទេសចរ ក្នុងស្រុក​បណ្តើរៗ​ហើយ​។ 


ចំការផ្កាឈូករ័ត្នក្នុង រមណីយដ្ឋានត្រីមាស 

​លោក មាស ចាន់​ថេ​ង អ្នកគ្រប់គ្រង​រមណីយ​ដ្ឋា​ន​ត្រីមាស បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា ទេសចរ អាច​ទទួល​បានឃើញ​នូវ​ការកម្សាន្ត​ចម្រុះ នៅ​រមណីយដ្ឋាន​កែច្នៃ​នេះ ដែលមាន​ទាំង​បែប​ធម្មជាតិ​ផង ការកែច្នៃ​ផង និង​បែ​បក​សិ​ទេសចរណ៍​ផង​។ បើតាម​អ្នកគ្រប់គ្រង​រូបនេះ ក្រៅតែពី​សម្រស់​នៃ​ធម្មជាតិ នៅក្បែរ​ជើងភ្នំ​ដ៏​ស្រស់ត្រកាល​ហើយ​នោះ ស្រះ​ទឹក​ដ៏​ធំ​ហំ​មួយ ដែល​ត្រូវបាន​កែច្នៃ​ឡើង ដែល​មិន​ត្រឹមតែ​អនុ​ញ្ញា​ឲ្យ​អ្នកទេសចរ បាន​ជិះទូក​កៃ​យ៉ាក ឬ​ទូក​ទា​កម្សាន្ត​តែមួយ​មុខ​ទេ  ពួកគេ​ក៏​អាច​គយគន់​ត្រី​រាប់ពាន់​ក្បាល​នៅក្នុង​ស្រះ​នោះ និង​ផ្តល់​ចំណី​ទៅ​ឲ្យ​ពពួក​ត្រី​បាន​ផងដែរ​។ 
 
​លោក មាស ចាន់​ថេ​ង បន្ថែម​ដូច្នេះ​ថា​៖«​ចំណុច​ទាក់ទាញ​នៃ​រមណីយដ្ឋាន​នេះ គឺ​ដោយសារ​មាន​ភ្នំ​ព័ទ្ធជុំវិញ មាន​ដំណាំ​ហូប​ផ្លែ មានការ​កម្សាន្ត​ជាច្រើន ដូចជា​ការមើល​ត្រី ឲ្យ​ចំណី​ត្រី និង​មាន​ខ្យល់អាកាស​បរិសុទ្ធ​»​។ 


ត្រីជាច្រើនប្រភេទ ដែលចិញ្ចឹមសម្រាប់ភ្ញៀវទស្សនាក្នុង រមណីយដ្ឋានត្រីមាស 

​សួនផ្កា​ឈូករ័ត្ន ក៏​ជា​កត្តា​ទាក់ទាញ​ទេសចរ​មួយ​ដែរ ក្នុង​រមណីយដ្ឋាន​ត្រីមាស​ដែរ​។ នេះ​បើតាម​ការបន្ថែម​របស់​លោក មាស ចាន់​ថេ​ង​ដោយ​លោក​បាន​បន្តទៀតថា ទេសចរ​អាច​ទិញ និង​បរិភោគ​ផ្លែឈើ​ជាច្រើន​ប្រភេទ ដែល​ត្រូវបាន​ដាំ​ដុះ​នៅក្នុង រមណីយដ្ឋាន​ត្រីមាស​នេះដែរ ដូចជា ផ្លែ​មៀន មៀន​ប៉ៃលិន ឬ​តា​ង៉ែ​ន និង​ទុរេន​ជាដើម​។ រមណីយដ្ឋាន​ត្រីមាស​ក៏មាន​រៀបចំ​កន្លែង​អង្គុយ និង​សម្រាកលម្ហែ ទទួលទាន​អាហារ​សម្រាប់​ទេសចរ​ផងដែរ​៕
 


ភោជនីយដ្ឋាន ក្នុងរមណីយដ្ឋានត្រីមាស

រូបភាពពីទំព័រហ្វេសប៊ុករមណីយដ្ឋានត្រីមាស​

Tag:
 តាកែវ​
  ទេសចរណ៍​
  ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com