ជាតិ
ផ្តិត​រូបភាព​ត្រកាល​នៅ​សួនផ្កា​ពណ៌​លឿង​ដ៏​ធំ​នៅ​ស្រុក​គូលែន ខេត្តព្រះវិហារ​
05, Oct 2020 , 8:59 am        
រូបភាព
ដោយ:
​សួនផ្កា​ពណ៌​លឿង​ដ៏​ធំ​នៅ​ព្រះវិហារ កំពុង​ទាក់ទាញ​អ្នកទេសចរ​ទៅ​ថតរូប​កម្សាន្ត​។ សួនផ្កា​នេះ មាន​ទំហំ​១២​ហិកតា ស្ថិតក្នុង​ស្រុក​គូលែន ខេត្តព្រះវិហារ​។ ទេសចរ ដែល​ចូលទៅ​ទស្សនា និង​ថតរូប​នៅក្នុង​សួនផ្កា​លឿង​នេះ ត្រូវ​ចំណាយ​ថ្លៃ​សំបុត្រ​ចូល​៣​ពាន់​រៀល​ក្នុង​១​នាក់​។

 
​សួនផ្កា​លឿង ជា​ឈ្មោះ​ទីតាំង​ចម្ការ​សាំង​ហ៊ី​ន ដ៏​ធំ​មួយ​លាតសន្ធឹង​លើ​ផ្ទៃដី​១២​ហិកតា មាន​ទីតាំងនៅ​ឃុំ​ស្រ​យ៉ង់ ស្រុក​គូលែន ខេត្តព្រះវិហារ​។ សួនផ្កា​លឿង​នេះ បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​អ្នកទេសចរ ដែល​ធ្វើដំណើរ​ឆ្លងកាត់ ឲ្យ​ចូល​ចត​ដើម្បី​គយគន់ សម្រស់​ផ្កា​លឿង​រីក​ស្គុសស្គាយ ដ៏​ស្រស់ស្អាត​។ ក្រៅពី​អ្នកទេសចរ ដែល​ស្កា​ត់ទៅ​ថតរូប សួនផ្កា​ដ៏​ល្វឹងល្វើយ​នេះ ក៏បាន​ទាក់ទាញ​ចំណាយ​របស់​គូស្នេហ៍​មិនតិច​ទេ ឲ្យ​ទៅ​ថតរូប​មុន​អា​ពា​ហ៌​ពិ​ពា​ហ៌​របស់ខ្លួន​។ 


 
​។ អ្នកស្រី ភិន ម៉ា​រ៉ា ម្ចាស់​សួនផ្កា​លឿង បាន​ប្រាប់​សារព័ត៌មាន ThmeyThmey25 ថា មូល​ហេតុដែល​អ្នកស្រី​ដាំ​សួនផ្កា​លឿង​នេះ ព្រោះ​អ្នកស្រី​ជា​អ្នក​ស្រលាញ់​ផ្កា ហើយ​អ្នកស្រី អះអាងថា ផ្កា​សាំង​ហ៊ី​ន​នេះ ងាយ​ដាំ មិន​ពិបាក​ថែ ហើយ​សម្រស់​ផ្កា​របស់​វា ក៏​ខុសប្លែក​ពី​ផ្កា​ដទៃ​ដែរ​។ ម្យ៉ាងទៀត អ្នកស្រី​មាន​ដី​ដែល​អំណោយផល​សម្រាប់​ផ្កា​លឿង​នេះ ហើយ​វា​ក៏​ស្ថិតក្នុង​ភូមិសាស្ត្រ​អំណោយផល​រវាង​ខេត្ត​ទេសចរណ​សៀមរាប និង​ព្រះវិហារ​ផង​។​
 
​តាម​អ្នកស្រី ភិន ម៉ា​រ៉ា ផ្កា​សាន់​ហ៊ី​ន​នេះ ដាំ​តែ ៤០​ថ្ងៃ​ក៏​បញ្ចេញ​ផ្កា​ដ៏​ស្រស់ស្អាត​មកហើយ ហើយ​ផ្កា​វា​នៅ​រីក​ស្គុសស្គាយ​បន្តបន្ទាប់​គ្នា ប្រមាណ​១​ខែ​កន្លះ ទើប​រោយ​ទៅវិញ​។​
 
​ដើម្បី​ចូល​ទស្សនា និង​ថតរូប​កម្សាន្ត​នៅ​សួនផ្កា​លឿង ទេសចរ​ត្រូវ​ទិញ​សំបុត្រ ដែលមាន​តម្លៃ​៣​ពាន់​រៀល ក្នុង​សំបុត្រ​មួយ​សន្លឹក​។ ជាធម្មតា ចម្ការ​ផ្កា​នេះ ទាក់ទាញ​បាន​ទេសចរ​ប្រមាណ​២០០​នាក់​ក្នុង​មួយថ្ងៃ ខណៈ​ថ្ងៃ​បុណ្យទាន​ធំៗ អាច​ទទួលបាន​ទេសច​រ​បាន​ច្រើនជាង​១​ពាន់​នាក់​ឯណោះ​។ អ្នកស្រី ភិន ម៉ា​រ៉ា បាន​ថ្លែង​ដូច្នេះ​ថា​៖«​កាល​ថ្ងៃ​ភ្ជុំ មាន​ទេសចរ ចន្លោះ​ពី ១ ៣០០​នាក់ ទៅ​១ ៥០០​នាក់​។ បើ​ថ្ងៃ​ធម្មតា ទទួលបាន​ទេសចរ ប្រហែល​២០០​នាក់​ប៉ុណ្ណឹង​»៕
 


រូបភាពពីទំព័រហ្វេសប៊ុកសួនផ្កាលឿង 
 

Tag:
 ​សួនផ្កា​លឿង​
  ព្រះវិហារ​
  ទេសចរណ៍​
 ThmeyThmey25
© រក្សាសិទ្ធិដោយ thmeythmey.com