COVID-19
អន្តរជាតិ
អង់គ្លេស សរសើរ​ភាពរឹងមាំ​សេដ្ឋកិច្ច​វៀតណាម ទោះ​នៅក្នុង​ស្ថានភាព Covid-19 ក៏ដោយ​
04, Oct 2020 , 9:39 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសវៀតណាម (ស្ដាំ) ស្វាគមន៍សមភាគីអង់គ្លេសនៅហាណូយ។ រូបភាព VNA
រដ្ឋមន្ត្រីការបរទេសវៀតណាម (ស្ដាំ) ស្វាគមន៍សមភាគីអង់គ្លេសនៅហាណូយ។ រូបភាព VNA
ដោយ:
​ប្រតិភូ​ជាន់ខ្ពស់​រដ្ឋាភិបាល​អង់​គ្លេ​ស នៅ​ថ្ងៃ​៣០ កញ្ញា​កន្លងទៅ បាន​បំពេញ​ទស្សនកិច្ច​ទៅកាន់​វៀតណាម ក្នុង​គោលដៅ​ពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​លើ​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និង​ការពារជាតិ​ជាដើម​។ ដំណើរ​ទស្សនកិច្ច​នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ការបន្ត​ប្តេជ្ញាចិត្ត​ក្នុង​ការកសាង​ទំនាក់ទំនង​រវាង​អង់គ្លេស និង​បណ្តា​ប្រទេស​ដៃគូ ជាពិសេស​លើ​ការកសាង​ទំនាក់ទំនង​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អង់គ្លេស និង​វៀតណាម ដែល​បាន​កសាង​មួយ​ទសវត្ស​រ៍ហើយ​នោះ​។

 
​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​អង់គ្លេស រដ្ឋមន្ត្រីការបរទេស​លោក Dominic Raab បាន​ជួបពិភាក្សា​ជាមួយនឹង​សម​ភាគី​វៀតណាម លោក Pham Binh Minh ដោយ​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​ក្នុងការ​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​លើ​កិច្ចព្រមព្រៀង​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង​អង់គ្លេស និង​វៀតណាម​។ ភាគី​ទាំងពីរ បានកំណត់​លើ​ទិសដៅ​សម្រាប់​ការអភិវឌ្ឍ​ទ្វេភាគី​សម្រាប់​ទំនាក់ទំនង​ក្នុង​ទសវត្សរ៍​បន្ទាប់​។ 
 
​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​នោះ វៀតណាម និង​អង់គ្លេស បាន​ប្តេជ្ញាចិត្ត​ក្នុងការ​ពង្រីក និង​ពង្រឹង​ទំនាក់ទំនង​ភាពជា​ដៃគូ​លើ​កិច្ចសហប្រតិបត្តិការ​ន​យោ​បាយ​ការទូត​, ធ្វើ​ឲ្យ​កាន់តែ​ស៊ីជម្រៅ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​, កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​, ការពារជាតិ និង​កិច្ចសហប្រតិបត្តិការ​ជំរុញ​ឲ្យ​កាន់តែ​កៀក​គ្នា​រវាង​ប្រជាជន និង​ប្រជាជន​។ នេះ​បើ​យោងតាម​សេចក្តីថ្លែងការណ៍​ដដែល​ខាងលើ​។​
 
​តាម​ភ្នាក់ងារ​ព័ត៌មាន​វៀតណាម Vietnam News ក្នុងជំនួប​រវាង​ប្រមុខ​ការទូត​ទាំងពីរ រដ្ឋមន្ត្រីការបរទេស​អង់គ្លេស បាន​លើកសរសើរ​វៀតណាម ជា​ប្រទេសមួយ​ក្នុង​តំបន់ ដែលមាន​សក្តានុពល​សេដ្ឋកិច្ច ដែលមាន​ភាពរឹងមាំ ទោះបីជា​ប្រទេស​ស្ថិតនៅក្នុង​វិបត្តិ Covid-19 ក៏ដោយ​។ លោក អះអាងថា វៀតណាម មាន​សក្តានុពល​ធំធេង​សម្រាប់​ពាណិជ្ជកម្ម និង​វិនិយោគ​លើ​វិស័យ​ថាមពល​កើតឡើង​វិញ និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជាដើម​។ 
 
​លោក​រដ្ឋមន្ត្រី ក៏បាន​អរគុណ​វៀតណាម ដែល​បាន​គាំទ្រ​អង់គ្លេស ដើម្បី​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ និង​ជឿនលឿន​សម្រាប់​ភាពជា​ដៃគូរ​អន្តរ​ប៉ាស៊ីហ្វិក (CPTPP) ដែលជា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ក្នុង​តំបន់​ដ៏​ធំ​មួយ ដែល​អង់គ្លេស​ជឿជាក់ថា នៅពេល​ខ្លួន ក្លាយជា​ភាគី​នៃ​កិច្ចព្រមព្រៀង​នេះហើយ អង់គ្លេស នឹង​អាច​បង្ហាញ​សក្តានុពល និង​ឥទ្ធិពល​ខ្លួន​ជាថ្មី​ក្នុង​ឆាក​អន្តរជាតិ​៕ 
 

Tag:
 វៀតណាម​
  អង់គ្លេស
© រក្សាសិទ្ធិដោយ thmeythmey.com