ជាតិ
សង្គមជាតិ
ទិវា​គ្រូបង្រៀន​៖ សិស្ស​ប្ដេជ្ញា​ប្រឹងរៀន​សូត្រ ដើម្បី​ជាការ​តបស្នង​សងគុណ​គ្រូ​
05, Oct 2020 , 7:09 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០​ខាងមុខនេះ សិស្សានុសិស្ស​ទាំងអស់​ចា​ត់​ទុក គ្រូ​ជា​មាតាបិតា​ទី​២ ដែល​បាន​បង្រៀន ផ្ទេរ​ចំណេះដឹង និង​ផ្តល់​ដំបូន្មាន​ក្រមសីលធម៌​ល្អ​ដល់​ពួកគេ​។ ដើម្បី​តបស្នង​ដល់​គុណគ្រូ​ដែល​បាន​បង្រៀន និង​ផ្តល់​ចំណេះដឹង សិស្សានុសិស្ស​ទាំងអស់​នឹង​បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​គ្រូ​តាមរយៈ​ការប្តេជ្ញា​ខិតខំ​រៀនសូត្រ​។

 
​សូម​តាមដាន​ទស្សនា​វីដេអូ​សម្ភាស​រវាង​កញ្ញា សៅ សុខ​អេង អ្នកសារព័ត៌មាន​ថ្មីៗ និង​សិស្សានុសិស្ស​ថ្នាក់​ទី​១២ នៅ​សាលា​ជំនាន់​ថ្មី​នៃ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​បានបញ្ជាក់​ពី​គុណ​តម្លៃ​គ្រូបង្រៀន​របស់​ពួកគេ​ខាងក្រោម​នេះ​ដូចតទៅ​៖
 

​យុវ​សិស្ស សុខ លី​ហួរ យល់ថា ទិវា​គ្រូបង្រៀន​ជា​ថ្ងៃ​ដែល​សិស្សានុសិស្ស​ទាំងអស់​ត្រូវ​យល់ដឹង​ពី​គុណ​តម្លៃ​របស់​គ្រូ​ដែល​បាន​បង្រៀន​ដល់​សិស្សានុសិស្ស​។ យុវ​សិស្ស​រូបនេះ​បាន​រៀបរាប់​ដូច្នេះ​ថា​៖«​សម្រាប់​ខ្ញុំ​អ្នកគ្រូ​លោកគ្រូ ពិតជា​មានគុណ​តម្លៃ​ខ្លាំង​មែនទែន ដោយសារ​លោកគ្រូ​អ្នកគ្រូ គាត់​ប្រៀបបាន​ដូចជា​ឪពុកម្តាយ​ទី​២​របស់​យើង ដែល​បាន​បង្រៀន​យើង​នៅក្នុង​សាលា ហើយ​ម៉ាក់​ប៉ា​យើង​បង្រៀន​យើង​នៅផ្ទះ​។ គាត់​មិន​ត្រឹមតែ​បង្រៀន​យើង​ឲ្យ​ចេះ​ពីមុខ​វិជ្ជា​រៀនសូត្រ​ធម្មតា​ទេ គាត់​ថែមទាំង​បង្រៀន​ពី​ក្រមសីលធម៌ ជាមួយនឹង​ជីវិត​រស់នៅ​ផ្សេងៗ​ទៀតផង​ដែរ​»​។ 
 
​ចំពោះ​យុវ​សិស្ស រស់ សិរិ​វណ្ណ ក៏​យល់ថា គ្រូបង្រៀន​ជា​បុគ្គល​ដល់​សំខាន់​ដែល​ផ្តល់​គំរូ​ល្អៗ​សម្រាប់​ឲ្យ​សិស្សានុសិស្ស​អនុវត្តតាម​។ បើតាម​យុវ​សិស្ស សិរិ​វណ្ណ តាំងពី​រៀន​ថ្នាក់​ទី​១​រហូតដល់​ថ្នាក់​ទី​១២​នេះ​មក គឺ​ចងចាំ​នូវ​អនុស្សាវរីយ៍​ច្រើន​ជាមួយនឹង​គ្រូ ។ យុវ​សិស្ស សិរិ​វណ្ណ បាន​រៀបរាប់​ដូច្នេះ​ថា​៖«​គុណ​តម្លៃ​របស់​គ្រូ ពិតជា​មានតម្លៃ​សម្រាប់​សិស្ស​គ្រប់រូប​។ គាត់​ខិតខំ​បង្រៀន​ដោយ​ចំណេះវិជ្ជា​របស់គាត់​ទាំង​ប៉ុន្មាន​ផ្តល់​ឲ្យ​សិស្ស​គ្រប់គ្នា​។ អ៊ីចឹង​យើង​ត្រូវ​តបស្នង​គាត់​វិញ​ដោយ​ខិតខំ​រៀនសូត្រ ដើម្បី​យកចំណេះ​ដឹង​ទៅ​អភិវឌ្ឍ​ដល់​មនុស្ស​ជំនាន់​ក្រោយ​»​។ 
 
​ចំណែក​យុវ​សិស្ស ស៊ឹម ចាន់​ក​ត្ត​វេ​តា ក៏មាន​អនុស្សាវរីយ៍​ច្រើន​ជាមួយនឹង​លោកគ្រូ​អ្នកគ្រូ​ដែល​មិនអាច​នឹង​បំភ្លេចបាន​ផងដែរ​។ យុវ​សិស្ស​រូបនេះ​បាន​និយាយថា​៖«​មាន​គ្រប់សព្វ សប្បាយ​ក៏មាន អនុស្សាវរីយ៍​គឺមាន​ច្រើន ទាំង​ជូរចត់ និង​សប្បាយ​។ ខ្ញុំ​ចូលចិត្ត​គ្រូៗ​ស្មើៗ​គ្នា ដោយសារ​គាត់​បង្រៀន​យើង​ស្មើៗ​គ្នា អត់​មាន​គ្រូ​ណា​ស្រឡាញ់​លើស​គ្រូ​ណា​ឡើយ​»​។ 
 
​ដើម្បី​តបស្នង​គុណគ្រូ​យុវ​សិស្ស​ទាំងនេះ​នឹង​ព្យាយាម​ខិតខំ ប្រុងប្រែង​រៀនសូត្រ​ឲ្យ​ទទួលបាន​និទ្ទេស​ល្អ​នា​ថ្ងៃ​ប្រឡង​បាក់​ឌុប​នៅ​ថ្ងៃទី​២០ ខែធ្នូ ខាងមុខនេះ​។ លើសពីនេះ យុវ​សិស្ស​ទាំងនេះ​នឹង​បង្ហាញ​ក្តី​ស្រឡាញ់​ទៅ​គ្រូ​តាមរយៈ​ការផ្តល់​ជា​កាដូ​បន្តិចបន្តួច និង​ថតរូប​អនុស្សាវរីយ៍​ជាមួយ​គ្រូ​ដោយនិយាយ​ពាក្យ​អរគុណ​ទៅ​គ្រូ​របស់​ពួកគេ​នា​ទិវា​គ្រូបង្រៀន​។  


សកម្មភាពសិស្សនៅសាលាជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិកំពុងរៀនជាមួយគ្រូនៅក្នុងថ្នាក់រៀន
 
​ទិវា​គ្រូបង្រៀន​នៅ​ថ្ងៃទី​៥ ខែតុលា​ខាងមុខនេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​ប្រធានបទ​ស្តីពី​«​គ្រូបង្រៀន​ឆ្លាត​វៃ ដើម្បី​ការអប់រំ​ឌីជីថល​» នៅឯ​វិទ្យាស្ថាន​ជាតិ​អប់រំ​។ នា​ថ្ងៃនោះ​ក្រសួង​អប់រំ​នឹង​ពិភាក្សា​លើ​ប្រធានបទ​ចំនួន​២ ដោយ​ប្រធានបទ​ទី​១​និយាយ​អំពី​«​ដំណើរ​ការបើក​សាលារៀន​ចំណេះដឹង​ទូទៅ​ឡើងវិញ និង​ការអប់រំ​ឌីជីថល​» និង​ប្រធានបទ​ទី​២ «​ការបង្រៀន និង​ការរៀន​តាម​ប្រព័ន្ធ​បច្ចេកវិទ្យា​នៅ​គ្រឹះស្ថាន​ឧ​ត្ត​មសិ​ក្សា​។ 
 
​បើតាម​ក្រសួង​អប់រំ ការ​ប្រារព្ធ​ទិវា​គ្រូបង្រៀន​នេះ ក្នុង​គោលបំណង​ឲ្យ​សិស្ស និង​និស្សិត​រំលឹក​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​គ្រូបង្រៀន ដែល​ធ្លាប់បាន​បង្រៀន និង​បណ្តុះបណ្តាល​ធនធានមនុស្ស សម្រាប់​ការពារ កសាង និង​អភិវឌ្ឍ​មាតុភូមិ​លើ​គ្រប់​វិស័យ​។ 
 
​សូម​រំលឹកថា ទិវា​គ្រូបង្រៀន​នៅ​កម្ពុជា ត្រូវបាន​ប្រារព្ធ​ឡើង​តាំងពី​ឆ្នាំ​១៩៩៧ ដោយ​ឆ្នាំនេះ​ជា​ខួប​លើក​ទី​២៣​ឆ្នាំ​ហើយ​៕
 
 
 
 

Tag:
 សិស្សានុសិស្ស​
 ​គ្រូ​
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com