COVID-19
ជាតិ
លោក ប្រាក់ សុខុន ស្នើ​ថៃ អនុញ្ញាត​ឲ្យ​ពលករ​ខ្មែរ អាច​ត្រឡប់​ទៅធ្វើ​ការ​​វិញ និង​សុំ​ឲ្យ​បញ្ចុះតម្លៃ​ច​ត្តា​ឡី​ស័ក​
04, Oct 2020 , 6:19 pm        
រូបភាព
សកម្មភាពមន្រ្តី ពិនិត្យអ្នកដំណើរ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មុននឹងអនុញ្ញាតឲ្យចូលទៅថៃនិងអនុញ្ញាតចូលមកកម្ពុជា (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
សកម្មភាពមន្រ្តី ពិនិត្យអ្នកដំណើរ នៅច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២០ មុននឹងអនុញ្ញាតឲ្យចូលទៅថៃនិងអនុញ្ញាតចូលមកកម្ពុជា (រូបពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍)
​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា និង លោក ដុន ប្រា​មុដ​វី​ណៃ រដ្ឋមន្ត្រី​ក្រសួងការបរទេស​ថៃ បាន​ពិភាក្សាគ្នា តាម​ប្រព័ន្ធ​វីដេអូ (Video Conference) កាលពី​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២០ ដោយ​ផ្តោត​សំខាន់​លើ​កិច្ចសហប្រតិបត្តិការ ពិសេស​រម្លឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៧០​នៃ​ការបង្កើត​ទំនាក់ទំនង​ការទូត​កម្ពុជា​-​ថៃ រួមទាំង​ផ្លាស់ប្តូរ​យោបល់​គ្នា​ពី​ការប្រយុទ្ធ​ប្រឆាំងនឹងជំងឺ​កូ​វីដ​-១៩​ផងដែរ​។ ខ្លឹមសារ​នៃ​កិច្ចពិភាក្សា​របស់​ប្រមុខ​ការទូត​ទាំងពីរ ត្រូវបាន​ស្រង់​យកទៅ​ផ្សព្វផ្សាយ​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស​កម្ពុ​ជា​។



​បើតាម​សេចក្តីប្រកាស​ព័ត៌មាន លោក ប្រាក់ សុខុន បានស្នើ​ភាគី​ថៃ ឲ្យ​អនុញ្ញាត​ពលករ​កម្ពុជា ដែល​កាន់​បណ្ណ​ព្រំដែន និង​ពលករ​កម្ពុជា ដែល​ចុះឈ្មោះ​ធ្វើការ​តាម​អនុស្សារណៈ​ស្តីពី​ការយោគយល់​គ្នា អាច​វិលត្រឡប់​ទៅធ្វើ​ការ​នៅ​ថៃ​វិញ និង​ស្នើឲ្យបញ្ចុះតម្លៃ​លើ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល១៤​ថ្ងៃ​។ 
 
​តម្លៃ​ជាទូទៅ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ នៅ​ថៃ គឺ​ប្រមាណ​ជាង​៤៤០​ដុល្លារ​។​
 
​ដោយសារតែ​ជំងឺ​កូ​វីដ​-១៩ អាជីវកម្ម​និង​កន្លែងធ្វើការ​នានា ក្នុងប្រទេស​ថៃ ត្រូវបាន​ផ្អាក ដែល​បណ្តាល​ឲ្យ​ពលករ​ខ្មែរ គ្មាន​ការងារ​ធ្វើ ហើយក៏​សម្រុក​មក​កម្ពុជា​វិញ​។ របាយការណ៍​ពី​ក្រសួងមហាផ្ទៃ បាន​ឲ្យ​ដឹងថា គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០ មាន​ពលរដ្ឋ​ខ្មែរ​ជាង​១​សែន​នាក់ បាន​ត្រឡប់​មកពី​បរទេស ជាពិសេស​ពី​ប្រទេស​ថៃ​។ 
 
​ទន្ទឹមនឹងនេះ ក៏មាន​ពលរដ្ឋ​ខ្មែរ វិលត្រឡប់​ចូលទៅ​ទឹកដី​ថៃ​វិញ​ដែរ តាម​ខេត្ត ដែល​នៅជាប់​ប្រទេស​ថៃ​។ ដោយសា​តែ​កម្ពុជា​និង​ថៃ នៅតែ​បន្ត​បិទ​ព្រំដែន ដូច្នេះ ពលរដ្ឋ​ខ្មែរ​ទាំងនោះ ត្រូវ​បង្ខំ​លបលួច​ចូល​ប្រទេស​ថៃ តាម​ច្រក​ផ្សេងៗ ដែល​គ្មាន​សមត្ថកិច្ច​ឈរជើង ដើម្បី​ទៅ​ស្វែងរក​ការងារ​ធ្វើ​វិញ​។ ពេលខ្លះ​ពលរដ្ឋ​ខ្មែរ ដែល​លួច​ឆ្លងដែន​ទាំងនោះ ត្រូវ​សមត្ថកិច្ច​កម្ពុជា ប្រទះឃើញ ហើយក៏​រារាំង ហើយ​ពេលខ្លះ បាន​ចូល​ទៅដល់​ទឹកដី​ថៃ ក៏ត្រូវ​សមត្ថកិច្ច​ថៃ ចាប់បញ្ជូន​មកវិញ​។ បច្ចុប្បន្ន នៅតែមាន​ពលរដ្ឋ​ខ្មែរ បន្ត​លួច​ឆ្លងដែន ចូលទៅ​ថៃ​។ 
 
​គេ ពុំ​ដឹងថា រដ្ឋមន្ត្រីការបរទេសថៃ ​ឆ្លើយតប​យ៉ាងណា ឬក៏​មិន​ឆ្លើយតប​នោះទេ ចំពោះ​សំណើ​របស់​រដ្ឋមន្ត្រីការបរទេស​កម្ពុជា ដែល​សុំ​ភាគី​ថៃ ជួយ​សម្រួល​ឲ្យ​ពលករ​កម្ពុជា​បាន​ទៅធ្វើ​ការ​នៅ​ថៃ​វិញ និង​ជួយ​ប​ញ្ចុះតម្លៃ​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក ដោយសារតែ​សេចក្តីប្រកាស​ព័ត៌មាន ពុំបាន​សរសេរ​។ 
 
​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​ដដែល លោក ប្រាក់ សុខុន បាន​អរគុណ​ភាគី​ថៃ ចំពោះ​ការពន្យារ​សុពលភាព​ទិដ្ឋាការ​ស្នាក់នៅ និង​បណ្ណ​អនុញ្ញាត​ឲ្យ​ធ្វើការ ដល់​ពលករ​កម្ពុជា ព្រមទាំង​បង្កើត​អត្ថប្រយោជន៍​សម្រាប់​អ្នក​បាត់បង់​ការងារ​និង​អត្ថប្រយោជន៍​ផ្នែក​សង្គម​នានា ដល់​ពលករ ដែល​ត្រូវបាន​ព្យួរការងារ​។ ជាមួយគ្នានេះ លោក បាន​សង្កត់ធ្ងន់​ពី​សារសំខាន់​នៃ​ការផ្លាស់ប្តូរ​ព័ត៌មាន និង​កិច្ចសហប្រតិបត្តិកា​រយ៉ា​ង​ជិតស្និទ្ធ ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩ ហើយ​សង្ឃឹមថា វ៉ាក់សាំង​របស់​ថៃ នឹងត្រូវ​បាន​ផលិត​ដោយ​ជោគជ័យ​និង​ដាក់​ឲ្យ​ប្រើប្រាស់​ក្នុងពេល​ឆាប់ៗ​។ 
 
​បន្ថែម​ពីនេះ ប្រមុខ​ការទូត​កម្ពុជា បាន​អរគុណ​រដ្ឋាភិបាល​ថៃ ដែល​បាន​ផ្តល់ជំនួយ​ថវិកា​និង​បរិក្ខារ​ពេទ្យ​ដល់​កម្ពុជា ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ សេចក្តីប្រកាស​ព័ត៌មាន សរសេរថា ប្រមុខ​ការទូត​ថៃ បាន​អរគុណ​រដ្ឋាភិបាល​កម្ពុ​ជា​វិញ ចំពោះ​ការជួយ​សម្រួល​ដល់​ការធ្វើ​មាតុភូមិ​និវត្ត​របស់​ពលរដ្ឋ​ថៃ ក្នុងអំឡុង​កូ​វីដ​-១៩​។ ប្រមុខ​ការទូត​ទាំងពីរ បាន​សរសើរ​គ្នា​ទៅវិញទៅមក លើ​កិច្ចការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​-១៩​។ 
 
​លើសពីនេះ លោក ប្រាក់ សុខុន និង លោក ដុន ប្រា​មុដ​វី​ណៃ បង្ហាញ​ក្តី​រីករាយ ចំពោះ​ពាណិជ្ជកម្ម​ដ៏​រឹងមាំ​នៃ​ប្រទេស​ពីរ បើទោះបីជា​មានការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​ក្តី​។ សេចក្តីប្រកាស​ព័ត៌មាន បាន​ឲ្យ​ដឹងថា ភាគី​កម្ពុជា បានស្នើ​ភាគី​ថៃ ឲ្យ​ជួយ​សម្រួលការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងដែន បង្កើន​ការ​នាំចូល​កសិផល​រប​ស់​កម្ពុជា ព្រមទាំង​ព​ន្លឿ​ន​ការចុះហត្ថលេខា​លើ​អនុស្សារណៈ​យោគយល់​គ្នា​ស្តីពី​ការដឹកជញ្ជូន​ឆ្លងដែន និង​ការងារ​សំខាន់ៗ​ដទៃទៀត​៕  

Tag:
 កម្ពុជា​-​ថៃ​
  ពលករ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com