COVID-19
ជាតិ
កូវីដ-១៩នៅកម្ពុជាឡើងសរុបដល់២៨០ករណីហើយ ក្រោយករណីបុរសបារាំង និងស្ត្រីឥណ្ឌា
05, Oct 2020 , 8:53 am        
រូបភាព
ដោយ: ថ្មីៗ
អ្នកកើតកូវីដ-១៩ នៅកម្ពុជា ឡើងដល់២៨០នាក់ បន្ទាប់ពីក្រសួងសុខាភិបាល បានប្រកាសពីករណីវិជ្ជមានបុរសបារាំងអាយុ២៧ឆ្នាំ និងស្ត្រីឥណ្ឌា អាយុ៣៤ឆ្នាំ។ បច្ចុប្បន្ន អ្នកជំងឹដែលនៅសម្រាកព្យាបាលឡើងដល់៥នាក់ ខណៈ២៧៥នាក់ បានជាសះស្បើយ។



បើតាម​ក្រសួងសុខាភិបាល បុរស​បារាំងអាយុ​២៧​ឆ្នាំ មានអាសយដ្ឋាននៅភូមិវត្តដំណាក់ សង្កាត់សាលាកំរើក ក្រុងសៀមរាប។ គាត់​ធ្វើដំណើរមកពី​បារាំង ដោយឆ្លងកាត់​សិង្ហបុរី និងមកដល់កម្ពុជានៅ​ថ្ងៃទី​២០ ខែកញ្ញា។ លទ្ធផលតេស្តបឋមអវិជ្ជមាន ហើយគាត់បានសម្រាកនៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ មុន​នឹងធ្វើដំនើរ​តាម​រថយន្ត Larryta Minibus ទៅ​សៀមរាបកាលពីយប់​ថ្ងៃទី​២២ ខែកញ្ញា។

រថយន្តដែលជិះនោះមានគ្នា​៤នាក់ ក្នុងនោះមាន​អ្នកដំណើរ២នាក់ផ្សេងទៀត និង​អ្នក​បើកបរ។ បុរសបារាំងនោះ ជិះកៅអីមុខគេ ដោយពាក់ម៉ាស់។ ទៅដល់សៀមរាប គាត់បន្តធ្វើ​ចត្តាឡីស័ក ហើយនៅថ្ងៃទី​៣ ខែតុលា លទ្ធផលតេស្តឡើង​វិញ ឃើញថា គាត់មានវិជ្ជមាន COVID-19។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត​។

ក្រោយករណីនេះ ក្រសួង​បាន​បន្ត​យក​ចិត្តទុក​ដាក់តាមដាន​វត្ថុសំណាកអ្នកជិះយន្តហោះជាមួយបុរស​បារាំង ដែលមាន​សរុប​៩៨នាក់ ដោយ​​លទ្ធផល​៥០ភាគរយហើយដែល​បង្ហាញថាអវិជ្ជមាន ខណៈអ្នកប៉ះពាល់ផ្សេងទៀត សុទ្ធតែអវិជ្ជមានដូចគ្នា។

រីឯស្ត្រីឥណ្ឌាអាយុ៣៤​ឆ្នាំ គាត់ស្នាក់នៅសណ្ឋាគារមួយក្នុងរាជធានីភ្នំពេញ ដែល​ធ្វើ​ដំណើរ​ពី​ក្រុងដេលី តាម​ជើងហោះហើរ មកដល់​កម្ពុជានៅ​ថ្ងៃទី​២០ ខែកញ្ញា។ តេស្តទី១ គឺអវិជ្ជមាន តែដល់​ថ្ងៃទី​១៣នៃចត្តាឡីស័ក ទើបឃើញ​វិជ្ជមាន។ បច្ចុប្បន្ន គាត់សម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខ្មែរសូវៀត រីឯកូន២នាក់ និង​បុរសសាច់ញាតិម្នាក់ទៀត បន្ត​ចត្តាឡីស័ក។

ក្រសួង​សុខាភិបាល បញ្ជាក់ថា ស្ត្រីឥណ្ឌារូបនេះ ធ្វើ​ដំណើរតាមយន្តហោះក្នុងចំណោម​មនុស្ស​៨៤នាក់។

គិតត្រឹមថ្ងៃនេះ អ្នកកើតកូវីដ-១៩ នៅកម្ពុជាឡើងដល់២៨០ករណី (ស្ត្រី​៥៦នាក់ និង​បុរស​២២៤នាក់) ដែលក្នុងនោះ​២៧៥នាក់បានជាសះស្បើុយ។

អ្នកជំងឺ​៥នាក់​ដែល​កំពុងសម្រាកព្យាបាល​រួមមាន ស្ត្រី​ឥណ្ឌា (ពេទ្យខ្មែរ-សូវៀត), បុរសចិន (មណ្ឌល​ចាក់អង្រែ), បុរសហុងគ្រី និង​បុរស​បារាំង (ពេទ្យបង្អែកសៀមរាប), ស្ត្រីខ្មែរមកពីអាមេរិក (ពេទ្យបង្អែកបាត់ដំបង)៕


© រក្សាសិទ្ធិដោយ thmeythmey.com