COVID-19
អន្តរជាតិ
សកម្មភាព​ជាច្រើន​រប​ស់លោក Trump ធ្វើ​ឲ្យ​លំបាក​ស្វែងរក​ដាន​នៃ​ការឆ្លង​ជំងឺ​កូ​វីដ​១៩
05, Oct 2020 , 7:59 pm        
រូបភាព
​រូប​ឯកសារ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​អ្នកស្រី​ចៅក្រម Amy Coney Barrett ឈរលើ​វេទិកា​នៅក្នុង​ឧទ្យាន​ផ្កា​កុលាប​ដោយមាន​អ្នកចូលរួម​អង្គុយ​ក្បែរ​គ្នា ក្នុង​ពិធី​តែងតាំង​អ្នកស្រី Barrett ជា​បេក្ខជន​ចៅក្រម​តុលាការ​កំពូល នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​។
​រូប​ឯកសារ​៖ ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​អ្នកស្រី​ចៅក្រម Amy Coney Barrett ឈរលើ​វេទិកា​នៅក្នុង​ឧទ្យាន​ផ្កា​កុលាប​ដោយមាន​អ្នកចូលរួម​អង្គុយ​ក្បែរ​គ្នា ក្នុង​ពិធី​តែងតាំង​អ្នកស្រី Barrett ជា​បេក្ខជន​ចៅក្រម​តុលាការ​កំពូល នៅ​រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃ​សៅរ៍ ទី​២៦ ខែកញ្ញា ឆ្នាំ​២០២០​។
ដោយ: VOA
​ក្រុមអ្នកវិភាគ​និយាយថា ព្រឹត្តិការណ៍​ខ្លះ​ដែល​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump បាន​ចូលរួម​កាលពី​សប្តាហ៍​មុន ទំនងជា​ពិធី​ដែល​នាំ​ឲ្យ​ងាយ​មានការ​ឆ្លង​ជំងឺ​កូ​វីដ​១៩ ហើយ​ដែល​នេះ​បា​នស​ន្ស​ល់​ទុក​នូវ​ដាន​នៃ​អ្នក​ដែល​បាន​ឆ្លង​យ៉ាងច្រើន ហើយ​ដែល​កំពុង​ធ្វើ​ឲ្យ​ពិបាក​កំណត់ថា តើ​អ្នកណា​បាន​ចម្លង​អ្នកណា​។​

 
​កាលពី​ថ្ងៃ​សុក្រ​សប្តាហ៍​មុន លោក​ប្រធានាធិបតី បាន​ចូល​រួមការ​រៃអង្គាសប្រាក់ នៅឯ​សណ្ឋាគារ​របស់លោក ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​។ លោកស្រី Ronna McDaniel ប្រធាន​គណៈកម្មាធិការ​ជាតិ​របស់​គណបក្ស​សាធារណរដ្ឋ ដែល​បាន​ស្ថិតនៅក្នុង​ពិធី​នោះ បានធ្វើ​តេស្ត​វិជ្ជមាន មាន​ជំងឺ​កូ​វីដ​១៩​។​
 
​នៅ​ថ្ងៃ​បន្ទាប់ សេត​វិមាន​បាន​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ពី​ធី​សម្រាប់​លោកស្រី​ចៅក្រម Amy Coney Barrett ដែលជា​អ្នក​បានទទួល​បានការ​តែងតាំង​ពី​លោក Trump ដើម្បី​ជំនួស​ចៅក្រម​តុលាការ​កំពូល Ruth Bader Ginsburg ដែល​បានទទួល​មរណភាព​។​
 
​សមាជិក​ព្រឹទ្ធសភា​ពីរ​នាក់ ដែល​បាន​ចូលរួម​ពិធី​នោះ​គឺ​លោក Thom Tillis នៃ​រដ្ឋ North Carolina និង​លោក Mike Lee មកពី​រដ្ឋ Utah រួមជាមួយ​លោក John Jenkins សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ Notre Dame បាន​រាយការណ៍​ថា ពួកគេ​បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​។​
 
​នៅឯ​ការជជែក​ដេញដោល​រវាង​បេក្ខជន​ប្រធានាធិបតី កាលពី​ថ្ងៃ​អង្គារ ក្នុង​ទីក្រុង Cleveland រដ្ឋ Ohio លោកស្រី Melania Trump ភរិយា​លោក​ប្រធានាធិបតី និង​កូន​របស់លោក Trump បាន​អង្គុយ​ក្នុង​សាល​ដោយ​មិនមាន​ការពាក់​ម៉ាស់ ទោះបី​វេជ្ជបណ្ឌិត​មកពី​គ្លីនិក​ក្រុង Cleveland បាន​ឲ្យ​ម៉ាស់​ទៅ​ពួកគេ​ក៏ដោយ​។​
 
​លោក Bill Stepien នាយក​យុទ្ធនាការ​ឃោសនាបោះឆ្នោត​របស់លោក Trump បាន​រាយការណ៍​ថា លោក​ធ្វើតេស្ត​ឃើញ​មាន​ជំងឺ​កូ​វីដ​១៩ ក្រោយពី​លោក​បានធ្វើ​ដំណើរ​ទៅ​ក្រុង Cleveland​។​
 
​កាលពី​ថ្ងៃ​ពុធ លោក​ប្រធានាធិបតី​បានធ្វើ​ដំណើរ​ទៅ​រដ្ឋ Minnesota ដើម្បី​ចូលរួម​ពិធី​រៃអង្គាស​ថវិកា​មួយ ដោយ​ត្រូវ​អមដំណើរ​ដោយ​ជំនួយការ​កំពូល​ម្នាក់​របស់លោក គឺ​អ្នកស្រី Hope Hicks​។​
 
​អ្នកស្រី Hicks បាន​ធ្លាក់ខ្លួន​ឈឺ​ពេល​ត្រឡប់មក​រដ្ឋធានី​វ៉ាស៊ីនតោន​វិញ ហើយ​អ្នកស្រី​ក៏បាន​ធ្វើដំណើរ​ជាមួយ​លោក Trump នៅ​ក្រុង Cleveland ដែរ​។ អ្នកស្រី Hope Hicks ត្រូវបាន​រាយការណ៍​ថា បានធ្វើ​តេស្ត​ឃើញ​មាន​កូ​វីដ​១៩ កាលពី​ថ្ងៃ​ព្រហស្បតិ៍ គឺ​មួយ​ថ្ងៃមុន​ការប្រកាស​របស់លោក Trump និង​ភរិយា​លោក ថា អ្នក​ទាំងពីរ​ក៏​ធ្វើតេស្ត​វិជ្ជមាន​មាន​វីរុស​នេះ​៕
 

© រក្សាសិទ្ធិដោយ thmeythmey.com