COVID-19
អន្តរជាតិ
លោក វី​ដូ​ដូ ការពារ​វិធានការ​ប្រឆាំង COVID-19 ក្រោយ​ត្រូវ​រិះគន់ថា គិត​សេដ្ឋកិច្ច​ជាង​បញ្ហា​សុខភាព​
05, Oct 2020 , 9:59 pm        
រូបភាព
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ សួរសុខទុក្ខប្រជាជននាពេលកន្លងមក។ រូបភាព​ AFP
ប្រធានាធិបតីឥណ្ឌូណេស៊ី ចូកូ វីដូដូ សួរសុខទុក្ខប្រជាជននាពេលកន្លងមក។ រូបភាព​ AFP
​ដោយ៖កង ម៉េង​ហុង​
 
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក ចូ​កូ វី​ដូ​ដូ បាន​និយាយ​ការពារ​វិធានការ​រប​ស់​រដ្ឋាភិបាល​របស់លោក​ក្នុងការ​ទប់ទល់​ការ​រាលដាល​ជំងឺ COVID-19 ។ វិធានការ​របស់លោក ត្រូវបាន​រិះគន់ថា គិតគូរ​រឿង​សេដ្ឋកិច្ច​ជាង​សុខភាព​ប្រជាជន​។ លោក វី​ដូ​ដូ ស្នើ​ឲ្យ​ប្រជាជន​រួមគ្នា​ជាជាង​ធ្វើ​អ្វីដែល​រំជើបរំជួល​។

 
​ឥណ្ឌូណេស៊ី ជា​ប្រទេស​មាន​ករណី​ឆ្លង COVID-19 ច្រើនជាងគេ​នៅ​អាស៊ីអាគ្នេយ៍​។ គិត​ត្រឹម​ថ្ងៃទី​៤ ខែតុលា ឥណ្ឌូណេស៊ី មាន​ករណី​ឆ្លង​សរុប​ជាង​៣០​ម៉ឺន​នាក់ និង​ស្លាប់​១១​ពាន់​នាក់​។ រដ្ឋាភិបាល​ប្រធានាធិបតី ចូ​កូ វី​ដូ​ដូ មិនបាន​ចាត់វិធានការ​តឹងរ៉ឹង​ខ្លាំង​ដើម្បី​ទប់ស្កាត់​ការ​រាលដាល​ឡើយ ហើយក៏​មិនបាន​បិទ​ក្រុង ឬ​ទីតាំង​ដែលមាន​ករណី​ឆ្លង​ច្រើន​ដែរ​។ 
 
​ទាក់ទិន​នឹង​បញ្ហា​នេះ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​ដែល​គេ​ស្គាល់​តាម​ឈ្មោះ​ដ៏​មាន​ប្រជាប្រិយ លោក  ចូ​កូ​វី បាន​ថ្លែង​ការពារ​ការសម្រេចចិត្ត​របស់លោក​ដែល​មិន​ឲ្យ​មាន​ការបិទ​ទូទាំង​ខេត្ត ឬ​នៅតាម​ទីប្រជុំជន ជា​កន្លែង​ដែល​ករណី​ឆ្លង​នៅតែ​បន្ត​កើនឡើង​។ លោក​អះអាងថា វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​។ 
 
«​ការផ្តល់​អាទិភាព​ដល់​បញ្ហា​សុខភាព​មិនមែន​មានន័យ​ថា យើង​កំពុង​លះបង់​សេដ្ឋកិច្ច​នោះទេ ព្រោះ​ការលះបង់​សេដ្ឋកិច្ច ស្មើនឹង​ការលះបង់​ជីវិត​មនុស្ស​រាប់សិប​លាន​នាក់​។ ការយក​ឈ្នះ​លើ​រោគរាតត្បាត​ជា​រឿង​ពិបាក​ដែល​វា​ទាមទារ​អោយ​យើង​ធ្វើការ​រួមគ្នា ប៉ុន្តែ​ខ្ញុំ​ប្រាកដថា យើង​អាចធ្វើ​វា​បាន​។​» នេះ​ជាការ​លើកឡើង​របស់លោក ចូ​កូ​វី ក្នុង​សុន្ទរកថា​ដែល​ផ្សាយ​ការិយាល័យ​លោក​។ លោក​បន្តថា អ្វីដែល​សំខាន់បំផុត​នៅក្នុង​ស្ថានភាព​នេះ គឺ​មិនគួរ​វាយប្រហារ​គ្នា ហើយក៏​មិនគួរ​មាន​ភាពច្របូកច្របល់​ដែរ​។​
 
​លោក​ប្រធានាធិបតី​ក៏បាន​សន្យា​បញ្ជា​ឱ្យ​រដ្ឋមន្ត្រី​របស់លោក​ធ្វើ​ឲ្យ​ប្រសើរឡើង​ការឆ្លើយតប​របស់​ពួកគេ​ចំពោះ​វិបត្តិ​នេះហើយ​បាន​ជំរុញ​ឲ្យ​ប្រជាជន​តវ៉ា​ពេល​មាន​បញ្ហា ឬ​ផ្តល់យោបល់​ដល់​រដ្ឋាភិបាល​ផងដែរ​។​
 
​អ្នកជំនាញ​សុខភាព​សាធារណៈ​មួយចំនួន បាន​រិះគន់​រដ្ឋាភិបាល​ចំពោះ​ការផ្តល់​អាទិភាព​ដល់​សេដ្ឋកិច្ច​ជាជាង​បញ្ហា​សុខភាព​សាធារណៈ​។ ថ្មីៗ​នេះ​ក្រសួងសុខាភិបាល​ឥណ្ឌូណេស៊ី ក៏​រង​ការរិះគន់​យ៉ាងខ្លាំង​ពី​ក្រុម​អ្នកស្ម័គ្រចិត្ត និង​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​លើ​អ្វីដែល​ពួកគេ​យល់ថា ជាការ​ចំណាយ​មិន​គ្រប់គ្រាន់​ដើម្បី​ទប់ស្កាត់​ជំងឺ​រាតត្បាត ការការពារ​មិន​គ្រប់គ្រាន់​សម្រាប់​បុគ្គលិក​សុខាភិបាល និង​តម្លៃ​ខ្ពស់​សម្រាប់​ការធ្វើ​តេស្ត​រក​មេរោគ​នៅតាម​មន្ទីរពេទ្យ​ឯកជន​៕
 

Tag:
 ឥណ្ឌូណេស៊ី​
  COVID-19
  ចូ​កូ វី​ដូ​ដូ
© រក្សាសិទ្ធិដោយ thmeythmey.com