COVID-19
អន្តរជាតិ
ទោះករណីឆ្លងកើនរាលដាលខ្លាំង លោក ឌូទើតេ នៅតែទទួលការគាំទ្រខ្ពស់អំឡុងវិបត្តិកូវីដ-១៩ លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ ។ រូបភាព៖ ការិយាល័យប្រធានាធីបតីហ្វីលីពីន
× ប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូទើតេ បន្តរក្សាអត្រាគាំទ្រ និងទំនុកចិត្តខ្ពស់ពីប្រជាជនលោក ទោះបីការផ្ទុះរាលដាលជំងឺកូវីដ-១៩ក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះធ្ងន់ធ្ងរក៏ដោយក្តី។ ការស្ទង់មតិមួយចុះផ្សាយនៅថ្ងៃទី ៥ ខែតុលា ថា មនុស្ស៩នាក់ក្នុងចំណោម១០នាក់គាំទ្រការដឹកនាំរបស់មេដឹកនាំរូបនេះ។
ការស្ទង់មតិថ្នាក់ជាតិមួយដែលរៀបចំឡើងដោយស្ថាប័នស្រាវជ្រាវឯករាជ្យ Pulse Asia ចន្លោះពីថ្ងៃទី ១៤-២០ ខែកញ្ញា បានបង្ហាញថា ៩១ភាគរយនៃប្រជាជនហ្វីលីពីន១២០០នាក់ ចាប់ពីអាយុ១៨ឆ្នាំឡើងទៅ ដែលចូលរួមការស្ទង់មតិនេះ ពេញចិត្តចំពោះការងាររបស់លោក រ៉ូឌ្រីហ្គោ ឌូទើតេ ក្នុងការចាត់ចែងកិច្ចការទប់ទល់ជំងឺកូវីដ-១៩ ។
ការស្ទង់មតិដដែល បង្ហាញថា អត្រាគាំទ្រនិងទំនុកចិត្តរបស់លោកឌូទើតេថ្មីនេះ កើនឡើង៤ភាគរយ បើធៀបនឹងការស្ទង់មតិក្នុងខែធ្នូឆ្នាំ២០១៩ ដែលមាន៨៣ភាគរយ។ យ៉ាងណាមិញ ស្ថាប័នស្រាវជ្រាវឯករាជ្យ Pulse Asia ពុំមានរបាយការណ៍ស្ទង់មតិក្នុងពាក់កណ្ដាលឆ្នាំ២០២០ឡើយ ដោយលើកហេតុផលថា វិធានការបិទប្រទេសរបសរដ្ឋាភិបាលរារាំងខ្លួនក្នុងការរៀបចំការស្ទង់មតិ។
អត្រាគាំទ្រលើការដឹកនាំរបស់លោកឌូទើតេ នៅបន្តកើនឡើង ទោះបីជាហ្វីលីពីន ជាប្រទេសរងគ្រោះខ្លាំងបំផុតមួយដោយសារជំងឺកូវីដ-១៩ ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។
បើគិតត្រឹមថ្ងៃទី ២០ ខែកញ្ញា នៅពេលដែលការស្ទង់មតិរបស់ស្ថាប័ន Pulse Asia បិទបញ្ចប់ ហ្វីលីពីនមានករណីឆ្លងកូវីដ-១៩ ចំនួន ២៨៦ ០០០ករណី ហើយតួលេខបន្តឡើងដល់ជាង៣២២ ០០០ករណី គិតត្រឹមថ្ងៃទី ៤ ខែតុលា។ ខណៈមានករណីឆ្លងនិងស្លាប់ច្រើន សេដ្ឋកិច្ចប្រទេសហ្វីលីពីន ក៏កំពុងប្រឈមការដាំក្បាលចុះធ្ងន់ធ្ងរផងដែរ។
បច្ចុប្បន្ន ហ្វីលីពីន កំពុងប្រយុទ្ធប្រឆាំងជាមួយការកើនឡើងករណីឆ្លងកូវីដ-១៩ ចាប់តាំងជំងឺកើតមានជាលើកដំបូងក្នុងប្រទេសនេះក្នុងខែមករាមក ។ ជាការឆ្លើយតប លោកប្រធានាធិបតី ឌូទើតេ បានដាក់ចេញវិធានការបិទប្រទេសក្នុងពាក់កណ្ដាលខែមីនាដើម្បីព្យាយាមទប់ស្កាត់ការផ្ទុះរាលដាលជំងឺនេះ៕
Tag:
ហ្វីលីពីន
រ៉ូឌ្រីហ្គោ ឌូទើតេ
កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com