COVID-19
អន្តរជាតិ
ប្រមុខ​ការទូត​អាមេរិក សុំ​ការយោគយល់​ពី​កូរ៉េខាងត្បូង​ក្រោយ​លុបចោល​គម្រោង​ទស្សនកិច្ច​
05, Oct 2020 , 10:39 pm        
រូបភាព
ប្រមុខការទូតអាមេរិក លោកម៉ៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
ប្រមុខការទូតអាមេរិក លោកម៉ៃ ប៉ុមប៉េអូ។ រូបភាព៖ Reuters
​ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ បានស្នើ​ឲ្យ​សម​ភាគី​កូរ៉េខាងត្បូង លោកស្រី Kang Kyung-wha យោគយល់​ពី​ការលុបចោល​ដំណើរ​ទស្សនកិច្ច​មក​កូ​រ៉េ​ខាងត្បូង​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Yonhap នៅ​ថ្ងៃទី​៥ ខែតុលា​។



 
​បន្ទាប់ពី​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ​មាន​ផ្ទុក COVID-19 ទស្សនកិច្ច​របស់​ប្រមុខ​ការទូត​អាមេរិក លោក​ម៉ៃ ប៉ុ​ម​ប៉េ​អូ មក​អាស៊ី​ខាងកើត​ក៏ត្រូវ​កាត់បន្ថយ​ដែរ​។ ក្នុង​សេចក្តីប្រកាស​នាពេល​ថ្មីៗ​នេះ លោក ប៉ុ​ម​ប៉េ​អូ នឹង​មក​ទស្សនកិច្ច​តែ​ជប៉ុន​ប៉ុណ្ណោះ និង​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្ទនា​សន្តិសុខ​៤​ភាគី តែ​គម្រោង​ទៅ​ម៉ុង​ហ្គោ​លី និង​កូរ៉េខាងត្បូង ត្រូវ​លុបចោល​។ 
 
​ប្រមុខ​ការទូត​អាមេរិក ក៏បាន​សុំ​ឲ្យ​កូរ៉េខាងត្បូង​យោគយល់​ពី​ចំពោះ​ការមិន​បាន​ទៅ​ទស្សនកិច្ច​នៅ​ទីក្រុង​សេ​អ៊ូ​ល​លើក​នេះ​។ បើតាម​ក្រសួងការបរទេស​កូរ៉េខាងត្បូង រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក​ប៉ុ​ម​ប៉េ​អូ បាន​ពន្យល់ថា ដំណើរ​ទស្សនកិច្ច ដែល​គ្រោង​ធ្វើ​នៅ​សប្តាហ៍​នេះ ត្រូវបាន​ពន្យារ​ដោយសារ​ភាគី​អាមេរិក មាន​បញ្ហា​មិនអាច​បញ្ចៀស​បាន និង​ស្នើ​ឲ្យ​ភាគី​កូរ៉េខាងត្បូង​យោគយល់​។ 
 
​ជាការ​ឆ្លើយតប រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង លោកស្រី​Kang Kyung-wha បាន​យោគយល់​ពី​បញ្ហា​នេះ និង​ជូនពរ​ឲ្យ​លោក​ប្រធានាធិបតី​ជាសះស្បើយ​ពី COVID-19 ក្នុងពេល​ឆាប់ៗ​នេះ​។​
 
​សូមបញ្ជាក់ថា ក្រសួងការបរទេស​អា​មេ​រិ​ក នៅ​ថ្ងៃទី​២៩ ខែកញ្ញា បាន​បញ្ជាក់ថា ប្រមុខ​ការទូត​អាមេរិក លោក ម៉ៃ ប៉ុ​ម​ប៉េ​អូ នឹង​ទស្សនកិច្ច​មក​ជប៉ុន កូរ៉េខាងត្បូង និង​ម៉ុង​ហ្គោ​លី ចាប់ពី​ថ្ងៃទី​៤ ខែតុលា ដល់​ថ្ងៃទី​៨​ខែតុលា​៕ 

Tag:
 អាមេរិក​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com