កីឡាអន្តរជាតិ
រថយន្ត
កីឡាករ Kevin-Prince Boateng អះអាងថា ធ្លាប់​ទិញ​រថយន្ត​បី​ក្នុង​ថ្ងៃ​តែមួយ តែ​នៅតែ​មិន​សប្បាយចិត្ត​
05, Oct 2020 , 7:39 pm        
រូបភាព
ដោយ: ធីតា
ខ្សែបម្រើ​អាល្លឺម៉ង់​-​ហ្គា​ណា Kevin-Prince Boateng បាន​អះអាងថា ខ្លួន​ធ្លាប់​ចំណាយលុយ​ទិញ​រថយន្ត​ដល់​ទៅ​៣​ក្នុង​ថ្ងៃ​តែមួយ​ដើម្បី​ឲ្យ​ខ្លួន​សប្បាយចិត្ត ប៉ុន្តែ​គេ​នៅតែ​មិន​ជ្រះស្រឡះ​ពី​ទុក្ខ​កង្វល់​ដដែល​។ កីឡាករ​បាល់ទាត់​ដែលមាន​ប្រវត្តិ​លេង​នៅ​ក្លិប​អាល្លឺម៉ង់ អង់គ្លេស អ៊ីតាលី និង​អេ​ស្ប៉ា​ញ រូបនេះ បាន​អះអាង​យ៉ាង​ដូច្នេះ​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន La Repubblica​។​

 
Boateng ដែល​បច្ចុប្បន្ន​ធ្លាក់​ទៅលេង​ឲ្យ​ក្លិប Monza ក្របខណ្ឌ Serie B របស់​អ៊ីតាលី បាន​បញ្ជាក់ថា គេ​បានចាត់ទុក​ការលេង​បាល់ទាត់​ដូចជា​គ្រឿង​កំដរ​ជីវិត ដោយមាន​ផ្តោតលើ​ការងារ​ចំ​ពេញលេញ​នោះឡើយ​។ «​ខ្ញុំ​នឹង​ត្រឡប់​ទៅវិញ ហើយ​និយាយថា ខ្ញុំ​មិនបាន​ចាត់ទុក​បាល់ទាត់​ដូចជា​ការងារ​នោះឡើយ​»​។​
 
Boateng ជា​អតីត Tottenham Hotspur, Portsmouth, AC Milan និង​ក្លិប​ជាច្រើន​ទៀត ក្នុងនោះ​ធ្លាប់​លេង​ជា​កីឡាករ​ខ្ចី​ជើង​នៅ Borussia Dortmund និង Barcelona​។ កាលពី​រដូវ​កាល​មុន Boateng លេង​ឲ្យ Fiorentina និង​ខ្ចី​ជើង​នៅ Besiktas មុនពេល​ផ្ទេរ​ទៅកាន់ Monza​។​
 
​ក្នុង​បទ​សម្ភាស Boateng បានការ​ពារ​នូវ​អ្វីដែល​ខ្លួន​បាន​និយាយថា​៖ «​ខ្ញុំ​មិនមែន​ឡប់​ឆ្កួត​នោះឡើយ ខ្ញុំ​មាន​ទេពកោសល្យ​។ ខ្ញុំ​ហ្វឹកហាត់​បន្តិចបន្តួច ពោលគឺ​មួយ​ម៉ោង​នៅលើ​ទីលាន​។ ខ្ញុំ​ទៅដល់​យឺត​ជាងគេ ហើយ​ចេញ​លឿន​ជាងគេ បន្ទាប់មក​ទៅ​ដើរលេង​ជាមួយ​មិត្តភក្តិ​»​។​
 
​វ័យ​៣៣​ឆ្នាំ Boateng ដែល​ធ្លាប់​លេង​ឲ្យ​យុវជន​ជម្រើសជាតិ​អាល្លឺម៉ង់ ហើយ​ទៅ​ចូលរួម​ក្នុង​ក្រុម​ជម្រើសជាតិ​ហ្គា​ណា​ចន្លោះ​ពី​ឆ្នាំ​២០១០ ដល់​ឆ្នាំ​២០១៤ បាន​អះអាងថា ខ្លួន​តែងតែ​ធ្វើ​គ្រប់បែបយ៉ាង​ដើម្បី​ភាពសប្បាយ​រីករាយ​ក្នុង​ជីវិត​។ «​ខ្ញុំ​មាន​លុយ ខ្ញុំ​រស់នៅ​ដូចជា​ស្តេច​។ ខ្ញុំ​បាន​ទិញ​រថយន្ត​៣​គ្រឿង​ក្នុងពេល​តែមួយ ខណៈដែល​ខ្ញុំ​លេង​ឲ្យ Spurs [២០០៧-២០០៩] ក្នុងនោះ​មាន Lamborghini, Hummer និង Cadillac»​។​
 
​ទោះបីជា​យ៉ាងណាក៏ដោយ Boateng បាន​អះអាង លុយ​មិនអាច​ទិញ​ភាពសប្បាយ​ចិត្តបាន​នោះឡើយ​។ «​សម្រាប់​យុវជន​ទាំងអស់ ខ្ញុំ​ចង់​ប្រាប់​ពួកគេ​ថា អ្នក​មិនអាច​ទិញ​ភាពសប្បាយ​បានឡើយ​។ ខ្ញុំ​អត់​បាន​លេង ខ្ញុំ​មាន​បញ្ហា​គ្រួសារ ខ្ញុំ​មិនជា​ប់​ក្នុង​ជម្រើស​ក្រុម​»​។​
 
​កីឡាករ​រូបនេះ បាន​បញ្ជាក់ថា គេ​បាន​ទិញ​រថយន្ត​បី​គ្រឿង ដោយ​រំពឹងថា មួយគ្រឿង​ធ្វើ​ឲ្យ​គេ​សប្បាយចិត្ត​មួយ​សប្តាហ៍ ហើយ​៣​គ្រឿង​សប្បាយចិត្ត​សម្រាប់​៣​សប្តាហ៍ ប៉ុន្តែ​នៅតែ​មិន​ដូច​បំណង​៕


 
 

© រក្សាសិទ្ធិដោយ thmeythmey.com