អន្តរជាតិ
ថៃ តែងតាំងរដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ក្រោយកៅអីទំនេរជាង១ខែ លោកArkhom Termpittayapaisith រដ្ឋមន្រ្តីហិរញ្ញវត្ថុថៃថ្មី។ រូបភាព៖ Bloomberg
× ព្រះមហាក្សត្រថៃ នៅថ្ងៃទី៥ ខែតុលា បានឡាយព្រះហស្ដលេខាតែងតាំង លោក Arkhom Termpittayapaisith ជារដ្ឋមន្ត្រីហិរញ្ញវត្ថុថៃថ្មី។ ការតែងតាំងនេះ ធ្វើឡើងបន្ទាប់ពីកៅអីរដ្ឋមន្ត្រីនេះ នៅទំនេរតាំងពីថ្ងៃទី១ ខែកញ្ញាកន្លងមក។
នៅដើមខែកញ្ញាកន្លងទៅ លោក Predee Daochai បានលាលែងពីតំណែងរដ្ឋមន្ត្រីហិរញ្ញាវត្ថុថៃ ដោយសារហេតុផលសុខភាព។ លោក Predee បានកាន់តំណែងជារដ្ឋមន្ត្រីហិរញ្ញវត្ថុត្រឹមតែ ២៦ថ្ងៃប៉ុណ្ណោះ។ ការលាលែងចេញពីតំណែងនេះ ធ្វើឡើងបន្ទាប់ពីលោក Predee បានខ្វែងគំនិតគ្នាជាមួយអនុរដ្ឋមន្ត្រីហិរញ្ញវត្ថុ Santi Promphat មកពីបក្សកម្លាំងប្រជារាស្ត្រ ទាក់ទងការតែងតាំងមន្ត្រីសំខាន់ៗរបស់ក្រសួង ពិសេសតំណែងអគ្គនាយកគយ។
បន្ទាប់ពីលោក Predee លាលែងចេញពីតំណែង កៅអីរដ្ឋមន្ត្រីមួយនេះ ត្រូវទុកចោលជាង១ខែ។ រហូតដល់ថ្ងៃទី៥ ខែតុលា ទើបព្រះមហាក្សត្របានឡាយព្រះហស្ដលេខាតែងតាំង លោក Arkhom ជារដ្ឋមន្ត្រីថៃថ្មី ដែលត្រូវចូលជាធរមានភ្លាមៗ។ នេះបើតាមការផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍ដែលដកស្រង់ចេញរាជក្រឹត្យក្នុងសៀវភៅរាជកិច្ច។
កន្លងមក លោក Arkhom ក៏ស្ថិតក្នុងចំណោមឥស្សរជនដែលនឹងក្លាយជារដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មីដែរ បូករួមទាំង លោក Prasong Poontaneat លេខាធិការអចិន្ត្រៃយ៍ក្រសួងហិរញ្ញវត្ថុ និងលោកKrairit Euchukanonchai ប្រធានក្រុមប្រឹក្សាក្រុមហ៊ុនប្រេង PTT និងធនាគារ Krungthai ដែរ។ ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចន្ទអូចា ព្យាយាមលាក់រឿងនេះ ដោយបានត្រឹមបង្ហើបថា បានបដិសេធពីពាក្យ រដ្ឋមន្ត្រីហិរញ្ញវត្ថុថ្មី ជាមនុស្សគ្រប់គ្នាធ្លាប់ស្គាល់។
សូមបញ្ជាក់ថា លោក Arkhom បានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យសេដ្ឋកិច្ច នៅសកលវិទ្យាល័យ Thammasat នៅក្នុងឆ្នាំ១៩៧៧ និង ត្រូវបានសកលវិទ្យាល័យWilliams College ក្នុងរដ្ឋ Massachusetts អាមេរិក ផ្តល់សញ្ញាបត្រអនុបណ្ឌិតសេដ្ឋកិច្ច នៅ១៩៨៣ ។ ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៣ លោក Arkhom ជាអគ្គលេខាធិការនៃក្រមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចជាតិថៃ ហើយនៅក្នុងឆ្នាំ២០១៥ លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រីដឹកជញ្ជូនក្នុងរដ្ឋាភិបាលយោធា៕
Tag:
ថៃ
ប្រាយុទ្ធ ចន្ទអូចា
Artkhoom Termpittayapaisith
© រក្សាសិទ្ធិដោយ thmeythmey.com