ជាតិ
​​​ន​យោ​បាយ​ជាតិ​
មេធាវី ដាក់​លិខិត​ជូន​ប្រធាន​តុលាការ​លើក​ទី​ពីរ សុំ​ឲ្យ​បើកសវនាការ​រឿង​លោក កឹម សុខា ឡើងវិញ​
05, Oct 2020 , 5:59 pm        
រូបភាព
លោក កឹម សុខា ដើរចូលតុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ កាលពីខែមករា ឆ្នាំ២០២០ (រូបពី AFP)
លោក កឹម សុខា ដើរចូលតុលាការរាជធានីភ្នំពេញ ដើម្បីចូលរួមសវនាការ កាលពីខែមករា ឆ្នាំ២០២០ (រូបពី AFP)
សហ​មេ​ធ​វី​ទាំង​បួនរូប​របស់លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ បានដាក់​លិខិត​ជាថ្មី ជូនទៅ​លោក តាំង ស៊ុន​ឡាយ ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ឲ្យ​បើកសវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា ឡើង​វី​ញ ក្រោយ​ផ្អាក​អស់​មួយរយៈ ដោយសារ​បារម្ភ​នឹង​ជំងឺ​កូ​វីដ​-១៩​។



​តាមរយៈ​លិខិត ធ្វើឡើង​នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០២០ សហ​មេធាវី លើក​ហេតុផល​ជម្រាប​ទៅ​លោក តាំង ស៊ុន​ឡាយ ថា បច្ចុប្បន្ន ស្ថានភាព​ជំងឺ​កូ​វីដ​-១៩ គឺ​រាជរដ្ឋាភិបាល គ្រប់គ្រង​បាន​ទាំងស្រុង ដូច​មាន​របាយការណ៍​របស់​ក្រសួងសុខាភិបាល បញ្ជាក់​រាល់ថ្ងៃ​។ លិខិត​នោះ បន្តថា ចំណែក តុលាការ ក៏បាន​បើក​ដំណើរការ​នីតិវិធី​ជំនុំ​ជម្រះក្តី [​លើ​សំណុំរឿង​ផ្សេងៗ​] ជា​ប្រក្រតី​រាល់ថ្ងៃ​ដែរ​។ 
 
​លោក តាំង ស៊ុន​ឡាយ ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរស័ព្ទ ថា លោក បាន​បញ្ជូន​លិខិត​នោះ ទៅកាន់​ក្រុមប្រឹក្សា​ជំនុំជម្រះ​លើ​សំណុំរឿង​របស់លោក កឹម សុខា ហើយ ដើម្បី​ពិនិត្យ​និង​ពិចារណា​។ លោក មានប្រសាសន៍ថា លោក មិន​ចង់​ពន្យល់​ឬ​ផ្តល់​ហេតុផល​អ្វី​ច្រើន ត្រឡប់​ទៅកាន់​ក្រុម​មេធាវី​របស់លោក កឹម សុខា វិញ​ឡើយ ដោយ​លោក រុញ​ឲ្យ​ទៅ​សួរ​ក្រុមប្រឹក្សា​ជំនុំជម្រះ ឬ​អ្នកនាំពាក្យ​។​
 
​លោក អ៊ី រិន្ទ អ្នកនាំពាក្យ​តុលាការ​រាជធានី​ភ្នំពេញ មិនអាច​បញ្ជាក់​បានឡើយ​ថា សំណុំរឿង​របស់លោក កឹម សុខា នឹងត្រូវ​បើកសវនាការ​ឡើងវិញ​តាម​សំណើ​របស់​ក្រុម​មេធាវី ឬក៏​ត្រូវ​បន្ត​ពន្យារពេល​។ ក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក និយាយថា​៖«​ទាល់តែ​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានដឹង [​ថា ត្រូវ​បើកសវនាការ​ឡើងវិញ ឬ​បន្ត​ពន្យារពេល​]​។ ចាំមើល​ខ្ញុំ បាន​ជួប​គាត់​សិន ចាំ​ខ្ញុំ សុំ​យោបល់​ពី​គាត់​»​។ 
 
​អ្នកស្រី ម៉េង សុភា​រី មេធាវី​ម្នាក់​របស់លោក កឹម សុខា លើកឡើងថា កាលពី​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២០ ក្រុម​មេធាវី​របស់​អ្នកស្រី បានដាក់​លិខិត​ជូនទៅ​ប្រធាន​តុលាការ​រាជធានី​ភ្នំពេញ​ម្តង​រួចមកហើយ ដើម្បី​សុំ​ឲ្យ​បើកសវនាការ​លើ​សំណុំរឿង​របស់លោក កឹម សុខា ឡើងវិញ តែ​ដោយសារតែ​តុលាការ មិនបាន​ធ្វើតាម ទើប​ក្រុម​មេធាវី ដាក់សំណើ​ជា​លើក​ទី​ពីរ​។ អ្នកស្រី​មេធាវី ថ្លែង​មកកាន់​សារព័ត៌មាន​ថ្មីៗ​ថា​៖«​ជាគោលការណ៍​ច្បាប់ ជនជាប់ចោទ ត្រូវ​ទទួលបាន​ការជំនុំជម្រះ​ឲ្យ​បាន​ឆាប់រហ័ស មិនអាច​ទុក​សំណុំរឿង ឲ្យ​នៅ​យូរ​បា​ទេ​»​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បង្ហើប​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​កន្លងមក​ថា សំណុំរឿង​របស់លោក កឹម សុខា អាច​នឹង​ពន្យារពេល​រហូតដល់​ឆ្នាំ​២០២៤​ឯណោះ គឺ​នៅក្រោយ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ​២០២២ និង​ការបោះឆ្នោត​ថ្នាក់ជាតិ​ឆ្នាំ​២០២៣​។ អ្នកស្រី ម៉េង សុភា​រី សុំ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ឡើយ ទៅនឹង​ប្រសាសន៍​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ដោយ​អ្នកស្រី មាន​ហេតុផល​ថា អ្នកស្រី មិនបានដឹង​ច្បាស់លាស់​ថា សម្តេច ពិតជា​មានប្រសាសន៍​បែបនេះ​មែន ឬក៏​អត់​។ 
 
​សាធារណជន ពុំ​បានឮ​ប្រសាសន៍​ផ្ទាល់​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នោះទេ តែ​គេ បានដឹង​តាមរយៈ​លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​រដ្ឋាភិបាល ដែល​បាន​ប្រាប់​សារព័ត៌មាន​នានា​។ លោក ផៃ ស៊ី​ផាន ធ្លាប់បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា សំណុំរឿង​របស់លោក កឹម សុខា អាច​ពន្យារពេល​ដល់​២០២៤ គឺ​គ្រាន់តែ​ជាការ​សន្និដ្ឋាន​របស់​ស​ម្តេច ប៉ុណ្ណោះ ដោយសារ​សំណុំ​រឿងនេះ​ស្មុគស្មាញ​ច្រើន​។ 
 
​សម្តេចនាយក​រដ្ឋមន្ត្រី នៅ​បង្ហើប​ទៀតថា ពេល​លោក កឹម សុខា ទៅ​ចូលរួម​បុណ្យសព​ម្តាយក្មេក​របស់​សម្តេច លោក បាន​សុំ​ឲ្យ​សម្តេច ជួយ​អន្តរាគមន៍​ក្នុងការ​ព​ន្លឿ​ន​សំណុំរឿង​របស់លោក តែ​សម្តេច តប​ថា អាស្រ័យ​លើ​តុលាការ​។ 
 
​តុលាការ​រាជធានី​ភ្នំពេញ ចាប់ផ្តើម​បើកសវនាការ​លើកដំបូង​លើ​សំណុំរឿង​របស់លោក កឹម សុខា កាលពី​អំឡុង​ខែមករា ឆ្នាំ​២០២០​។ ដោយសារតែ​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩ តុលាការ ក៏​ផ្អាក​សវនាការ​នេះ នៅក្នុង​អំឡុង​ខែមីនា ឆ្នាំ​២០២០ ដោយ​មកដល់ពេលនេះ មិនទាន់​បើក​ឡើងវិញ​នោះទេ​។ 
 
​សូម​រម្លឹកថា កម្លាំង​សមត្ថកិច្ច បាន​សម្រុក​ចូលទៅ​ចាប់​លោក កឹម សុខា ដល់​គេហដ្ឋាន ក្នុង​រាជធានី​ភ្នំពេញ កាលពី​យប់​ថ្ងៃទី​២ ឈានចូល​ថ្ងៃទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ហើយ​បញ្ជូនទៅ​ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ខេត្ត​ត្បូងឃ្មុំ ក្រោម​ការសង្ស័យថា លួច​ពឹង​បរទេស​ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​កម្ពុជា​។ លោក ត្រូវ​ចាប់ខ្លួន បន្ទាប់ពី​វីដេអូ​មួយ បាន​បែកធ្លាយ​លើ​បណ្តាញ​សង្គម ដោយ​វីដេអូ​នោះ បង្ហាញ​ពី​ការ​ថ្លែង​សុន្ទរកថា​របស់លោក តាំងពី​ឆ្នាំ​២០១៣​មកម្ល៉េះ នៅក្នុង​ប្រទេស​អូស្ត្រាលី​។ 
 
​ក្នុង​វីដេអូ​នោះ លោក និយាយថា រដ្ឋាភិបាល​អាមេរិក តែង​ហៅ​លោក ទៅ​ពិភាក្សា​ពី​ប្រជាធិបតេយ្យ​នៅ​កម្ពុជា ជា​រៀងរាល់​មួយឆ្នាំ​ម្តង​។ លោក ថែមទាំង​អះអាងថា លោក មាន​សាស្ត្រាចារ្យ​បរទេស​ល្បីៗ ដូចជា សាស្ត្រាចារ្យ​នៅ​មេ​រិ​ក ជាដើម ចាំ​ជួយផ្តល់​យោបល់​ដល់​លោក ក្នុង​ការរក​វិធី​ផ្លាស់ប្តូរ​មេដឹកនាំ​នៅ​កម្ពុជា​។ 
 
​មួយឆ្នាំ​ក្រោយមក គឺ​នៅ​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៨ លោក ត្រូវបាន​អនុញ្ញាត​ឲ្យ​វិលត្រឡប់​ទៅ​រស់នៅ​ជាមួយ​គ្រួសារ​វិញ តែ​តុលា​ការហាម​មិន​ឲ្យ​លោក ធ្វើ​សកម្មភាព​នយោបាយ​។ មកដល់ពេលនេះ លោក ខានធ្វើ​សកម្មភាព​ជាង​៣​ឆ្នាំ​ហើយ​។​
 
​ថ្មីៗ​នេះ គេ ឃើញ​លោក មាន​សកម្មភាព​ផ្នែក​សាសនា​និង​សង្គម​ញឹកញាប់ ដូចជា អញ្ជើញ​ទៅ​វត្ត​ក្នុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ តាម​រាជធានី​-​ខេត្ត និង​ចុះទៅ​ចែក​អំណោយ ដល់​ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ ជាដើម​។ ប៉ុន្តែ លោក មិន​ហ៊ាន​ថ្លែង​សារ​នយោបាយ​ឡើយ​៕ 

Tag:
 កឹម សុខា​
  សវនាការ
© រក្សាសិទ្ធិដោយ thmeythmey.com