ប៉ាកកាខ្មៅ កំណាព្យ បទ កខ
ក កាន់ទាញដៃសិស្សសរសេរ ខ ខំម្ល៉េះទេខ្លាចសិស្សខ្សោយ
គ គិតលកលៃមិនបណ្តោយ ឃ ឃើញសិស្សខ្សោយគ្រូបារម្ភ។
ង ងោកងងុយអង្គុយនឹក ច ចែកស្អែកព្រឹកព្រាងរៀបចំ
ឆ ឆែកកិច្ចការចារតាមក្រម ជ ជួបសិស្សខំដោយអំណត់។
ឈ ឈប់ក៏អត់ហត់មិនថ្ងូរ ញ ញើសគ្រូហូរមិនស្រែកហត់
ដ ដើម្បីសិស្សរៀនអានកត់ ឋ ឋានៈខ្សត់អត់បញ្ហា។
ឌ ឌឺដៀមដាមសិស្សមិនដែល ឍ ធុញក្រៃក្រែលគ្រូមិនថា
ណ ណែនាំសិស្សឲ្យរក្សា ត តាំងប្តេជ្ញាចិត្តចៀសបាប។
ថ ថែមតម្រង់ឲ្យផ្ចង់គិត ទ ទៅឆ្ងាយជិតដឹងដុះដាប
ធ ធនគំនិតគ្រូមិនសាប ន នៅដរាបរាប់ជំនាន់។
ប បានបណ្តុះផ្នត់គំនិត ផ ផុសផុលគិតបត់បែនគ្រាន់
ព ពេញជំនាញជាញចេះទាន់ ភ ភប់លែងភាន់ដឹងបុណ្យបាប។
ម មិនបំផ្លើសទ្រើសបំប្លែង យ យល់គុណស្តែងស្មេរតែងកាព្យ
រ រៀងរៀបរាប់ភ្ជាប់កំណាព្យ ល លើកអ្នកសាបពូជបញ្ញា។
វ វាសវែកញែកពីគុណគ្រូ ស សូមគិតគូរពិចារណា
ហ ហៀបនឹងចប់ហើយមិត្តណា ឡអ ឈប់ចារប៉ុណ្ណេះហោង៕