កីឡាអន្តរជាតិ
អន្តរជាតិ
Evra ធុញទ្រាន់​ការអត្ថាធិប្បាយ​ជំនួប Man Utd រហូត​ស្នើ​បញ្ចប់​កិច្ចសន្យា​នៅ Sky Sports
06, Oct 2020 , 9:29 am        
រូបភាព
Patrice Evra រង​ការប៉ះទង្គិច​ផ្លូវ​អារម្មណ៍​យ៉ាងខ្លាំង​ដល់​ថ្នាក់​សុំ​លាឈប់​ពី​ការងារ​ជា​អ្នក​អត្ថាធិប្បាយ​ទូរទស្សន៍ Sky Sport អំឡុងពេល​ផ្សាយ​ផ្ទាល់​ការប្រកួត​ដែល​អតីត​ក្រុម​ខ្លួន Manchester United ចាញ់ Tottenham Hotspur យ៉ាង​អាម៉ាស់ ៦-១​។ Evra និយាយ​ទាំង​ខឹង​ថា សមាជិក​ក្រុម Man Utd ទាំងអស់​សម​នឹងត្រូវ​កំផ្លៀង​។​



 
​អតីត​ខ្សែការពារ​ក្រុម​បិសាច​ក្រហម​រូបនេះ បានបង្ហាញ​ពី​ការខឹង​សម្បារ​យ៉ាងខ្លាំង​បន្ទាប់​ទស្សនា​ទម្រង់​ក្រុម​ចាស់​របស់ខ្លួន​លេង​យ៉ាង​តឹងទ្រូង​។ Evra ដែល​លេង​នៅ Old Trafford រយៈពេល​៨​រដូវ​កាល​ចាប់ផ្តើម​និយាយ​ពី Alexis Sanchez​។ 
 
«Sanchez ធ្លាប់​និយាយថា នៅពេល​គាត់​ចុះកិច្ចសន្យា​ជាមួយ Man Utd អំឡុងពេល​ចូល​ហ្វឹកហាត់​ដំបូង​គាត់​បានស្នើ​សុំ​ឲ្យ​ភ្នាក់ងារ​បញ្ចប់​កិច្ចសន្យា​របស់គាត់​នៅទីនេះ​។ នោះ​ជា​អ្វីដែល​ខ្ញុំ​នឹង​ស្នើសុំ​ទៅ​ទូរ​ទស្ស Sky ដែរ​។ ខ្ញុំ​ពិតជា​ចង់​បញ្ចប់​កិច្ចសន្យា​របស់ខ្ញុំ​ជាមួយ Sky​។ ដោយសារតែ​នេះ​ជាការ​ប្រកួត​ទី​២​របស់ខ្ញុំ ដែល​ត្រូវ​ធ្វើជា​អ្នក​អត្ថាធិប្បាយ​ជាមួយ​ក្រុម Man Utd ដែល​ខ្ញុំ​មិន​ចង់​និយាយ​មិន​ចង់​មើល ពីព្រោះ​នៅពេល​អ្នក​ប្រាប់​រឿង​ពិត វា​អាចធ្វើ​ឲ្យ​ខ្ញុំ​ឈឺចាប់ ខ្ញុំ​ស្រឡាញ់​ក្លិប​របស់ខ្ញុំ​»​។​
 
 
Evra ថែមទាំង​និយាយថា ឥស្សរជន​សំខាន់ៗ​របស់​ក្រុម​បិសាច​ក្រហម​ទាំង​នៅក្រៅ និង​ក្នុង​ទីលាន​សម​នឹងត្រូវ​កំផ្លៀង​ណាស់ ក្រោយ​ចាញ់ Spurs ដល់​ទៅ ៦-១ នៅ Old Trafford​។ រូបគេ​ពិតជា​ខឹង និង​ធុញទ្រាន់​នៅពេល​អត្ថាធិប្បាយ​ក្នុងជំនួប​របស់ Man Utd ណាស់ ដល់​ថ្នាក់​ចង់​ហែក​កិច្ចសន្យា​របស់ខ្លួន ជាមួយ Sky Sports ចោល​ភ្លាមៗ​តែម្តង​។​
 
​ក្នុងនាម​ជា​អ្នក​អត្ថាធិប្បាយ​ដំបូង​ឲ្យ Sky Sports អតីត​កីឡាករ​អន្តរជាតិ​បារាំង​វ័យ ៣៩ ឆ្នាំ​រូបនេះ បានបង្ហាញ​ខ្លួន​នៅពេល​ក្រុម​លោក Ole Gunnar Solskjaer ចាញ់​ក្រុម Crystal Crystal ៣-១ ក្នុង​ដី​នា​ការប្រកួត​បើកឆាក​ក្របខណ្ឌ Premier League​។ កាលនោះ Evra បាន​រិះគន់​អតីត​ក្រុម​ចាស់​របស់ខ្លួន​នេះ​យ៉ាង​ចាស់ដៃ​ជុំវិញ​ការចរចា​ទិញ​កីឡាករ​ចូល​ក្រុម​ទម្រាំ​បាន​មួយៗ​។​
 
Evra ថា​ឲ្យ​ក្លិប​យក្ស​អង់គ្លេស​មួយ​នេះ រួមទាំង​ប្រធាន​ក្លិប​ផង ទាក់ទង​ទិញ​កីឡា​មាន​ទេពកោសល្យ​ស្ទើ​ពេញ​អំឡុង​ទីផ្សារ​ដោះដូរ​រដូវ​កាល​នេះ ប៉ុន្តែ​ពួកគេ​នៅតែ​មិនទាន់​យល់ព្រម​លើ​កិច្ចព្រមព្រៀង​នៅឡើយ​៕

Tag:
 Patrice Evra
  Manchester United
  Sky Sports
© រក្សាសិទ្ធិដោយ thmeythmey.com