COVID-19
អន្តរជាតិ
ប្រធានធនាគារពិភពលោក ទទូចឲ្យអ្នកវិនិយោគបន្ធូរការបង់បំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ លោក David Malpass ប្រធានធនាគារពិភពលោក។ រូបភាព៖ World Bank Group
× ប្រធានធនាគារពិភពលោក David Malpass លើកឡើងនៅថ្ងៃទី៤ ខែតុលាថា ប្រទេសកំពុងអភិវឌ្ឍត្រូវការ ការបន្ធូរបន្ថយក្នុងការបង់បំណុលរបស់ ដើម្បីបញ្ចៀសវិបត្តិសេដ្ឋកិច្ច និងបំណុលធ្ងន់ធ្ងរដែលកើតឡើងដោយសារ COVID-19 ។ លោកទទូចឲ្យប្រទេសអ្នកមាន និងអ្នកវិនិយោគ លុបចោល និងរៀបចំបំណុលសារជាថ្មី ហើយទទូចឲ្យមានការចូលរួមពីគ្រប់អ្នកពាក់ព័ន្ធទាំងអស់ដើម្បីដោះស្រាយបញ្ហានេះ។
វិបត្តិជំងឺឆ្លង COVID-19 បានប៉ះពាល់យ៉ាងគំហុកដល់ចរន្តសេដ្ឋកិច្ចពិភពលោក ដូច្នេះហើយអ្នកវិនិយោគគួរណាស់តែត្រៀមខ្លួនក្នុងការផ្តល់ជំនួយដល់ប្រទេសអ្នកខ្ចីលុយពួកគេដែលក្នុងនោះក៏មានការលុបបំណុលចោលដែរ។ នេះជាការលើកឡើងរបស់លោក David Malpass ប្រធានធនាគារពិភពលោក ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មាន Handelsblatt នៅថ្ងៃទី៤ ខែតុលា។
លោកMalpass អះអាងថា មានព័ស្តុតាងច្រើនណាស់ដែលប្រទេសខ្លះមិនអាចសងបំណុលដែលខ្លួនបានខ្ចី។ លោកបន្ថែមថា ប្រាក់ដែលប្រទេសក្រីក្រជំពាក់ គួរត្រូវបានកាត់បន្ថយ ហើយលុយបំណុលគេគួរលុបចោលតែម្ដង។ ប្រធានធនាគារពិភពលោក បញ្ជាក់ថា វាជារឿងសំខាន់ដែលបំណុលត្រូវកាត់បន្ថយ តាមរយៈការរៀបចំឡើងវិញ។
ក្នុងន័យនេះ លោក Malpass លើកឡើងពីវិធានការដែលគេធ្លាប់អនុវត្តអំឡុងវិបត្តិហិរញ្ញវត្ថុនៅតំបន់អាមេរិកឡាទីន និងគំនិតផ្តួចផ្តើមសម្រាប់ប្រទេសដែលមានបំណុលច្រើនដែលដាក់ចេញក្នុងទសវត្សរ៍ឆ្នាំ១៩៩០ជាដើម។
ទាក់ទងរឿងបំណុលនេះ កាលពីខែមីនាកន្លងទៅ បណ្តារប្រទេសសេដ្ឋកិច្ចនាំមុខទាំង២០ (G20) បានគាំទ្រគំនិតផ្តួចផ្តើមក្នុងការពន្យារពេលសងបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍ ហើយត្រូវបានអនុម័តក្នុងខែមេសា។ ក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍចំនួន៧៣ មានប្រទេសចំនួន៤៣ ដែលត្រូវបានវាយតម្លៃថា អាចពន្យារពេលសងបំណុលបានដែលមានតម្លៃសរុប៥ពាន់លានដុល្លារ។
កាលពីខែសីហាកន្លងទៅ លោក Malpass ក៏បានព្រមានថា ជំងឺឆ្លងសកល COVID-19 អាចនឹងបណ្តាលឲ្យមនុស្ស១០០លាននាក់ស្ថិតក្នុងសភាពក្រីក្របំផុត។ លោក បានអំពាវនាវបន្ថែមទៀតឲ្យធនាគារឯកជន និងមូលនិធិវិនិយោគនានាចូលរួមក្នុងការជួយដោះស្រាយបំណុលរបស់ប្រទេសកំពុងអភិវឌ្ឍ។
ប្រធានធនាគារពិភពលោក អះអាងទៀតថា វិបត្តិជំងឺឆ្លង COVID-19 នេះ អាចនឹងបណ្តាលឲ្យមានវិបត្តិបំណុលក្នុងប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលកំណើនសេដ្ឋកិច្ច និងវិស័យហិរញ្ញវត្ថុកំពុងជួបបញ្ហា។ លោកលើកឡើងថា ឱនភាពថវិកា និងការបង់បំណុលកំពុងហ៊ុមព័ទ្ធសេដ្ឋកិច្ចរបស់ប្រទេសទាំងនោះ ស្របពេលធនាគារកណ្តាលរបស់ពួកគេ ក៏កំពុងជួបបញ្ហាបំណុលក្នុងស្រុកផងដែរ៕
Tag:
ធនាគារពិភពលោក
COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com