អភិបាលរងរាជធានី ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​សំរាម​ងាយ​រលួយ​មុន ហើយ​រក្សាទុក​សំរាម​រឹង​សិន ខណៈ​កម្មករ​ស៊ីន​ទ្រី ធ្វើ​កូដកម្ម
ជាតិ
សង្គមជាតិ
អភិបាលរងរាជធានី ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​សំរាម​ងាយ​រលួយ​មុន ហើយ​រក្សាទុក​សំរាម​រឹង​សិន ខណៈ​កម្មករ​ស៊ីន​ទ្រី ធ្វើ​កូដកម្ម
06, Oct 2020 , 11:27 am        
រូបភាព
ទិដ្ឋភាព​សំរាម ដែលពលរដ្ឋនាំគ្នាយកទៅគរទុកនៅម្តុំលូបឹងត្របែក។ ថតដោយ ខន ចំប៉ា
ទិដ្ឋភាព​សំរាម ដែលពលរដ្ឋនាំគ្នាយកទៅគរទុកនៅម្តុំលូបឹងត្របែក។ ថតដោយ ខន ចំប៉ា
​ភ្នំពេញ​៖ អភិបាលរង​សាលា​រាជធានី​ភ្នំពេញ លោក កើត ឆែ ស្នើ​ឲ្យ​ពលរដ្ឋ​បញ្ចេញ​សំរាម​ណា​ដែល​ងាយ​រលួយ​ចេញ​មុន ជៀសវាង​ការបង្ក​ឲ្យ​មាន​ក្លិន​នៅតាម​ដងផ្លូវ​។ ចំណែក​សំរាម​រឹង ឬ​សំរាម​ណា​ដែល​មិន​ងាយ​រលួយ ពលរដ្ឋ​ត្រូវ​ទុក​សិន ដើម្បី​ជួយ​សម្រួល​ដល់​ក្រុម​កម្លាំង​អាជ្ញាធរ ដែល​ចុះ​ប្រមូល​សំរាម​តាម​តំបន់ ស្របពេល​កម្មករ​ក្រុមហ៊ុន ស៊ិន​ទ្រី កំពុង​ធ្វើ​កូដកម្ម​។

 
​លោក កើត ឆែ អះអាងថា សាលា​រាជធានី​ភ្នំពេញ​បាន​បញ្ចេញ​រថយន្ត​ដឹក​សំរាម​៧០​គ្រឿង និង​រ៉ឺម៉ក​១៥០​គ្រឿង​តាម សង្កាត់​ទាំង​១៥០ ដើម្បី​ប្រមូល​សំរាម​។ ស្របពេល​ជាមួយគ្នានេះ សាលា​រាជធានី​ក៏​កំពុង​ប្រកាស​ជ្រើសរើស​បុគ្គលិក​ប្រមូល ដើម្បី​ជា​កម្លាំង​ដោះស្រាយ​បញ្ហា​ដែលមាន​ចំពោះមុខ​ផងដែរ​។ 
 
«​សាលា​រាជធានី​កំពុង​រៀបចំ​ប្រព័ន្ធ​គ្រប់​ថ្មី ដើម្បី​ងាយ​ស្រួយ​គ្រប់គ្រង​និង​កាន់តែ​ប្រសើរឡើង អាច​នឹង​ហើយ​ក្នុងពេល​ឆាប់​ខាងមុខនេះ​។ នៅក្នុង​ដំណាក់កាល​នេះ យើង​មិន​ចង់​រង​សម្ពាធ​ពី​ខាង​ណា​ឡើយ បាន​យើង​ប្រកាស​រើស​កម្លាំង​ប្រមូល​សំរាម​ដើម្បី​ដោះស្រាយ​បញ្ហា​ជាបន្ទាន់​»​។ នេះ​បើតាម​លោក កើត ឆែ ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរ​សព្ទ​នៅ​ព្រឹក​ថ្ងៃទី​៦ ខែ​តុលា ឆ្នាំ​២០២០​។​


កម្មករក្រុមហ៊ុនប្រមូលសំរាមស៊ីនទ្រី នាំគ្នា​ធ្វើកូដកម្ម។ រូបថត ThmeyThmey
 
​ទន្ទឹមនឹងនេះ លោក កើត ឆែ បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ទាំង​ជួយ​សហការ​ជួយ​អាជ្ញាធរ វេច​ខ្ចប់​សំរាម​ទុកដាក់​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ក្រុមការងារ​ងាយ​ស្រួយ​ប្រមូល​។ «​ខ្ញុំ​តំណាង​ឲ្យ​សាលា​រាជធានី​ភ្នំពេញ សូម​ស្នើ​ឲ្យ​ពលរដ្ឋ​ជួយ​ទុក​សំរាម​ឲ្យ​ត្រឹមត្រូវ ដាក់​ឲ្យ​ចំ​គោលដៅ ដើម្បី​ក្រុមការងារ​ងាយស្រួល​ចុះទៅ​ប្រមូល​។ សំខាន់​ក្នុង​ពេលនេះ ពលរដ្ឋ​ត្រូវ​បញ្ចេញ​សំរាម​ងាយ​រលួយ​ចេញមក ហើយ​ទុក​សំរាម​រឹង​សិន ដូច​សំបក​ដប កំប៉ុង ក្រដាស​ជាដើម​...»​។ នេះ​បើ​ការលើកឡើង​របស់លោក កើត ឆែ ដោយ​បញ្ជាក់​បន្ថែមថា ការធ្វើ​បែបនេះ គឺជា​ការដោះស្រាយ​បញ្ហា​ចំពោះមុខ និង​ជាការ​សហការ​ជាមួយ​សាលាក្រុង​ដែល​កំពុង​ដោះស្រាយ​បញ្ហា​។ 
 
​ចាប់តាំងពី​ថ្ងៃទី​២​ដល់​ថ្ងៃទី​៦​តុលា​នេះ បុគ្គលិក​ក្រុមហ៊ុន​ស៊ីន​ទ្រី បានធ្វើ​កូដកម្ម​មិន​ចូល​ចំ​ពេញ​ការងារ ដើម្បី​ទាមទារ​ឲ្យ​ថៅកែ​បើកប្រាក់​អតីតភាព​ការងារ និង​ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ទៀត​ដល់​ពួកគេ​។ ការធ្វើ​កូដកម្ម​នេះ គឺ​ដោយសារ​បុគ្គលិក​មានកា​រ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន​នេះ កាត់បន្ថយ​ទីតាំង​ប្រមូល​សំរាម​តាម​ខណ្ឌ​ឬ​ត្រូវ​បិទទ្វារ​។ 
 
​ការព្រួយបារម្ភ​របស់​កម្មករ​កើតឡើង ខណៈដែល​អាជ្ញាធរ​រាជធានី​ភ្នំពេញ​មាន​គម្រោង​បែងចែក​ការគ្រប់គ្រង​សំរាម​ទាំង​១៤​ខណ្ឌ ជា​បី​តំបន់​ឲ្យ​ក្រុមហ៊ុន​ចំនួន​៣ ដែល​ជ្រើសរើស​ចេញពី​ការដេញថ្លៃ​របស់​សាលា​រាជធានី​ភ្នំពេញ​៕ 
  

លោក កើត ឆែ អភិបាល​រងរាជធានីភ្នំពេញ។ រូបថត រដ្ឋបាលរាជធានី

អត្ថបទទាក់ទង
 

Tag:
 សំរាម​
© រក្សាសិទ្ធិដោយ thmeythmey.com