ជាតិ
បទសម្ភាសន៍
សេដ្ឋកិច្ច
រដ្ឋមន្ត្រី​កសិកម្ម​៖ ដើម្បី​បាន​ប្រយោជន៍​ពី FTA​ចិន កម្ពុជា​ត្រូវធ្វើ​ទំនើបកម្ម​ដាំ​ដុះ ប្រព័ន្ធធារាសាស្ត្រ និង​ការដឹកជញ្ជូន
12, Oct 2020 , 2:24 pm        
រូបភាព
​ភ្នំពេញ​៖ កម្ពុជា-ចិន បានចុះហត្ថលេខាជាមួយគ្នាជាផ្លូវការហើយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស។ លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។

 

ឆ្លៀតក្នុងឱកាសនេះ សារព័ត៌មានថ្មីៗ សូមផ្សាយឡើងវិញនូវកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជុំវិញកិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរីទ្វេភាគីនេះ។ 

 
លោក វេង សាខុន លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី​ទ្វេភាគី​ គឺជា​ការបើក​ទីផ្សារ​ពិភពលោក​ដ៏​មួយ​សម្រាប់​កម្ពុជា​ក្នុង​ការនាំ​ផលិតផល​កសិកម្ម​ទៅកាន់​ប្រទេស​ចិន​ដោយ​សេរី​។ ប៉ុន្តែ លោក មើលឃើញថា បច្ចុប្បន្ន​កម្ពុជា​មិនទាន់បាន​ត្រៀមខ្លួន​រៀបរយ​នៅឡើយ​សម្រាប់​ការនាំចេញ​នេះ​។ លោក បន្តថា កម្ពុជា​ នៅខ្វះចន្លោះ​ច្រើនណាស់​ ក្នុងការនាំចេញ​ផលិតផល​កសិកម្ម​។

​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ ​(ThmeyThmey.com)​ លោក វេ​ង សាខុន បាន​សង្កត់ធ្ងន់ថា បានជា​ផលិតផល​កសិកម្ម​កម្ពុ​ជានា​ពេលបច្ចុប្បន្ន​មិនទាន់បាន​ត្រៀមខ្លួន​គ្រប់គ្រាន់ ក្នុង​ការនាំ​ចេញទៅ​ទីផ្សារ​ពិភពលោក​ដ៏​ធំ​មួយ​នេះ គឺ​ដោយសារតែ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​(​ទាំង​ការដឹកជញ្ជូន ទាំង​ប្រព័ន្ធធារាសាស្ត្រ និង​តម្លៃ​អគ្គិសនី​)​ដែល​គាំទ្រ​ដល់​ខ្សែ​ច្រវាក់​ផលិតកម្ម​កសិកម្ម មិនទាន់​ឆ្លើយតប​នៃ​ការនាំចេញ​នេះ​។  
 
​តាមរយៈ​កិច្ច​ព្រៀម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ខាងលើនេះ  លោក វេ​ង សាខុន មាន​គោលដៅ និង​មហិច្ឆតា​ខ្ពស់​ក្នុង​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​ទាំងអស់​(​ទាំង​ផ្នែក​ដាំ​ដុះ​,​ទាំង​ផ្នែក​កែច្នៃ​, ទាំង​ផ្នែក​ចិញ្ចឹម​...)​ទៅ​ទីផ្សារ​ប្រទេស​ចិន​។ ប៉ុន្តែ រដ្ឋមន្ត្រី​កសិកម្ម​រូបនេះ​បានបញ្ជាក់​ដូច្នេះ​៖«​មុននឹង​អាច​នាំចេញ​បាន យើង​ត្រូវ​រៀបចំខ្លួន​យើង​ឱ្យបាន​រៀបរយ​គ្រប់គ្រាន់​សិន​»​។ 
 
​បើតាម​ប្រសាសន៍​របស់លោក វេ​ង សាខុន ភាពមិន​ទាន់​រៀបរយ​របស់​កម្ពុជា ក្នុង​ការនាំ​ផលិតផល​កសិកម្ម​ទៅ​ប្រទេស​ចិន​តាមរយៈ​FTA​នេះ មាន​ផ្នែក​ប្រព័ន្ធធារាសាស្ត្រ និង​បច្ចេកទេស​ដាំ​ដុះ​ទំនើប ចិញ្ចឹមសត្វ​នៅមានកម្រិត​។ ផ្នែក​ថាមពល​អគ្គិសនី​សម្រាប់​បម្រើ​ដល់​ការកែ​ច្នែ ឬ​រក្សា​ផលិតផល​កសិកម្ម មិន​ត្រឹម​ផ្គត់ផ្គង់​មិនបាន​គ្រប់គ្រាន់​ទេ តែ​ថែមទាំង​មានតម្លៃ​ខ្ពស់​ទៀត បើ​ធ្រៀ​ប​នឹង​ប្រទេសជិតខាង​។ រីឯ ផ្នែក​ដឹកជញ្ជូន ពិសេស​តាម​ផ្លូវទឹក​ដើម្បី​នាំចេញ  គឺ​ចំណាយ​រយៈពេល​យូរ និង​ចំណាយ​ថវិកា​ច្រើន​។ 
 
​ពាក់ព័ន្ធ​នឹង​ចំណុច​ថា កម្ពុជា​នឹង​ភាព​រៀបរយ​ឬ​មាន​លក្ខណៈ​គ្រប់គ្រាន់​នៅពេលណា​ច្បាស់លាស់ ក្នុងការ​នាំចេញ​នូវ​ផលិតផល​កសិកម្ម​ឱ្យបាន​ច្រើន​ជា​អតិប្បរិមា​ទៅ​ប្រទេស​ចិន តាមរយៈ​កិច្ចព្រមព្រៀង​ពាណិជ្ជ​សេរី​ភាគី​ដែល​គ្រោង​ចូល​ជា​ធរមាន​នាពេល​ខាងមុខនេះ លោក​រដ្ឋមន្ត្រី​កសិកម្ម គឺ​មិនអាច​កំណត់​បានឡើយ​។ ដោយ លោក វេ​ង សាខុន មានប្រសាសន៍​ដូច្នេះ​៖«​ខ្ញុំ​មិនអាច​កំណត់​បានទេ​។ លុះតែ​យើង​[​ចូលរួម​ធ្វើ​]​ទាំងអស់គ្នា​»​។ លោក​បាន​បញ្ជាក់ថា ព្រោះ​ក្រសួងកសិកម្ម គឺជា​ចំណែក​មួយ​តូច​នៅក្នុង​ខ្សែ​ច្រ​វ៉ា​ក់​នៃ​ការនាំចេញ​នេះ ហើយ​អ្វីដែល​សំខាន់​ក្នុងការ​ជំរុញឱ្យមាន​កា​រ​នាំចេញ​នេះ គឺ​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅលើ​ខ្សែ​ច្រ​វ៉ា​ក់​ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​ពី​ក្រសួង​ពាក់ព័ន្ធ ដែល​នេះ​ជា​កិច្ចការ​ចាំបាច់​បំផុត​ត្រូវធ្វើ​។​
 
​ជាមួយគ្នានេះ​លោក បាន​សង្កត់ធ្ងន់ថា ដើម្បី​បម្រើឱ្យ​ការនាំចេញ​ផលិតផល​កសិកម្ម​កម្ពុ​ជា​បាន​ដោយ​រលូន ក្រៅពី​ការគាំទ្រ​ហេដ្ឋារចនាសម្ព័ន្ធ​ទៅលើ​វិស័យ​កសិកម្ម​ហើយ​នោះ ក៏​ត្រូវមាន​ទុនវិនិយោគ និង​ការធានា​ទៅលើ​ការផលិត​។ លើសពីនេះ​គឺ​ការអនុវត្ត​យុទ្ធ​ការ​ដែលមាន​ស្រាប់​នៅនឹងកន្លែង​ចូល​ជា​គ្នា ពី​អ្នកវិនិយោគ​ក្នុង​វិស័យ​ឯកជន​, រដ្ឋ​, ដៃគូ​អភិវឌ្ឍ និង​សហគមន៍​អ្នក​ផលិត​។ «​ប្រសិនបើជា វិស័យ​ឯក​នៅមាន​ភាពយឺតយ៉ាវ នៅ​ស្ទាក់ស្ទើរ ដោយ​គិតតែ​នាំគ្នា​បោះទុន​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ហើយ​មិន​បានគិត​ជួយ​ទៅ​វិស័យ​កសិកម្ម នោះ​យើង​នឹង​បាត់បង់​ឱកាស​»​។ នេះ​ជាការ​ព្រួយបារម្ភ​ជាខ្លាំង​របស់លោក វេ​ង សាខុន​៕

Tag:
 កសិកម្ម​
  FTA
  លោក វេ​ង សាខុន​
© រក្សាសិទ្ធិដោយ thmeythmey.com