ភ្នំពេញ៖ កម្ពុជា-ចិន បានចុះហត្ថលេខាជាមួយគ្នាជាផ្លូវការហើយលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី (FTA) នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ ក្រោមអធិបតីភាពរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រមុខរដ្ឋាភិបាលកម្ពុជា និង លោក វ៉ាង យី (Wang Yi) ទីប្រឹក្សារដ្ឋនិងជារដ្ឋមន្រ្តីការបរទេស។ លោក វ៉ាង យី មកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០។
ឆ្លៀតក្នុងឱកាសនេះ សារព័ត៌មានថ្មីៗ សូមផ្សាយឡើងវិញនូវកិច្ចសម្ភាសរវាងកញ្ញា អ៊ូ សុខមាន និង លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ជុំវិញកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីនេះ។
លោក វេង សាខុន លើកឡើងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី គឺជាការបើកទីផ្សារពិភពលោកដ៏មួយសម្រាប់កម្ពុជាក្នុងការនាំផលិតផលកសិកម្មទៅកាន់ប្រទេសចិនដោយសេរី។ ប៉ុន្តែ លោក មើលឃើញថា បច្ចុប្បន្នកម្ពុជាមិនទាន់បានត្រៀមខ្លួនរៀបរយនៅឡើយសម្រាប់ការនាំចេញនេះ។ លោក បន្តថា កម្ពុជា នៅខ្វះចន្លោះច្រើនណាស់ ក្នុងការនាំចេញផលិតផលកសិកម្ម។
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ (ThmeyThmey.com) លោក វេង សាខុន បានសង្កត់ធ្ងន់ថា បានជាផលិតផលកសិកម្មកម្ពុជានាពេលបច្ចុប្បន្នមិនទាន់បានត្រៀមខ្លួនគ្រប់គ្រាន់ ក្នុងការនាំចេញទៅទីផ្សារពិភពលោកដ៏ធំមួយនេះ គឺដោយសារតែហេដ្ឋារចនាសម្ព័ន្ធនានា(ទាំងការដឹកជញ្ជូន ទាំងប្រព័ន្ធធារាសាស្ត្រ និងតម្លៃអគ្គិសនី)ដែលគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្ម មិនទាន់ឆ្លើយតបនៃការនាំចេញនេះ។
តាមរយៈកិច្ចព្រៀមព្រៀងពាណិជ្ជកម្មសេរីខាងលើនេះ លោក វេង សាខុន មានគោលដៅ និងមហិច្ឆតាខ្ពស់ក្នុងការនាំចេញផលិតផលកសិកម្មកម្ពុជាទាំងអស់(ទាំងផ្នែកដាំដុះ,ទាំងផ្នែកកែច្នៃ, ទាំងផ្នែកចិញ្ចឹម...)ទៅទីផ្សារប្រទេសចិន។ ប៉ុន្តែ រដ្ឋមន្ត្រីកសិកម្មរូបនេះបានបញ្ជាក់ដូច្នេះ៖«មុននឹងអាចនាំចេញបាន យើងត្រូវរៀបចំខ្លួនយើងឱ្យបានរៀបរយគ្រប់គ្រាន់សិន»។
បើតាមប្រសាសន៍របស់លោក វេង សាខុន ភាពមិនទាន់រៀបរយរបស់កម្ពុជា ក្នុងការនាំផលិតផលកសិកម្មទៅប្រទេសចិនតាមរយៈFTAនេះ មានផ្នែកប្រព័ន្ធធារាសាស្ត្រ និងបច្ចេកទេសដាំដុះទំនើប ចិញ្ចឹមសត្វនៅមានកម្រិត។ ផ្នែកថាមពលអគ្គិសនីសម្រាប់បម្រើដល់ការកែច្នែ ឬរក្សាផលិតផលកសិកម្ម មិនត្រឹមផ្គត់ផ្គង់មិនបានគ្រប់គ្រាន់ទេ តែថែមទាំងមានតម្លៃខ្ពស់ទៀត បើធ្រៀបនឹងប្រទេសជិតខាង។ រីឯ ផ្នែកដឹកជញ្ជូន ពិសេសតាមផ្លូវទឹកដើម្បីនាំចេញ គឺចំណាយរយៈពេលយូរ និងចំណាយថវិកាច្រើន។
ពាក់ព័ន្ធនឹងចំណុចថា កម្ពុជានឹងភាពរៀបរយឬមានលក្ខណៈគ្រប់គ្រាន់នៅពេលណាច្បាស់លាស់ ក្នុងការនាំចេញនូវផលិតផលកសិកម្មឱ្យបានច្រើនជាអតិប្បរិមាទៅប្រទេសចិន តាមរយៈកិច្ចព្រមព្រៀងពាណិជ្ជសេរីភាគីដែលគ្រោងចូលជាធរមាននាពេលខាងមុខនេះ លោករដ្ឋមន្ត្រីកសិកម្ម គឺមិនអាចកំណត់បានឡើយ។ ដោយ លោក វេង សាខុន មានប្រសាសន៍ដូច្នេះ៖«ខ្ញុំមិនអាចកំណត់បានទេ។ លុះតែយើង[ចូលរួមធ្វើ]ទាំងអស់គ្នា»។ លោកបានបញ្ជាក់ថា ព្រោះក្រសួងកសិកម្ម គឺជាចំណែកមួយតូចនៅក្នុងខ្សែច្រវ៉ាក់នៃការនាំចេញនេះ ហើយអ្វីដែលសំខាន់ក្នុងការជំរុញឱ្យមានការនាំចេញនេះ គឺការគាំទ្រហេដ្ឋារចនាសម្ព័ន្ធទៅលើខ្សែច្រវ៉ាក់ផលិតកម្មក្នុងវិស័យកសិកម្មពីក្រសួងពាក់ព័ន្ធ ដែលនេះជាកិច្ចការចាំបាច់បំផុតត្រូវធ្វើ។
ជាមួយគ្នានេះលោក បានសង្កត់ធ្ងន់ថា ដើម្បីបម្រើឱ្យការនាំចេញផលិតផលកសិកម្មកម្ពុជាបានដោយរលូន ក្រៅពីការគាំទ្រហេដ្ឋារចនាសម្ព័ន្ធទៅលើវិស័យកសិកម្មហើយនោះ ក៏ត្រូវមានទុនវិនិយោគ និងការធានាទៅលើការផលិត។ លើសពីនេះគឺការអនុវត្តយុទ្ធការដែលមានស្រាប់នៅនឹងកន្លែងចូលជាគ្នា ពីអ្នកវិនិយោគក្នុងវិស័យឯកជន, រដ្ឋ, ដៃគូអភិវឌ្ឍ និងសហគមន៍អ្នកផលិត។ «ប្រសិនបើជា វិស័យឯកនៅមានភាពយឺតយ៉ាវ នៅស្ទាក់ស្ទើរ ដោយគិតតែនាំគ្នាបោះទុនវិនិយោគលើវិស័យអចលនទ្រព្យ ហើយមិនបានគិតជួយទៅវិស័យកសិកម្ម នោះយើងនឹងបាត់បង់ឱកាស»។ នេះជាការព្រួយបារម្ភជាខ្លាំងរបស់លោក វេង សាខុន៕