តំណាងចិន នៅអង្គការពាណិជ្ជកម្មអន្តរជាតិ (WTO) បានចោទ អាមេរិក និងឥណ្ឌាថា បានបំពានវិធានស្ថាប័នពាណិជ្ជកម្មពិភពលោកមួយនេះ ដោយចេញបម្រាមបិទមិនឲ្យប្រើប្រាស់ និងទាញយកកម្មវិធីទូរស័ព្ទដែលផលិតដោយក្រុមហ៊ុនចិន ដូចជា Wechat និង TikTok ជាដើម។
នៅក្នុងកិច្ចប្រជុំបិទទ្វារនៃក្រុមប្រឹក្សាពាណិជ្ជកម្មក្នុងវិស័យសេវាកម្មរបស់ WHO នាថ្ងៃទី២ ខែតុលា តំណាងចិនបានអះអាងថាអាមេរិក និងឥណ្ឌាបានចេញវិធានការដែលមិនស្របទៅនឹងវិធានWTO រឹតបន្តឹងពាណិជ្ជកម្មសេវាកម្មឆ្លងព្រំដែន និងបំពានគោលការណ៍ទូទៅ និងគោលបំណងនៃប្រព័ន្ធពាណិជ្ជកម្មពហុភាគី។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃទី៦ ខែតុលា។
តំណាងចិន បានបន្តថា អាមេរិកបំពានយ៉ាងច្បាស់ទៅនឹងបទបញ្ញត្តិរបស់ WTO ដោយមិនផ្តល់ផស្តុតាងរឹងមាំក្នុងការចេញបម្រាមហាមមិនឲ្យទាញយក Wechat និង TikTok ។ តំណាងអាមេរិកវិញការពារសកម្មភាពរបស់ខ្លួន ដោយលើកឡើងថា វិធានការរបស់ខ្លួនមានបំណងក្នុងការកាត់បន្ថយបញ្ហាប្រឈមលើសន្តិសុខជាតិ ដោយអះអាងថាទិន្ន័យរបស់អ្នកប្រើប្រាស់ត្រូវបានប្រមូល ដោយរដ្ឋាភិបាលចិន។
ឯឥណ្ឌាវិញ កាលពីខែមិថុនា បានសម្រេចចេញបម្រាមមិនឲ្យប្រើប្រាស់កម្មវិធីទូរស័ព្ទដែលផលិតដោយចិនជាង៥០ បន្ទាប់ពីមានជម្លោះតាមព្រំដែន។ឥណ្ឌា លើកហេតុផលថា កម្មវិធីទាំងនោះ បានលួច និងបញ្ជូនទិន្ន័យអ្នកប្រើប្រាស់ដោយគ្មានការយល់ព្រម ទៅទីតាំងក្រៅទឹកដីឥណ្ឌា។
នៅក្រោមកិច្ចព្រមព្រៀងទូទៅស្តីពីសេវាកម្មរបស់ WTO ប្រទេសសមាជក អាចចេញបម្រាមបែបនេះបានក្នុងករណីទាក់ទងទៅនឹងការផ្គត់ផ្គង់សេវាកម្មដែលប្រព្រឹត្តទៅដោយប្រយោលឬ ដោយផ្ទាល់ក្នុងគោលបំណងបញ្ជូនទិន្នន័យឲ្យស្ថាប័នយោធាណាមួយ។ ចិន ចោទប្រកាន់អាមេរិកថា បំពានបញ្ញត្តិមួយនេះ។
ជាប្រតិកម្មតបទៅនឹងការចោទរបស់ចិន ឥណ្ឌាបានលើកឡើងពីរបាយការណ៍នៃការវិនិយោគពីបរទេសរបស់ចិន។ ប្រភពព័ត៌មានខាងលើស្រង់សម្ដីមន្ត្រីឥណ្ឌា ជាដំបូងចិនគួរណាស់តែពិនិត្យមើលរបាយការណ៍តម្លាភាពរបស់ខ្លួន ក៏ដូចជាការស្ទាក់ស្ទើរក្នុងការបើកចំហពាណិជ្ជកម្មក្នុងផ្នែកសេវាកម្ម។
ទោះបីជាយ៉ាងណា ចិនពុំទាន់ប្ដឹងឥណ្ឌា និងអាមេរិកទៅ WTO ឡើយ។ អ្នកជំនាញច្បាប់ពាណិជ្ជកម្ម អះអាងថា អាមេរិក និងឥណ្ឌាប្រហែលជាអាចបំពានវិធានរបស់WTO ក្នុងការដាក់បម្រាមលើចិនពិតមែន ក៏ប៉ុន្តែក្នុងករណីដែលចិនប្តឹងជាផ្លូវការ ប្រទេសទាំង២ អាចនឹងប្តឹងចិនតបវិញដែរ ចំពោះការប្រើប្រាស់ជញ្ជាំងអ៊ីនធឺណិត(Great Firewall) ក៏ដូចជាការហាមកម្មវិធីទូរស័ព្ទ និងវែបសាយបរទេសមិនឲ្យដំណើរការក្នុងប្រទេសខ្លួន។
គួររំឭកដែរ នៅថ្ងៃទី២០កញ្ញា កន្លងទៅ ចៅក្រមសហព័ន្ធ Laurel Beeler នៃរដ្ឋកាលីហ្វ័រនីញ៉ា បានចេញដីកាមួយហាមប្រាមការអនុវត្តបញ្ជារបស់ក្រសួងពាណិជ្ជកម្ម ដែលហាមមិនឲ្យទាញយកកម្មវិធីWeChat។ ចំណែកចៅក្រមសហព័ន្ធអាមេរិកមួយរូបផ្សេងទៀត នៅថ្ងៃទី២៧ ខែកញ្ញាបានចេញដីកាផ្អាកបណ្តោះអាសន្នបម្រាមដែលហាមឃាត់មិនឲ្យទាញយកកម្មវិធី TikTok ពី App store និង Play store ៕