ជាតិ
សង្គមជាតិ
ក្រៅពីឃុំផ្កាយ២ មន្រី្តជាង១០ទៀត កំពុងស្ថិតក្នុងការតាមចាប់ ពាក់ព័ន្ធនឹងការទន្ទ្រានដីនៅមណ្ឌលគិរី
× ភ្នំបេញ៖ តុលាការខេត្តមណ្ឌលគិរី ចេញដីកាបង្គាប់ឲ្យឃុំឧត្តមសេនីយ៍ទោ (ផ្កាយ២) ពៅ សុធារ៉ាន់ អនុប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនគោក រួមទាំងមនុស្ស៣នាក់ទៀត ដោយសារទន្ទ្រានដីខុសច្បាប់ នៅខេត្តមណ្ឌលគិរី។ សំណុំរឿងនេះ មានអ្នកជាប់ពាក់ព័ន្ធជាង១០នាក់ទៀត ក្នុងនោះភាគច្រើនជាមន្រី្តរាជការ ហើយកំពុងក្នុងការតាមចាប់ពីសំណាក់កម្លាំងសមត្ថកិច្ច។ នេះបើតាមការអះអាងរបស់ លោក មាស ប្រុស ប្រធានលេខាធិការដ្ឋានរដ្ឋបាលនៃសាលាដំបូងខេត្តមណ្ឌលគិរី។
លោក មាស ប្រុស ប្រាប់សារព័ត៌មានថ្មីៗ តាមទូរស័ព្ទ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២០ ថា លោក ពៅ សុធារ៉ាន់ កំពុងជាប់ឃុំនៅពន្ធនាគារខេត្តមណ្ឌលគិរី ពីបទកាប់គាស់រុករានដីព្រៃ ឆ្ការដុត និង ឈូសឆាយដីព្រៃដើម្បីយកដីធ្វើជាកម្មសិទ្ធិ [ផ្ទាល់ខ្លួន]។ ការទន្ទ្រានដីនេះ ត្រូវរកឃើញ កាលពីថ្ងៃទី៩ ខែកញ្ញា នៅចំណុចភ្នំរហាំង ភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលជាដីក្នុងតំបន់ការពារធម្មជាតិ។
ប្រធានរដ្ឋបាលតុលាការខត្តមណ្ឌលគិរីរូបនេះ ថ្លែងថា ក្នុងចំណោមមនុស្ស៣នាក់ទៀត ដែលជាប់ឃុំជាមួយលោក ពៅ សុធារ៉ាន់ មានម្នាក់ជានគរបាលព្រំដែន ម្នាក់ជាមន្ត្រីសូរិយោដី និង ម្នាក់ទៀត ជាអ្នកកាសែត។ លោក បញ្ជាក់ថា៖«លោក ពៅ សុធារ៉ាន់ ត្រូវឃាត់ខ្លួនកាលពីថ្ងៃអាទិត្យ [៤តុលា]...ហើយមិនមែនតែគាត់ម្នាក់ទេដែលជាប់ឃុំ។ សំណុំរឿងនេះ មាន៤នាក់ហើយ [ដែលកំពុងជាប់ឃុំ] បើគិតនឹងលោក សុធារ៉ាន់។ ពាក់ព័ន្ធនឹងរឿងរ៉ាវដីធ្លីនេះ នៅមានគ្នាជាង១០នាក់ទៀត កំពុងតាមចាប់ខ្លួន ដែលភាគច្រើនជាមន្រី្ត...»។
ជុំវិញរឿងដីធ្លីនៅខេត្តមណ្ឌលគិរី កាលពីថ្ងៃទី១៥ ខែកញ្ញា សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបញ្ចប់តំណែងលោកអភិបាលស្រុកកោះញែក។ លើសពីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បានប្រាប់សារព័ត៌មានថ្មីៗ កាលពីថ្ងៃទី៣០ ខែកញ្ញាថា មិនមែនមានតែអភិបាលស្រុកមួយរូបនេះទេ ដែលត្រូវបញ្ចប់មុខតំណែង គឺមានមន្រី្តពាក់ព័ន្ធផ្សេងទៀត។ ប៉ុន្តែត្រូវរង់ចាំអនុក្រឹត្យសម្រេច ពីប្រមុខរដ្ឋាភិបាលជាឬព្រះរាជក្រឹត្យបង្គាប់ពីព្រះមហាក្សាត្រជាមុនសិន ទើបលោកអាចផ្ដល់ព័ត៌មានលម្អិតបាន។
កន្លងមក លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីកម្មវិធីពង្រឹងសិទ្ធិអំណាចសហគមន៍មូលដ្ឋាននៃសមាគមការពារ សិទ្ធិមនុស្សអាដហុក មានប្រសាសន៍ជាមួយសារព័ត៌មានថ្មីៗថា នៅខេត្តមណ្ឌលគិរីមិនមែនមានតែស្រុកកោះញែកមួយទេ គឺមានស្រុកជាច្រើនទៀតដែលកំពុងមានបញ្ហាដីធ្លីនេះ។ លោក បន្តថា ចាប់ពីឆ្នាំ២០១៥មក លោក និងពលរដ្ឋតាមមូលដ្ឋានបានដាក់បណ្ដឹងជាង១០បណ្ដឹងហើយ ពាក់ព័ន្ធនឹងការទន្ទ្រានដីខុសច្បាប់ក្នុងខេត្តមណ្ឌលគិរី។
កាលពីថ្ងៃទី២២ ខែកក្កដា សម្ដេច ស ខេង បានសម្រេចបង្កើតក្រុមការងារអន្តរក្រសួង ចុះសិក្សាលើករណីទន្ទ្រានដីព្រៃខុសច្បាប់ ក្នុងតំបន់ការពារធម្មជាតិខេត្តមណ្ឌលគិរី ដើម្បីប្រមូលឯកសារនិងភស្ភុតាងជុំវិញបញ្ហានេះ។ កន្លងមកសនាយករដ្ឋមន្ត្រី ក៏បានបញ្ជាឲ្យក្រសួងកសិកម្ម ក្រសួងបរិស្ថាន និង ក្រសួងដែនដី ដោះស្រាយបញ្ហាដីជូនពលរដ្ឋ ដែលមានទីតាំងនៅលើដីព្រៃឬតំបន់ការពារ ហើយបើពលរដ្ឋណាមានទីលំនៅរយៈពេលយូរឆ្នាំ (អាចពេល១០ទៅ២០ឆ្នាំ) ត្រូវកាត់ឆ្វៀលដីនោះឲ្យពួកគាត់។ ប្រមុខរដ្ឋាភិបាល ថែមទាំងបញ្ជាឲ្យចាត់វិធានការលើមន្ត្រីនិងបុគ្គលណា ដែលរំលោភបំពានដីរដ្ឋ ឬដីរបស់ពលរដ្ឋដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com