COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
Barcelona បាត់​ចំណូល​ជាង​១០០​លាន​ដុល្លារ​រដូវ​កាល​មុន ដោយសារ COVID-19
06, Oct 2020 , 7:29 pm        
រូបភាព
​ក្លិប Barcelona បានប្រកាស​ពី​ការបាត់​ចំណូល​របស់ខ្លួន​ចំនួន ៩៧ លាន​អឺរ៉ូ (១១៤,២៨ លាន​ដុល្លារ​អាមេរិក​) ក្រោយ​បង់ពន្ធ​សម្រាប់​ហិរញ្ញវត្ថុ​ប្រចាំ​រដូវ​កាល ២០១៩-២០​។ ការខាតបង់​នេះ​កើតឡើង​ដោយសារ​ជំងឺ​រាតត្បាត COVID-១៩ ខណៈ​មានការ​ប៉ាន់​ស្មានថា ក្លិប​យក្ស​អេ​ស្ប៉ា​ញ​មួយ​នេះ នឹង​ធ្លាក់​ចំណូល​ទៅ​ក្រោម​ពាន់​លាន​ដុល្លារ​នៅ​រដូវ​កាល​ថ្មី​នេះ​។


​ក្លិប​ដែលមាន​មូលដ្ឋាន​ក្នុង​តំបន់​ស្វយ័ត​កាតា​ឡូ​នា​បាន​និយាយ​ក្នុង​សេចក្តីប្រកាស​របស់ខ្លួន​នៅ​ថ្ងៃទី​៥ ខែតុលា​ថា​ពួកគេ​រកបាន​ប្រាក់ចំណូល ៨៥៥ លាន​អឺរ៉ូ (១,០៨​ពាន់​លាន​ដុល្លារ​) ដែល​ធ្លាក់ចុះ ១៤ ភាគរយ​បើ​ធៀប​នឹង​រដូវ​កាល ២០១៨-១៩ ដែល​រកបាន ១១៦៧ លាន​ដុល្លារ​។ ដោយឡែក បំណុល​សរុប​របស់ Barca កើន​ទ្វេដង​ដល់ ៥៧៥​លាន​ដុល្លារ​។​នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។​
 
​ការបាត់​ចំណូល​ចំនួន​១១៤​លាន​ដុល្លារ​នេះ កើតចេញពី​ការអាក់ខាន​ការប្រកួត​នៅ Nou Camp ចំនួន​៥៥​លាន​ដុល្លារ​, ៤០​លាន​ដុល្លារ​ពី​ការលក់​សម្ភារ​ក្នុង​ហាង​របស់​ក្លិប និង ២០​លាន​ដុល្លារ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ទេស​ចរ​ទៅកាន់​កីឡាដ្ឋាន​។ ការបាត់​ចំណូល នឹង​កើនឡើង​បន្ថែមទៀត រហូតដល់​អ្នកគាំទ្រ​អាច​វិលត្រឡប់​ទៅ​កីឡដ្ឋាន​វិញ​។​
​បើតាម​ការប៉ាន់ស្មាន​ស​ម្រា​ប់​ឆ្នាំ ២០២០-២១ ក្លិប​រហស្សនាម​អ្នកមាន​បុណ្យ​អាច​ធ្លាក់​ចំណូ​មក​ត្រឹម ៩៣២ លាន​ដុល្លារ​ប៉ុណ្ណោះ​។​
 
​អំឡុងពេល COVID-19 រាតត្បាត​ខ្លាំង កីឡាករ​ក្នុង​ក្លិប​មួយចំនួន​ជាពិសេស​នៅ​អឺរ៉ុប​បាន​កាត់បន្ថយ​ប្រាក់​ឈ្នួល ក្នុង​គោលបំណង​ជួយ​ទប់​វិបត្តិ​ក្លិប​របស់​ពួកគេ ស្រប​ពេលដែល​បាល់ទាត់​ត្រូវបាន​ផ្អាក​ការប្រកួត​បណ្តោះអាសន្ន​។​
 
Barcelona ក្លិប​ក្នុង​ក្របខណ្ឌ La Liga ដែល​ទើប​តែងតាំង​អ្នកចាត់ការ​ទូទៅ​ថ្មី​លោក Ronald Koeman បាន​លក់​កីឡាករ​ដែល​ជាប់កិច្ចសន្យា ហើយ​មាន​ប្រាក់ខែ​ខ្ពស់​ដូចជា Luis Suarez, Ivan Rakitic និង Arturo Vidal និង​ទិញ​ចូល​កីឡាករ​តម្លៃ​ធូរ​ថ្លៃ​ទៅ​រួម​ក្រុម​វិញ​នៅ​រដូវ​កាល​ថ្មី​នេះ​៕
 

Tag:
 Barcelona
  COVID-១៩
© រក្សាសិទ្ធិដោយ thmeythmey.com