ជាតិ
ពីនេះ ពីនោះ
តារាចម្រៀង ខាត់ សុ​ឃីម ត្រូវបានតែងតាំង​ជា​ទូត​សុច្ឆន្ទៈ​លើ​ប្រធានបទ​«​ចង្ក្រាន​ស្អាត និង​សុខភាព​»​របស់​អង្គការ SNV
06, Oct 2020 , 4:08 pm        
រូបភាព
​ភ្នំពេញ​៖ អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ (SNV) កំពុងធ្វើការ​ជាមួយ អ្នកនាង ខាត់ សុ​ឃីម​ដើម្បី​លើកកម្ពស់​ការយល់ដឹង​អំពី​ចង្ក្រាន​ដែលមាន​ប្រសិទ្ធិភាព សុវត្ថិភាព និង​ស្អាត ក្នុងន័យ ជួយ​ការពារ​បញ្ហា​សង្គម សុខភាព​និង​ការចំណាយ​របស់​សហគម​ន៍​ក្នុង​តំបន់  ក៏ដូចជា​ជួយ​ពិភពលោក​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ការប្រែប្រួល​អាកាសធាតុ​ផងដែរ​។ តារាចម្រៀង ខាត់ សុ​ឃីម ត្រូវបានតែងតាំង​ជា ទូត​សុច្ឆន្ទៈ​លើ​ប្រធានបទ ចង្ក្រាន​ស្អាត និង​សុខភាព​របស់​អង្គការ​អភិវឌ្ឍន៍​ហូ​ឡង់ (SNV) ប្រចាំ​ប្រទេស​កម្ពុជា​។

 
​ក្នុងនាម​ជា​សិល្បករ​លេចធ្លោ​ម្នាក់​ដែលមាន​បុគ្គលិកលក្ខណៈ​ផ្សារភ្ជាប់​នឹង​ប្រជាជន​កម្ពុជា​នៅ​ជនបទ អ្នកនាង ខាត់ សុ​ឃីម អាយុ ៤០ ឆ្នាំ​ត្រូវបានតែងតាំង​ជា​ទូត​សុច្ឆន្ទៈ​របស់​អង្គការ SNV ។ អ្នក នាង​នឹង​ធ្វើការ​ដើម្បី​លើកកម្ពស់​គំនិត​នៃ​ការ​ចម្អិន​អាហារ​ស្អាត​តាមរយៈ​ការប្រើប្រាស់​ចង្ក្រាន​ស្អាត​និង​មាន​សុខភាព​ល្អ​។ ដំណើរ​ទស្សនៈកិច្ច តាម​ខេត្ត​នឹងត្រូវ​បានរៀបចំ​ឡើងទៅ​កាន់​ខេត្ត​គោលដៅ​របស់​អង្គការ SNV​ដើម្បី​ស្វែងយល់​ពី​ការអនុវត្ត​ការ​ចំអិនម្ហូប​នៅតាម​ទីជនបទ​។ ក្រុមការងារ​អង្គការ SNV នឹង​ចាប់យក​សកម្មភាព​ទាំងនោះ ពិសេស​សារ​អប់រំ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដល់​ទស្សនិកជន​ទូទៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។ នៅលើ​កំរិត​អន្តរជាតិ ទូត​សុ​ឆន្ទៈ​របស់​អង្គការ SNV លើ​ប្រធានបទ​នេះ គឹ​មាន តារា​ដ៏​ល្បី លោកស្រី Julia Robert ជា​ទូត​សុ​ឆន្ទៈ ។​
 
​អ្នកនាង ខាត់ សុ​ឃីម ចាប់ផ្តើម​អាជីព​ច្រៀង​តាំងពី​ឆ្នាំ ១៩៨៥ ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកចំរៀង​ប្រពៃណី​និង​ជាតា​រា​កំប្លែង ចេញពី​ត្រកូល​ខាត់  ដែលមាន​សមាជិកគ្រួសា​រ ឪពុកម្តាយ បងប្អូន​ប្រុស​ស្រី កើត​មកជា​អ្នក​តន្ត្រី ពួកគេ​សុទ្ធតែជា​អ្នកចំរៀង​និង​អ្នកលេង​ភ្លេង​ប្រពៃណី​។​
 
 
​អ្នកនាង ខាត់ សុ​ឃីម បាន​មានប្រសាសន៍ថា​៖«​នាង​ខ្ញុំ​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់​ដែល​បាន​ចូលរួម​ក្នុង​គំនិត​ផ្តួចផ្តើម​នេះ ព្រោះ​វា​នឹង​ជួយ​សហគមន៍​ឱ្យ​យល់ដឹង​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ចង្ក្រាន​ស្អាត​និង​មាន​សុខ​ភាពល្អ​សម្រាប់​ជា​ប្រយោជន៍​ដល់​សុខុមាលភាព​និង​បរិស្ថាន​ល្អ​»​។ អ្នកនាង​ចង់​ជួយ​ផ្លាស់ប្តូរ​អាកប្បកិរិយារ​បស់​មនុស្ស​ពី​ទម្លាប់​ធ្វើ​ម្ហូប​ជាមួយ​ចង្ក្រាន​ដែល​មិនមាន​សុវត្ថិភាព​។​
 
​អង្គការ SNV បានធ្វើការ​ដើម្បី​លើកកម្ពស់​ជីវភាព​រស់​នៅ​និង​សុខភាព​របស់​ប្រជាជន​កម្ពុជា​នៅតាម​ជនបទ​ចាប់តាំងពី​ឆ្នាំ ២០០៥ ដែល​បច្ចុប្បន្ន​តាមរយៈ​កម្មវិធី​ព​ន្លឿ​នទី​ផ្សារ​ចង្ក្រាន​ទំនើប​នៅក្នុង​តំបន់​ទន្លេមេគង្គ​ដែល​ឧបត្ថម្ភ​ថវិកា​ដោយ​កម្មវិធី​អេ​ន​ឌេ​វ (EnDev) ។ កម្មវិធី​នេះ​កំពុង​អនុវត្ត​សកម្មភាព​ផ្សេងៗ​គ្នា ដែល​សកម្មភាព​មួយ​ក្នុងចំណោម​នោះ​គឺ​ការលើកកម្ពស់​ការយល់​ដឹង​ជា​សាធារណៈ​អំពី​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​ចំអិន​តាមបែប​ប្រពៃណី​និង​ការណែនាំ​អំពី​ចង្ក្រាន​ស្អាត​និង​មាន​សុខ​ភាពល្អ​ដល់​ប្រទេស​កម្ពុជា​៕ 






 

© រក្សាសិទ្ធិដោយ thmeythmey.com