COVID-19
សុខភាព
អន្តរជាតិ
មន្ត្រី​WHO៖ ១០​ភាគរយ​នៃ​ប្រជាជន​ពិភពលោក​សរុប អាច​ផ្ទុក COVID-19
06, Oct 2020 , 9:29 pm        
រូបភាព
លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក។ រូបភាព៖ Reuters
លោក Mike Ryan ប្រធានកម្មវិធីអាសន្នរបស់អង្គការសុខភាពពិភពលោក។ រូបភាព៖ Reuters
​អង្គការ​សុខភាព​ពិភពលោក (WHO) កាលពី​ថ្ងៃទី​៥ ខែតុលា បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ប្រមាណ ១០​ភាគរយ នៃ​ចំនួន​ប្រជាជន​សរុប​របស់​ពិភពលោក ប្រហែលជា​ផ្ទុក COVID-19 ទោ​ហើយ ខណៈ​មនុស្ស​ជាច្រើន​លាន​នាក់ កំពុង​រងគ្រោះ​ដោយសារ​ជំងឺឆ្លង​សកល​នេះ​។​

 
​នាយក​កម្មវិធី​អាសន្ន​របស់​WHO លោក Mike Ryan អះអាងថា ករណី​ឆ្លង​ជំងឺ COVID-19 ដែល​បាន​ផ្ទុះឡើង​ជាង​១០​ខែ​កន្លងមកនេះ នៅតែ​បន្ត​កើនឡើង​នៅ​តំបន់​អាស៊ីអាគ្នេយ៍ ខណៈ​ករណី​ឆ្លង និង​ស្លាប់ ក៏​កើនឡើង​ខ្លាំង​នៅ​តំបន់​អឺរ៉ុប និង​តំបន់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាង​កើតមាន​ក្រិ​ក​, អេ​ហ្ស៊ី​ប​, អ៊ីស្រាអែល​ជាដើម​។ មន្ត្រី WHO រូបនេះ បាន​វាយតម្លៃថា ប្រជាជន​ពិភពលោក​ប្រមាណ​ជា​១០​ភាគរយ អាច​ផ្ទុក COVID-19 ។ 
 
«​ការវាយតម្លៃ​ក្នុងពេល​បច្ចុប្បន្ន ប្រាប់​យើង​ថា​ប្រជាជន​១០​ភាគរយ នៃ​ចំនួន​ប្រជាជន​សកល ប្រហែលជា​អាច​ឆ្លង COVID-19 ។ តួលេខ​នេះ គឺ​អាស្រ័យ​តាម​ប្រទេស​, តំបន់​ទីក្រុង​, ជនបទ​, និង​ក្រុមមនុស្ស​ជាដើម​។ យ៉ាងណាក៏ដោយ អ្វីដែល​កំពុង​កើតឡើង​នៅពេលនេះ គឺ​ប្រជាជន​ជាច្រើន​លាន​នាក់ កំពុងស្ថិត​ក្នុងស្ថានភាព​គ្រោះថ្នាក់​»​។ លោក Ryan បញ្ជាក់​បែបនេះ​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​របស់ WHO នៅ​ថ្ងៃទី​៥ ខែតុលា​។ 
 
​ក្រៅពី​ការវាយតម្លៃ​ខាងលើ ប្រធាន​កម្មវិធី​អាសន្ន​រូបនេះ ក៏បាន​ព្រមាន​បណ្តា​ប្រទេស​ទាំងអស់​ថា ពិភពលោក កំពុង​ឈាន​ជើង​ចូលក្នុង​ស្ថានភាព​លំបាក ព្រោះ​កូ​រ៉ូ​ណាវី​រុស នៅតែ​ឆ្លង​នៅតាម​បណ្តា​ប្រទេស​នីមួយៗ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នា​កិច្ចប្រជុំ​នោះ លោក Ryan បានលើកឡើង​ពី​បញ្ជី​ឈ្មោះ​អ្នកជំនាញ​ដែល​ត្រូវធ្វើ​ដំណើរ​ទៅកាន់​ចិន​ក្នុង​បេសកកម្ម​ស៊ើបអង្កេត​រក​ដើមកំណើត COVID-19 ។ ប៉ុន្តែ​លោក មិនបាន​និយាយ​ឲ្យ​បាន​លម្អិត​លើ​បញ្ហា​នេះ​ទេ​។ 
 
​ក្នុង​កិច្ចប្រជុំ អាល្លឺម៉ង់​ដែល​តំណាង​ឲ្យ​អឺរ៉ុប សង្ឃឹមថា បេសកកម្ម​នេះ នឹង​ចាប់​ផ្តើមឡើង​ឆាប់ៗ​។ ចំណែក​អូស្ត្រាលី​វិញ បន្ត​ប្រកាន់​ជំហរ​ឲ្យ​មានការ​ស៊ើបអង្កេត​ឆាប់រហ័ស​មួយ​។ 
 
​សូមបញ្ជាក់ថា គិត​ត្រឹម​ថ្ងៃទី​៥ ខែតុលា ពិភពលោក​មាន​ចំនួន COVID-19 សរុប​ចំនួន​ជាង ៣៥​លាន​ករណី អ្នកស្លាប់​មាន​ជាង ១​លាន​នាក់ និង​អ្នកជា​សះស្បើយ​មាន​ចំនួន​ជាង ២៦​លាន​នាក់​៕ 

Tag:
 WHO
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com