ជាតិ
ផ្ទៃដី​ដាំ​ម្រេច​ក្នុង​ខេត្ត​ត្បូងឃ្មុំ​ថយចុះ ដោយសារ​ទីផ្សារ​ចង្អៀត តម្លៃ​ទាប និង​កត្តា​អាកាសធាតុ​
06, Oct 2020 , 9:59 pm        
រូបភាព
ដោយ:
​ផ្ទៃដី​ដាំ​ម្រេច នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បាន​ថយចុះ​ជា​បន្តបន្ទាប់ នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ដោយសារ​ម្រេច​មាន​ទីផ្សារ​ចង្អៀត តម្លៃ​ទាប បញ្ហា​ជំងឺ និង​កត្តា​អាកាសធាតុ​។ របាយការណ៍​ដាំ​ដុះ​កសិផល​នៅ​ខេត្ត​ត្បូងឃ្មុំ ដែល​សារព័ត៌មាន ThmeyThmey25 ទទួលបាន បញ្ជាក់ថា​ដី​ដំណាំ​ម្រេច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ បច្ចុប្បន្ន មាន​ត្រឹម ១ ៩០០ ហិកតា​ប៉ុណ្ណោះ ខណៈ​ប្រមាណ​៥​ឆ្នាំមុន ផ្ទៃដី​ដាំ​ម្រេច​មាន​ជាង​៣​ពាន់​ហិកតា​។​

 
​ម្រេច​ជា​ដំណាំ​ប្រភេទ​កសិឧស្សាហកម្ម ដែល​ពលរដ្ឋ​ក្នុង​ខេត្ត​ត្បូងឃ្មុំ​និយម​ដាំ​។ ប៉ុន្តែ​ចំនួន​នេះ​នៅមាន​ចំនួន​តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​ដំណាំ​ឧស្សាហកម្ម​ផ្សេងទៀត​ដូចជា កៅស៊ូ និង​ដំឡូង​មី​ជាដើម​។ បច្ចុប្បន្ន ផ្ទៃដី​ដំណាំ​ម្រេច​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ​នៅសល់​ត្រឹម ១ ៩០០ ហិកតា​ប៉ុណ្ណោះ បើ​ធៀប​នឹង​ប្រមាណ​៥​ឆ្នាំមុន ដែលមាន​ជាង​៣​ពាន់​ហិកតា ត្រឹម​ថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ​២០២០​។ នេះ​បើតាម​របាយការណ៍​ខេត្ត​ត្បូងឃ្មុំ​។​


 
​លោក ជៀង សារិទ្ធ អនុប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​ត្បូងឃ្មុំ ប្រាប់​សារព័ត៌មាន​ThmeyThmey25 ការថយចុះ​នៃ​ផ្ទៃដី​ដាំ​ម្រេច​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយសារ​ម្រេច​មាន​ទីផ្សារ​ចង្អៀត តម្លៃ​ទាប បញ្ហា​ជំងឺ និង​កត្តា​អាកាសធាតុ​។ ផល​រំខាន​ទាំងអស់នេះ បង្ខំ​ឲ្យ​អ្នក​ដាំ​ម្រេច មួយចំនួន​កាត់បន្ថយ​ផ្ទៃដី​ដាំ​ដុះ និង​មួយចំនួនទៀត​បោះបង់​ចោលការ​មើលថែ​តែម្តង​។ 
 
​អនុប្រធាន​មន្ទីរ​កសិកម្ម អះអាង​ទៀតថា នៅ​ត្បូងឃ្មុំ​មានតែ​ក្រុមហ៊ុន​ឯកជន​២​គត់ ដែល​ប្រមូល​ទិញ​ម្រេច​ពី​កសិករ នាំ​ចេញទៅ​ប្រទេស​វៀតណាម ដែលជា​ទីផ្សារ​ធំជាងគេ​សម្រាប់​ខេត្ត​នេះ​លោក ជៀង សារិទ្ធ ពន្យល់​បន្ថែម​៖« ខេត្ត​ត្បូងឃ្មុំ មាន​ទីផ្សារ​ចង្អៀត​ណាស់ មានតែ​ក្រុមហ៊ុន​ឯកជន​ចំនួន​២ ប៉ុណ្ណោះ ដែល​ប្រមូល​ទិញ​ម្រេច​ក្នុង​ខេត្ត​នេះ​។ ម្រេច​ឥឡូវ​មានតម្លៃ​ទាប ជា​មធ្យម​ម្រេច​ស្ងួត ១​គីឡូ​លក់​បានតែ ៩ ៥០០​រៀល​ប៉ុណ្ណោះ​។ ម្រេច​ខ្ចី​អាច​លក់បាន​តម្លៃ​សមរម្យ ក្នុង​១​គីឡូ ៧ ០០០​រៀល​ទៅ ៨ ០០០​រៀល ប៉ុន្តែ​តម្រូវការ​វា​តិច​ទេ​។ អីចឹង​អ្នក​ដាំ​គាត់​ទុក​ដល់​ទុំ​ទើប​បេះ​លក់​។ 
 
​យ៉ាងណាក៏ដោយ អាជ្ញាធរ មិនទាន់មាន​ដំណោះស្រាយ​ណាមួយ​ចំពោះ​តម្លៃ​ម្រេច​នោះទេ ប៉ុន្តែ​មន្ទីរ​កសិកម្ម​ខេត្ត បាន​ចុះ​ដល់​សហគមន៍​ផ្ទាល់ ដើម្បី​ផ្សព្វផ្សាយ​ពី​បច្ចេកទេស ដាំ​ដុះ ការ​មើលថែ និង​ជំងឺ​លើ​ដំណាំ​ម្រេច ក្នុងការ​ចូលរួម​ដោះស្រាយ​នូវ​បញ្ហា​ជំងឺ បាន​មួយផ្នែក​ដែរ​។​
 

 
​បើទោះបី​តម្លៃ​ម្រេច​មានការ​ធ្លាក់ចុះ ហើយ​ពលរដ្ឋ​មួយចំនួន​បន្ថយ​ការដាំដុះ ឬ​បោះបង់​ការមើល​ថែ​ម្រេច​ក៏​ដ​យ តែ​ក៏​នៅមាន​ពលរដ្ឋ​ខ្លះ ក៏​ក្រាញននៀល​នឹង​របរ​ដាំ​ម្រេច​នេះដែរ​។ អ្នកស្រី ស៊ុយ ឃេ​ង អាយុ ៤៧​ឆ្នាំ ជា​ពលរដ្ឋ​រស់នៅ​ភូមិ​ដារ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បាន​ដាំ​ដុះ​ម្រេច​ដាំ​លើ​ផ្ទៃដី ២​ហិកតា ប្រមាណ ១០​ឆ្នាំ​មកហើយ​។ កសិករ​រូបនេះ បាន​ប្រាប់ ThmeyThmey25 ថា​តម្លៃ​ម្រេច​បច្ចុប្បន្ន​ធ្លាក់​ថ្លៃ នៅត្រឹម ៩ ៥០០​រៀល​ទៅ ១ ម៉ឺន​រៀល​ប៉ុណ្ណោះ ក្នុង​មួយ​គីឡូក្រាម​។ អ្នកស្រី​រំឭកថា កាលពី​អំឡុង​ឆ្នាំ​២០១៥ អ្នកស្រី​អាច​លក់​ម្រេច​បាន​ថ្លៃ រហូតដល់ ៤​ម៉ឺន​រៀល​ឯណោះ ក្នុង មួយ​គីឡូក្រាម​។ 
 
​ដ្បិតតែ​តម្លៃ​ម្រេច​នៅ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ បាន​ធ្លាក់​ថ្លៃ និង​នៅមាន​តម្លៃ​ទ្រឹង​ម្តុំ​១​ម៉ឺន​រៀល​ក៏ដោយ ក៏​កសិករ​រូបនេះ បញ្ជាក់ថា​មិន​បោះបង់ ម្រេច​ប្រមាណ​២ ០០០ ជន្លង់ ដែល​ខំ​ដាំ​ជា​យូរ​មកហើយ​នោះទេ​។ ស្តាយ​ផង និង​វា​បានផ្ដល់​ចំណូល​ខ្លះ​នៅ​រដូវ​ប្រមូល​ផល​ផង ទើប​អ្នកស្រី ឃេ​ង បន្ត​មើលថែ​ម្រេច​របស់ខ្លួន​។ អ្នកស្រី រៀបរាប់​ដូច្នេះ​៖« ម្រេច​ហ្នឹង​ដាំ​យូរ​ឆ្នាំ​ហើយ បើ​កាប់​ចោល​ស្ដាយ​ព្រោះ​ដាំ​ច្រើន​ដែរ អីចឹង​ហើយ​ចេះតែ​បន្ត​មើលថែ​ទៅ យ៉ាងណា​ក៏​ទទួលបាន​ផល​ខ្លះៗ​ដែរ​»​។  
 
​យោងតាម​របាយការណ៍​នាំចេញ​កសិផល​ទៅ​ទីផ្សារ​អន្តរជាតិ របស់​ក្រសួងកសិកម្ម រយៈពេល ៩​ខែ​ឆ្នាំ ២០២០ កម្ពុជា​បាន​នាំចេញ​ម្រេច​សរុប​ប្រមាណ ៤ ម៉ឺន​តោន ទៅ​ទីផ្សារ​អន្តរជាតិ​៕
 

Tag:
 ម្រេច​
 ​ទីផ្សារ​
 ​កសិឧស្សាហកម្ម​
 ​ក​សិ​ម្ម​
 ​ជៀង សារិទ្ធ​
 ​ត្បូងឃ្មុំ
© រក្សាសិទ្ធិដោយ thmeythmey.com