អន្តរជាតិ
ប្រមុខ​កងទ័ព​ថៃ​ថ្មី បដិសេធ​លទ្ធភាព​ការធ្វើ​រដ្ឋប្រហារ​
06, Oct 2020 , 11:29 pm        
រូបភាព
អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ Chalermpol Srisawasdi (កណ្ដាល) ថតរូបជាមួយមេបញ្ជាការកម្លាំងទាំងបី និងមេប៉ូលិសថៃ។ រូបភាព Bangkok Post
អគ្គមេបញ្ជាការកងទ័ពភូមិន្ទថៃ ឧត្តមសេនីយ៍ Chalermpol Srisawasdi (កណ្ដាល) ថតរូបជាមួយមេបញ្ជាការកម្លាំងទាំងបី និងមេប៉ូលិសថៃ។ រូបភាព Bangkok Post
ដោយៈ​កង ម៉េង​ហុង​
 
​ប្រមុខ​កងទ័ព​ភូមិន្ទ​ថៃ​ការពារជាតិ​ដែល​ទើប​ចូលកាន់​តំណែង​ថ្មី ឧ​ត្ត​ម​សេនីយ៍ Chalermpol Srisawasdi នៅ​ថ្ងៃទី​៥ ខែកញ្ញា អះអាងថា យោធា​នឹងមិន​ចូលរួម​ក្នុង​នយោបាយ​ទេ​។ លើសពីនោះ រដ្ឋប្រហារ​យោធា ក៏​មិន​ស្ថិតនៅក្នុង​ការគិត​រប​ស់​កងទ័ព​នោះដែរ​។​

 
​បើតាម​កាសែត Bangkok Post លោក​ឧ​ត្ត​ម​សេនីយ៍ Chalermpol Srisawasdi បាន​ជួប​ជាមួយ​មេបញ្ជាការ​ថ្មី​កងទ័ពជើងគោក ជើង​ទឹក ជើង​អាកាស និង​ស្នងការ​ប៉ូលិស​ជាតិ ជា​លើកដំបូង​នៅ​ថ្ងៃទី​៥ ខែកញ្ញា​។ ក្រោយ​ជំនួប​នេះ លោក Chalermpol ត្រូវបាន​អ្នកសារព័ត៌មាន​សួរ​ពី​តួនាទី​របស់​យោធា​នៅក្នុង​រឿង​នយោបាយ​។​
 
​លោក​ឧ​ត្ត​ម​សេនីយ៍ Chalermpol បាន​ឆ្លើយថា រឿង​នយោបាយ​ជាប់​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រទេស​តាមច្បាប់ ឯ​យោធា​ធ្វើជា​យន្តការ​របស់​រដ្ឋា​ភិ​បាល​ក្នុង​កិច្ចការ​សង្គម និង​សេដ្ឋកិច្ច​។ លោក​សង្កត់ធ្ងន់ថា​៖«​ចំពោះ​បញ្ហានយោបាយ យោធា​មិនមាន​ចូល​ពាក់ព័ន្ធ​ទេ ទោះបី​យោធា​ចូលរួម​ដោយផ្ទាល់​នៅក្នុង​សន្តិសុខ​រដ្ឋ​ក៏ដោយ ព្រោះនេះ​ជា​កាតព្វកិច្ច​របស់​យោធា​។ វា​ជា​កាតព្វកិច្ច​ដែលមាន​ចែង​នៅក្នុង​រដ្ឋធម្មនុញ្ញ​»​។​
 
​ជាមួយនឹង​ការធានា​ថា នឹង​មិនមាន​រដ្ឋប្រហា​រ​យោធា​នោះ លោក​ឧ​ត្ត​ម​សេនីយ៍ Chalermpol បាន​និយាយទៀតថា ការធ្វើ​រដ្ឋប្រហារ​មិនមែនជា​ផ្នែក​នៃ​ផែនការ​សកម្មភាព​រប​ស់​យោធា​នោះទេ​។ លោក​ក៏បាន​ដាក់​គោលនយោបាយ​របស់​កង​កម្លាំងប្រដាប់អាវុធ​រួមមាន ការការពារ​រាជានិយម ការពារជាតិ ការរក្សាសន្តិសុខ​រប​ស់រ​ដ្ឋ ការកសាង​កិច្ចសហប្រតិបត្តិការ​ស​ន្តិ​សុខ​ជាមួយ​ប្រទេស​ដទៃ គាំទ្រ​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​អភិវឌ្ឍ​ប្រទេស និង​ការពារ​គ្រោះមហន្តរាយធម្មជាតិ​។​
 
​នៅពេល​ចោទសួរ​អំពី​តួនាទី​របស់​មេដឹកនាំ​កងកម្លាំងប្រដាប់អាវុធ​ក្នុងនាម​ជា​សមាជិក​ព្រឹទ្ធសភា ប្រមុខ​កងទ័ព​ថៃ បាន​និយាយថា ពួកគេ​ទទួល​តួនាទី​នេះ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​តាម​ការកំណត់​ក្នុង​រដ្ឋធម្មនុញ្ញ​តែប៉ុណ្ណោះ​។ 
 
​សូម​រំឭក​បន្តិច​ថា ក្រោម​រដ្ឋធម្មនុញ្ញ​បច្ចុប្បន្ន​ដែល​តាក់តែង​ដោយ​យោធា​ក្រោយ​រដ្ឋប្រហារ​ឆ្នាំ​២០១៤ មេទ័ព​ជើងគោក ជើង​ទឹក ជើង​អាកាស អគ្គមេបញ្ជាការ លេខាធិកា​អចិន្ត្រៃយ៍​ក្រសួងការពារជាតិ និង​មេ​ប៉ូលិស មាន​តំណែង​ជា​សមាជិក​ព្រឹទ្ធសភា​៕
 
 

© រក្សាសិទ្ធិដោយ thmeythmey.com