ជាតិ
សង្គមជាតិ
ភ្លែន​អន្តរជាតិ​៖ ក្មេងស្រី​៥៨​ភាគរយ​រង​ការ​បៀតបៀន​នៅលើ​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត ជាពិសេស​បណ្តាញ​សង្គម​
07, Oct 2020 , 7:59 am        
រូបភាព
ក្មេងស្រី​ម្នាក់​កំពុង​អង្គុយ​លើ​មើល ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​នៅលើ​ទូរ​សព្ទ​ដៃ​។​
ក្មេងស្រី​ម្នាក់​កំពុង​អង្គុយ​លើ​មើល ឬ​ប្រើប្រាស់​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធ​អ៊ិន​ធឺ​ណិ​ត​នៅលើ​ទូរ​សព្ទ​ដៃ​។​
​ភ្នំពេញ​៖ ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​ទូទាំង​ពិភពលោក​ មាន​រហូតដល់​៥៨​ភាគរយ ទទួលរង​ការ​បៀតបៀន ឬ​រំលោភបំពាន​នៅលើ​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត (Internet)  ដែលមាន​ដូចជា​បណ្តាញ​ទំនាក់ទំនង​សង្គម ​Faecbook,  Instagram, Tik Tok, Twitter ជាដើម​។ នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ របស់​អង្គការ​ភ្លែន​អន្តរជាតិ​ ដែល​ចេញផ្សាយ​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជា​សកល​របស់ខ្លួន កាលពី​ថ្ងៃទី​៥​តុលា ឆ្នាំ​២០២០​។​

 
​របាយការណ៍​សិក្សា​ស្រាវជ្រាវ​ជា​សកល​របស់​អង្គកាភ្លែន​អន្តរជាតិ បាន​បញ្ជាក់ថា  ក្នុងចំណោម​ក្មេងស្រី​ជាង​៥០​ភាគរយ ​ក្នុង​ពិភពលោក ដែល​រង​ការ​បៀតបៀន​ នៅលើ​ប្រព័ន្ធអុីន​ធឺ​ណិ​ត​នោះ មានការ​រំលោភបំពាន​នៅលើ​សង្គម​ Facebook ខ្លាំងជាងគេ ដោយមាន​រហូតដល់​ ៣៩​ភាគរយ នៃ​ក្មេងស្រី និង​ស្ត្រី​វ័យក្មេង​ទូទាំង​ពិភពលោក​។ ដោយឡែក ក្មេងស្រី​ដែល​រង​ការ​បៀតបៀន​ នៅតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ទំនាក់ទំនង​សង្គម​ផ្សេងៗ មាន​នៅលើ ​Instagram ចំនួន​២៣​ភាគរយ​, នៅលើ​WhatsApp ចំនួន​១៤​ភាគរយ​, នៅលើ​Snapchat ចំនួន​១០​ភាគរយ​, នៅលើ​Twitter ចំនួន​៩​ភាគរយ និង​នៅលើ​TikTok មាន​៦​ភាគរយ​។ 
 
​អង្គការ​ភ្លែន​អន្តរជាតិ​បាន​អះអាងថា ការស្រាវជ្រាវ​នេះ ​គឺ​ផ្អែកលើ​ការស្ទង់មតិ​ជាមួយ​ក្មេងស្រី​ចំនួន​ ១,៤​ពាន់​នាក់ ចាប់ពី​អាយុ​១៥​ទៅ​២៥​ឆ្នាំ ដែលមាន​នៅក្នុង​២២​ប្រទេស រួមមាន​ទាំង​ប្រទេស​ប្រេ​ស៊ី​ល បេ​នី​ន អាមេរិក ឥណ្ឌា ជាមួយ​បទ​សម្ភាស​ស៊ីជម្រៅ​ជា​បន្តបន្ទាប់​។ បើតាម​អង្គការភ្លែន​អន្តរជាតិ ការសិក្សា​ស្រាវជ្រាវ​នេះ គឺ​បាន​រកឃើញថា ក្មេងស្រី​ដែល​ប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ នៅក្នុង​ប្រទេស​ដែលមាន​ប្រាក់ចំណូល​ខ្ពស់ និង​ទាប គឺ​ពួកគេ​ត្រូវបាន​ទទួលរង​ការ​បៀតបៀន ដោយ​រូបភាព​អាសអាភាស ការ​លួច​តាមដាន​នៅលើអុីន​ធឺ​ណិ​ត និង​ទម្រង់​នៃ​ការរំលោភបំពាន​ផ្សេងៗ​ទៀត ដូចគ្នា​។ 
 
​ទន្ទឹមនឹង​គ្នា​នេះ អំពើហិង្សា​តាម​ប្រព័ន្ធអុីន​ធឺ​ណិ​ត បាន​បណ្តាលឱ្យ​មនុស្ស​ម្នាក់ ​ក្នុងចំណោម​ប្រាំ​នាក់ ​ស្មើនឹង​១៩​ភាគរយ​ នៃ​អ្នក​ដែល​ត្រូវបាន​គេ​បៀតបៀន បញ្ឈប់ ឬ​កាត់​ការប្រើប្រាស់​បណ្តាញ​ទំនាក់ទំនង​សង្គម​នានា  ខណៈពេលដែល​ម្នាក់​ក្នុងចំណោម​ដប់​នាក់​ (១២​ភាគរយ​) បាន​ផ្លាស់ប្តូរ​របៀប​នៃ​ការបញ្ចេញមតិ​របស់​ពួគគេ​។ 
 
​ការរំលោភបំពាន​តាម​ប្រព័ន្ធ​អុីន​ធឺ​ណិ​តនេះ បានធ្វើឱ្យ​ប៉ះពាល់​ដល់​ការរស់នៅ​របស់​ក្មេងស្រី​ នៅ​ខាង​ស្រី​ផងដែរ​។ នេះ​បើតាម​លើកឡើង​របស់​អង្គការ​ផ្លែ​ន​អន្តរជាតិ ដោយ​បញ្ជាក់ថា ៖«​ក្មេងស្រី​ម្នាក់ ​ក្នុងចំណោម​ប្រាំ​នាក់​ស្មើ​២២​ភាគរយ​ នៃ​អ្នក​ដែល​មានបាន​ចូលរួម​ស្ទង់​មតិ បាន​និយាយថា​ពួកគេ ឬ​មិត្តភក្តិ​មាន​ភាពភ័យខ្លាច​ លើ​សុវត្ថិភាព​រាងកាយ​រប​ស់​ពួកគេ ខណៈ​ក្មេងស្រី​៤៤​ភាគរយ​ទៀត និយាយថា ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ ត្រូវធ្វើ​ការងារ​បន្ថែមទៀត​ដើម្បី​ការពារ​ពួកគេ​»​។ 
 
​លោកស្រី Anne-Birgitte Albrectsen នាយិកា​ប្រតិបត្តិ​នៃ​អង្គការ​ផ្លែ​ន​អន្តរជាតិ មានប្រសាសន៍ បើទោះបីជា​ការស្រាវជ្រាវ​នេះ ប្រមូលផ្តុំ​ពី​ការសន្ទនា​ជាមួយ​ក្មេងស្រី​១,៤​ពាន់​នាក់ មកពី​ទ្វីប​ជាច្រើន ប៉ុន្តែ​ពួកគេ​ចែករំលែក​បទពិសោធន៍​ស្រដៀង​គ្នា​នៃ​ការ​បៀត​ប្រៀន និង​ការរើសអើង​។ 
 
​បើតាម​លោកស្រី Anne-Birgitte សកម្មភាព​រំលោភបំពាន​ទាំងនេះ អាច​មិន​បញ្ចេញ​លើ​រាងកាយ ប៉ុន្តែ​ជារឿយៗ វា​តែងតែ​បង្កើត​នូវ​ការ​គំរាម​កំហែង មាន​លក្ខណៈ​ឥតឈប់ឈរ និង​បានដាក់​ដែន​កំណត់​ លើ​សេរីភាព​ក្នុងការ​បញ្ចេញមតិ​រប​ស់​ក្មេងស្រី ។ លោកស្រី Anne-Birgitte បាន​បញ្ជាក់ថា​៖«​ការធ្វើឱ្យ​ក្មេងស្រី​ដកខ្លួន​ចេញ ពី​ប្រព័ន្ធ​អុីន​ធឺ​ណិ​ត គឺជា​ការ​បង្ខាំង​ភាព​អង់អាច​របស់​ពួកគេ នៅក្នុង​ពិភព​ល​ឌីជីថល ​ដែល​កំពុងតែ​កើនឡើង និង​បំផ្លាញ​សមត្ថភាព​របស់​ពួកគេ ​ក្នុង​ការបង្ហាញ​ឱ្យគេ​ឃើញ ឱ្យគេ​ស្គាល់ ឱ្យគេ​ស្តាប់ និង​ក្លាយជា​អ្នកដឹកនាំ​»​។ 
 
​នាយិកា​ប្រតិបត្តិ​នៃ​អង្គការភ្លែ​ន​អន្តរជាតិ​បាន​បន្តថា​៖« ជារឿយៗ​ដែល​គួរឱ្យ​ខកចិត្ត​ខ្លាំង ដែល​ពួកគេ​ត្រូវបាន​គេ​ទុកឱ្យ​ដោះស្រាយ​អំពើហិង្សា ​តាម​អុីន​ធឺ​ណិ​ត​ដោយ​ខ្លួនឯង ជាមួយនឹង​ផលប៉ះពាល់​យ៉ាងខ្លាំង​ ទៅលើ​ទំនុកចិត្ត​លើ​ខ្លួនឯង និង​សុខុមាលភាព​របស់​ពួកគេ​។ ដោយសារ​ជំងឺ​កូ​វីដ​-១៩ បានធ្វើឱ្យ​ការរស់នៅ​របស់​យើង​ភាគច្រើន​ ត្រូវ​ពឹង​ផ្អែកលើ​អុីន​ធឺ​ណិ​ត ហើយ​ជាមួយនឹង​ការបង្កើន​លទ្ធភាព​ប្រើប្រាស់​អុីន​ធឺ​ណិ​ត នៅ​ទូទាំង​ពិភពលោក វា​ដល់ពេល​ហើយ​ដែល​ប្រព័ន្ធ​ឌីជីថល ត្រូវបង្កើត​យន្តការ និង​វិធាន​ការពារ​អ្នកប្រើប្រាស់​របស់​ពួកគេ​»​​។ 
 
​ក្នុង​របាយការណ៍​សិក្សា​ស្រាវជ្រាវ​នេះ ​បញ្ជាក់​ផងដែរ​ថា ប្រភេទ​នៃ​សកម្មភាព​រំលោភបំពាន​លើ​ក្មេងស្រី​ក្នុង​ពិភពលោក ជាទូទៅ​គឺ​ភាសា ​ដែល​បង្ហាញ​ពី​រំលោភបំពាន និង​ប្រមាថ ដែល​ត្រូវបាន​រាយការណ៍ ​ដោយ​ក្មេងស្រី​៥៩​ភាគ ដែល​ត្រូវបាន​គេ​បៀតបៀន​។ បន្ទាប់មក​ការ​បង្អាប់​ដោយ​ចេតនា មាន​៤១​ភាគរយ ការ​មាក់ងាយ​រូបរាងកាយ  និង​ការគំរាមកំហែង​នៃ​អំពើហិង្សា​ផ្លូវភេទ មាន​៣៩​ភាគរយ​៕
 

Tag:
 កុមារ​
  Facebook
© រក្សាសិទ្ធិដោយ thmeythmey.com