ជាតិ
អ្នក​នៅ​តំបន់ភ្នំ និង​មាត់សមុទ្រ ត្រូវ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​ភ្លៀង ខ្យល់ ដែល​បន្ត​ដល់​ថ្ងៃទី​១៣ ខែតុលា​
07, Oct 2020 , 8:29 am        
រូបភាព
ដោយ:
​ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ជូនដំណឹង​ឲ្យ​ពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​ភ្លៀង ផ្គរ រន្ទះ ដែល​អាច​កើតមាន ចាប់ពី​ថ្ងៃទី ៧-១៣ ខែតុលា​។ ដោយឡែក​នៅ​បណ្តា​ខេត្ត​ជាប់​សមុទ្រ និង​តំបន់ភ្នំ​នឹង​អាចមាន​ភ្លៀង​ធ្លាក់​ច្រើន នៅ​ថ្ងៃទី ៧-៩ តុលា​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក នៅ​ថ្ងៃទី​៦ តុលា​នេះ​។​

 
​ក្នុង​សេចក្ដីជូនដំណឹង​នោះ ក្រសួង​ធនធានទឹក បាន​បញ្ជាក់ថា ប្រព័ន្ធ​សម្ពាធ​ទាប បាន​បន្ត​លាតសន្ធឹង​ឆ្លងកាត់​ប្រទេស​កម្ពុជា ដោយ​ភ្ជាប់​ទៅនឹង​សម្ពាធ​ទាប​មួយ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​អាច​កើតជា​វិ​សម្ពាធ​ទាប (Tropical Depression) ឬ​បង្កើតជា​ព្យុះ (Tropical Storm)​។ ស្ថានភាព​បែបនេះ នឹងធ្វើ​ឲ្យ​ទូទាំងប្រទេស​កម្ពុជា អាចមាន​ភ្លៀង​ធ្លាក់ និង​ខ្យល់​បក់ ចាប់ពី​ថ្ងៃទី​៧​តុលា ដល់​ថ្ងៃទី​១៣​តុលា​។​
 
​តាម​ការ​ព្យាករ​ដដែល ខេត្ត​ជាប់​ជួរ​ភ្នំ​ដងរែក និង​ខ្ពង់រាប​ឦសាន អាចមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី ៧-១៣ ខែតុលា ខណៈ​បណ្ដា​ខេត្ត​នៅ​តំបន់​វាលទំនាប ដូចជា​ខេត្ត​ភាគខាងត្បូង​ប្រទេស​កម្ពុជា និង​បណ្ដា​ខេត្ត​ជាប់​ប្រទេស​វៀតណាម អាចមាន​ភ្លៀង​ធ្លាក់​ច្រើន ចាប់ពី​ថ្ងៃទី​៧-៩ តុលា​។ 
 
​ក្រសួង​ធនធានទឹក បានបញ្ជាក់​ទៀតថា ខេត្ត​នៅជាប់​តំបន់​មាត់សមុទ្រ អាចមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ នៅក្នុង​កម្រិត​បង្គួរ ទៅ​ច្រើន ក្នុងអំឡុង​ថ្ងៃទី ៧-១៣ តុលា​។ ដូច្នេះ​ក្រសួង បាន​ក្រើនរំលឹក​ដល់​ពលរដ្ឋ​ដែល​រស់​នៅតាម​តំបន់​មាត់សមុទ្រ និង​អ្នករស់នៅ​ជាប់​តំបន់ភ្នំ ពិសេស​អ្នកនេសាទ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​បាតុភូត​នេះ ចាប់ពី​ថ្ងៃ​នៅ​ថ្ងៃទី ៧-៩ តុលា ដែល​នឹងមាន​ភ្លៀង ខ្យល់​បក់​ខ្លាំង និង​រលក់​សមុទ្រ​ខ្ពស់ៗ ជាដើម​៕
 

Tag:
 អាកាសធាតុ​
 ​មាត់សមុទ្រ
© រក្សាសិទ្ធិដោយ thmeythmey.com