ជាតិ
ហេតុអ្វីត្រូវដាក់សារាយ ក្នុងអាងចិញ្ចឹមបង្កង និងត្រី?
× សារាយទឹកសាប ត្រូវបានប្រជាកសិករដែលចិញ្ចឹមបង្កង ត្រី កន្ធាយជាដើម ប្រើប្រាស់ ជាចំណីសត្វចិញ្ចឹមក្នុងទឹករបស់ខ្លួនផង និងប្រើជាជម្រកសម្រាប់សត្វទាំងនោះផង។ តាមអ្នកជំនាញ សារាយ មានតួនាទីជួយឲ្យទឹកត្រជាក់ បន្សុទ្ធទឹក ផលិតអុកស៊ីសែន និងថាមពល ដែលសម្រួលដល់ការរស់នៅ និងការលូតលាស់របស់សត្វរស់នៅក្នុងទឹក។
សារាយ ជាប្រភេទរុក្ខជាតិម្យ៉ាង ដែលអណ្ដែតលើផ្ទៃទឹក មានតួនាទីសំខាន់ក្នុងការបង្កើនភាពត្រជាក់នៃទឹក ដើរតួនាទីជាអ្នកបន្សុទ្ធទឹក និងធ្វើឲ្យទឹកមានអុកស៊ីសែនគ្រប់គ្រាន់។ វាក៏ផ្នែកមួយស្រូបពន្លឺព្រះអាទិត្យ ដើម្បីធ្វើរស្មីសំយោគ ។ លោក នុត សាវ៉ាត់ អ្នកចិញ្ចឹមបង្កងផ្ទាល់ និងជាអ្នកជំនាញផ្នែកជលផល និងផ្នែកអភិរក្សជីវចម្រុះ ប្រាប់ ThmeyThmey25ថា សារាយជាចំណីធម្មជាតិមួយប្រភេទ សម្រាប់បង្កង និងសត្វក្នុងទឹកដទៃទៀត ហើយវាក៏ត្រូវបានអ្នកចិញ្ចឹមសត្វក្នុងទឹកភាគច្រើន ប្រើប្រាស់សម្រាប់ជាចំណី និងជម្រកសម្រាប់សត្វចិញ្ចឹមក្នុងទឹករបស់ខ្លួន។
បុរសវ័យ ៣០ឆ្នាំរូបនេះបានបញ្ជាក់តៀតថា ចំពោះការចិញ្ចឹមបង្កង ឬចិញ្ចឹមត្រីនោះ គេអាចមិនដាក់សារាយក៏បានដែរ។ ប៉ុន្តែដោយសារសារាយសម្បូរនៅតាមស្ទឹង បឹងបួរ ដូច្នេះកសិករផ្នែកវារីវប្បកម្ម មិនចាំបាច់លំបាកក្នុងការស្វែងរក។ ទើបតែចិញ្ចឹមបង្កងជាងមួយឆ្នាំពិតមែន តែលោក សាវ៉ាត់ មានបទពិសោធន៍ និងជំនាញផ្នែកវារីវប្បកម្មលោកបានលើកឡើងថា៖ «សារាយជាចំណីធម្មជាតិរបស់បង្កង ពិសេសវាល្អសម្រាប់កូនបង្កង និងជាផ្នែកមួយជួយធ្វើឲ្យទឹកត្រជាក់។ ការដាក់សារាយក្នុងអាងចិញ្ចឹមបង្កង ធ្វើឲ្យកាត់បន្ថយការចំណាយទៅលើចំណីផ្សេងៗទៀត ម្យ៉ាងក៏ជាជម្រកសម្រាប់បង្កងលាក់ខ្លួន»។
លោក នុត សាវ៉ាត់ ឲ្យដឹងតៀតថា សារាយមានច្រើនប្រភេទ ប៉ុន្តែនៅកម្ពុជាមិនទាន់មានការសិក្សា និងស្រាវជ្រាវលម្អិតពីឈ្មោះសារាយនោះទេ។ ដូច្នេះមិនអាចកំណត់បានពីឈ្មោះរបស់វាឡើយ គ្រាន់តែដឹងថា វាជាប្រភេទសារាយទឹកសាប ហើយត្រូវបានគេហៅទៅតាមតំបន់ដូចជាសារាយកន្ទុយឆ្កែ សារាយស្លឹកស្រួយជាដើម។
ដោយឡែកអ្នកស្រី បេង ជុយស៊ាន ជាវប្បករមួយរូបដែលចិញ្ចឹម បង្កង និងកន្ធាយ នៅភូមិរកាយា ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។ អ្នកស្រីបានចាប់ផ្ដើមចិញ្ចឹមបង្កង និងកន្ធាយ ជាងមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែស្ត្រីវ័យ ៣២ឆ្នាំរូបនេះ បានយល់ដឹងយ៉ាងច្បាស់ ពីអត្ថប្រយោជន៍សារាយ ចំពោះការចិញ្ចឹមបង្កង និងផ្នែកវារីវប្បកម្ម។
ក្រៅពីប្រើសារាយសម្រាប់ចិញ្ចឹម បង្កង និងកន្ធាយ របស់ខ្លួន អ្នកស្រីបានឆ្លៀតពេលទំនេរ ដើម្បីទៅដងសារាយពីស្ទឹង ដែលជិតផ្ទះ យកមកលក់ឲ្យអ្នកចិញ្ចឹមបង្កង ត្រី និងកន្ធាយ ផ្សេងទៀតដែរ។
អ្នកស្រីបានប្រាប់ThmeyThmey25 ថាក្រៅពីប្រើប្រាស់សម្រាប់ខ្លួនឯង ក្នុងវិស័យវារីវប្បកម្ម អ្នកស្រី អាចលក់សារាយបានក្នុងតម្លៃ ៤ ០០០រៀល ក្នុងមួយគីឡូ ដែលវាជាចំណូលផ្សំសម្រាប់អ្នកស្រី បន្ថែមពីការលក់កូនកន្ធាយ និងកូនបង្កង។ អ្នកស្រី បានបង្ហាញពីមូលហេតុដែលអ្នកស្រីយកសារាយដាក់ក្នុងអាងចិញ្ចឹមបង្កង និងកន្ធាយ គឺដើម្បីដាក់ជាចំណីបង្កង និងកន្ធាយ ម្យ៉ាងអាចធ្វើជាជម្រកដល់បង្កង និងសត្វក្នុងទឹកផងដែរ៕
Tag:
សារាយ
វារីវប្បកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com