COVID-19
ថៃ ត្រៀម​លុយ​ដើម្បី​ផ្គត់​ផ្គង​វ៉ាក់សាំង COVID-19 ឲ្យ​ប្រជាជន​
06, Oct 2020 , 5:29 pm        
រូបភាព
រូបភាព​ Xinhua
រូបភាព​ Xinhua
ដោយ៖​កង ម៉េង​ហុង
 
​គណៈកម្មាធិការ​គ្រប់គ្រង​វ៉ាក់សាំង​ថ្នាក់ជាតិ​របស់​ប្រទេស​ថៃ នឹង​ស្វែងរក​ថវិកា​ចំនួន​ជាង ៩៤ លាន​ដុល្លារ​ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង Covid-19 ពី​បរទេស​សម្រាប់​ប្រជាជន​ថៃ​។​

 
​ក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែតុលា លោកស្រី Panprapa Yongtrakul អ្នកនាំពាក្យ​របស់​ក្រសួងសុខាភិបាល​ថៃ​និយាយថា រដ្ឋាភិបាល​កំពុង​ស្វែងរក​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង Covid-19 ណា​ដែល​បានបញ្ចប់​ការសាកល្បង​ដំណាក់កាល​ទី ៣ ដើម្បី​បញ្ជា​ទិញ​វ៉ាក់សាំង​សម្រាប់​ប្រជាជន​ថៃ​ចំនួន​៣០​ភាគរយ​។  រដ្ឋាភិបាល​ថៃ​ក៏​គ្រោង​នឹង​បញ្ជា​ទិញ​វ៉ាក់សាំង​២០​ភាគរយ​ទៀត​ពី​ក្រុមហ៊ុន Covax ដែល​បង្កើតឡើង​ដោយ​អង្គការ​សុខភាព​ពិភពលោក​។ 
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ លោកស្រី​អ្នកនាំពាក្យ​ក៏បាន​បន្តថា គណៈកម្មាធិការ​វ៉ាក់សាំង​របស់​ថៃ នឹង​ចុះបញ្ជី​ពី​លក្ខខណ្ឌ​វិនិច្ឆ័យ​សម្រាប់​កំណត់​ពលរដ្ឋ​ដែល​សមស្រប​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ការពារ​ក្នុងដំណាក់កាល​ដំបូង ព្រោះ​មាន​ប្រជាជន​ថៃ​តែ​ពាក់កណ្តាល​ប៉ុណ្ណោះ​ដែល​នឹង​ទទួលបាន​ការផ្តល់​វ៉ាក់សាំង​ក្នុងដំណាក់កាល​ដំបូង​នេះ​។ ការចំណាយ​លើ​វ៉ាក់សាំង​នេះ គ្រោង​ប្រើ​លុយ​ចំនួន​៩៤​លាន​ដុល្លារ​។​
 
​ទាក់ទង​រឿង​វ៉ាក់សាំង​នេះ  លោក​វេជ្ជបណ្ឌិត Nakorn Premsri នាយក​វិទ្យាស្ថាន​វ៉ាក់សាំង​ជាតិ​ថៃ លើកឡើងថា ពលរដ្ឋ​ក្រុម​ដំបូង​ដែល​នឹង​ទទួលបាន​វ៉ាក់សាំង​ដំណាក់កាល​ទី​១ ចំនួន​៣៣​លាន​នាក់​ដោយ​ចាក់​ម្ដង​ត្រូវ​ចំណាយ​ប្រហែល​២២​ដុល្លារ​សម្រាប់​មនុស្សម្នា​ក់ ឬ​សរុប​ទាំងអស់​ប្រហែលជា ៧២៦​លាន​ដុល្លារ​។ លោក​បន្តថា យោងតាម​បញ្ញត្តិ​អន្តរជាតិ ក្រុមគ្រូពេទ្យ​នឹង​ទទួលបាន​វ៉ាក់សាំង​មុនគេ​។​
 
​ដើម្បី​ទទួលបាន​វ៉ាក់សាំង រដ្ឋាភិបាល​នឹង​ស្វែង​រកលុយ​ពី​កញ្ចប់​មូលនិធិ COVID-19 ឬ​ថវិកា​របស់​រដ្ឋាភិបាល​ផ្ទាល់ ព្រោះថា​កា​រក​ម្ម៉​ង់​វ៉ាក់សាំង​ទុកជាមុន ជា​រឿង​ចាំបាច់​ដើម្បី​ធានាថា វា​អាច​ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ និង​ភ្លាមៗ​បន្ទាប់ពី​ការអភិវឌ្ឍ​របស់​វ៉ាក់សាំង​ត្រូវបាន​បញ្ចប់​។ 
 
​បច្ចុប្បន្ន វ៉ាក់សាំង​ប្រហែល​១០ បានបញ្ចប់​ដំណាក់កាល​សាកល្បង​ចុងក្រោយ​។ ថៃ​រំពឹងថា ការចរចា​លើ​ការទិញ​ទុក​មុន​របស់ខ្លួន នឹង​បញ្ចប់​នៅ​ខែ​នេះដែរ​៕
 
 

Tag:
 ថៃ​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com