កីឡាជាតិ
ជាតិ
កីឡាករ ឡាំង​កូស៊ីន ថា ម្តាយ​ខ្លួន​ស្រក់​ទឹកភ្នែក ពេល​រូបគេ​ឡើង​សង្វៀន​ប្រដាល់​លើកដំបូង​
06, Oct 2020 , 6:29 pm        
រូបភាព
កីឡាករ ភួន ឡាំងកូស៊ីន ប្រកួតជាមួយកីឡាករ ធន់ អៀនឡៃ នៅសង្វៀនភីអិនអិន
កីឡាករ ភួន ឡាំងកូស៊ីន ប្រកួតជាមួយកីឡាករ ធន់ អៀនឡៃ នៅសង្វៀនភីអិនអិន
ដោយ:
​អ្នកលេង​គុន​ខ្មែរ ភួ​ន ឡាំង​កូស៊ីន របស់​ក្លិប​ប្រដាល់​សៅ​យ៉ាន់​នាគា​បាន​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ​តាំងពី​វ័យក្មេង​។ ស្ថិតក្នុង​វ័យ​១៨​ឆ្នាំ ឡាំង​កូស៊ីន បាន​ឆ្លងកាត់​បទពិសោធ​ឡើង​សង្វៀន​ប្រដាល់​មិនតិចជាង​៥០​ដងនោះ​ទេ​។ កីឡាករ​មានស្រុក​កំណើត​នៅ​ខេត្តបន្ទាយមានជ័យ​រូបនេះ​បាន​ប្រាប់​ពី​មូល​ហេតុដែល​នាំ​ឲ្យ​រូបគេ​ចូលប្រឡូក​ក្នុង​វិស័យ​ប្រដាល់​ថា ដោយសារ​រូបគេ​ខឹង​មិត្តភក្តិ​ធ្វើបាប​កាល​នៅ​រៀន​។ រូបគេ​បាន​បន្ថែមថា ម្តាយ​ខ្លួន​ធ្លាប់​ស្រក់​ធ្លាក់​ភ្នែក​ពេល​រូបគេ​ឡើង​ប្រដាល់​លើកដំបូង​។

 
​ពី​អ្នក​ហាត់​ក្បាច់គុន ដើម្បី​ការពារ​ខ្លួន​ពី​ការធ្វើ​បាប​របស់​មិត្តភក្តិ និង​មនុស្ស​មួយចំនួន ដែល​តែងតែ​ធ្វើបាប​ពេល​ខ្លួន​នៅ​រៀន យុវជន ភួ​ន ឡាំង​កូស៊ីន បាន​វិ​វត្ត​ខ្លួន​ក្លាយជា​អ្នក​ប្រដាល់​មាន​ប្រជាប្រិយភាព​មួយរូប​នៅ​កម្ពុជា​។ ទោះបី​បច្ចុប្បន្ន​រូបគេ​មិនទាន់បាន​សាង​ស្នាដៃ និង​បង្កើត​សមិទ្ធ​ជា​ដុំកំភួន​ក៏ដោយ តែ​រូបគេ​ធ្លាប់​ទទួលបាន​ជ័យជម្នះ​ជាច្រើនលើក ទាំង​នៅ​កម្ពុជា និង​ថៃ​។​
 
 
​ឡាំង​កូស៊ីន បាន​ចូលប្រឡូក​ក្នុង​វិស័យ​កីឡាប្រដាល់​តាំងពី​នៅ​រៀន​អនុវិទ្យាល័យ​មកម្ល៉េះ ដោយ​ផ្តើមចេញពី​ការធ្វើ​បាប​របស់​មិត្តភក្តិ ដែល​តែងតែ​វាយ និង​ចាប់​ស្រាតខោ​របស់ខ្លួន​។ ក្រោយ​មើលឃើញ​ពី​ភាព​រីកចម្រើន​លើ​បច្ចេកទេស និង​តាក់​តិច​ក្នុងការ​វាយ យុវជន​រូបនេះ ត្រូវបាន​គ្រូបង្វឹក​ផ្គូផ្គង​ឲ្យ​ឡើង​ប្រកួត​លើស​ង្វៀន​ក្រៅផ្លូវការ​នៅ​ខេត្តបន្ទាយមានជ័យ​ទាំង​វ័យក្មេង ជាច្រើនលើក​។ បន្ទាប់មក រូបគេ ត្រូវបាន​គ្រូបង្វឹក​បញ្ជូន​ឲ្យ​ចេញទៅ​ប្រកួត​នៅ​ប្រទេស​ថៃ ក្រោយ​ទទួលបាន​ជ័យជម្នះ​ជា​បន្តបន្ទាប់​។ 
 
​ម្តាយ​របស់​កីឡាករ ភួ​ន ឡាំង​កូស៊ីន អាណិតកូន​រហូត​ស្រក់​ទឹកភ្នែក​ពេល​ឃើញ​កូន​ឡើង​សង្វៀន​ប្រដាល់​ទាំង​វ័យក្មេង​។ នេះ​បើតាម​ការអះអាង​របស់​កីឡាករ​វ័យ​១៨​ឆ្នាំ​ខាងលើ​។ រូបគេ​បាន​រៀបរាប់​យ៉ាង​ដូច្នេះ​ថា​៖«​កាល​ខ្ញុំ​ឡើង​វ៉ៃ​ដំបូងៗ គឺ​អ្នក​ម្តាយ​គាត់​យំ គាត់​ភ័យ​នឹង​កូន​។ ពេលនោះ ខ្ញុំ​ប្រាប់​គាត់​ថា ម៉ែ​យំ​ធើ​អី ខ្ញុំ​មិន​អី​ទេ ខ្ញុំ​ឈ្នះ​ហើយ​តើ​»​។ 
 
​កីឡាករ​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ មិនដឹង​តួលេខ​ច្បាស់លាស់​ពី​ការឡើង​សង្វៀន​ប្រដាល់​របស់ខ្លួន​នោះទេ គ្រាន់តែ​បញ្ចា​ក់ថា រូបគេ​អាច​ឆ្លងកាត់​បទពិសោធ​ប្រកួត​ចន្លោះ​ពី​៥០​ទៅ​៦០​លើក​។ ក្នុងចំណោម​បទពិសោធ​ប្រកួត​ទាំងនេះ ភាគច្រើន ឡាំង​កូស៊ីន ប្រកួត​នៅតាម​ខេត្ត​និង​ប្រទេស​ថៃ ដ្បិត​រូបគេ​ទើប​ឡើងមក​ប្រកប​អាជីព​នៅ​ភ្នំពេញ​បាន​ប្រមាណ​១​ឆ្នាំ​តែប៉ុណ្ណោះ​។ 
 
​កត្តា​ជីវភាព​បាន​បង្ខំ​ឲ្យ​យុវជន​វ័យ​១៨​ឆ្នាំ​រូបនេះ បោះបង់​ការសិក្សា​នៅត្រឹម​ថ្នាក់​ទី​៨ ដើម្បី​មក​ធ្វើការ​សំណង់​នៅ​រាជធានី​ភ្នំពេញ ដើម្បី​រកលុយ​ផ្គត់​ផ្គ់ង់​ជីវភាព​គ្រួសារ​។ ប៉ុន្តែ​ក្រោយមក រូបគេ​បានការ​ងារ​ជាជាង​សំណង មក​ចូល​ហ្វឹកហាត់​ប្រដាល់​ឡើងវិញ​នៅ​ក្លិប​ប្រដាល់​សៅ​យ៉ាន់​នាគា រហូតមកដល់​បច្ចុប្បន្ន​។ 
 
​បច្ចុប្បន្ន​រូបគេ​ជា​បេក្ខភាព​ម្នាក់​ក្នុងចំណោម​៨​នាក់ ដែល​ត្រូវ​ប្រជែង​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រដាល់​គុន​ខ្មែរ ISI PALM-ISI PIPE នៅ​សង្វៀន​ភី​អិន​អិន ដែល​បាន​បើក​រដូវ​កាល​នៅ​សប្តាហ៍​មុន​។ កីឡាករ​រូបនេះ​ធ្លាប់​ចូលរួម​ប្រកួត​ដណ្តើម​ខ្សែក្រវាត់​ក្នុង​កម្មវិធី​នេះ​ម្តង​រួចមកហើយ តែ​ធ្លាក់​ត្រឹម​វគ្គ​ជម្រុះ​ខ្សែក្រវាត់​ប្រាក់​។ សម្រាប់​ការប្រកួត​កាលពី​សប្តាហ៍​មុន​កីឡាករ ភួ​ន ឡាំង​កូស៊ីន ទទួលបាន​៣​ពិន្ទុ​ដោយ​ស្វ័យប្រវត្តិ ក្រោយ​គូប្រកួត​របស់គេ គឺ​កីឡាករ ធន់ អៀន​ឡៃ លើស​ទម្ងន់​។ 
 
​ឡាំង​កូស៊ីន អះអាងថា រូបគេ​ចង់​ក្លាយជា​កីឡាករ​ល្បីល្បាញ​មួយរូប និង​ចង់​ក្លាយជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​កម្មវិធី​ប្រដាល់​ណាមួយ​នៅតាម​ស្ថានីយទូរទស្សន៍​។ ជាពិសេស​រូបគេ​ចង់​ក្លាយជា​កីឡាករ​ជម្រើសជាតិ តំណាង​ឲ្យ​កម្ពុជា​ក្នុងការ​ប្រកួត​លើ​ឆាក​អន្តរជាតិ​។ សិស្ស​របស់លោក សាន់ សៅ​យ៉ាន់ រូបនេះ​ប្តេជ្ញា​ថា រូបគេ​នឹង​ខិតខំ​ប្រឹងប្រែង ដើម្បី​សម្រេច​គោលដៅ​ដ៏​ធំ​មួយ​នេះ​៕  
 

Tag:
 ប្រដាល់​គុន​ខ្មែរ​
  ភួ​ន ឡាំង​កូស៊ីន
© រក្សាសិទ្ធិដោយ thmeythmey.com