អន្តរជាតិ
មេទ័ព​ជើងគោក​ថៃ​ថ្មី ប្រាប់​បាតុករ​ដែល​ចង់​កែទម្រង់​រាជានិយម​ឲ្យ​កែខ្លួន​ឯង​សិន​
07, Oct 2020 , 10:09 am        
រូបភាព
មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Narongphan Jitkaewtae ។ រូបភាព AFP
មេបញ្ជាការកងទ័ពជើងគោកថៃ ឧត្តមសេនីយ៍ Narongphan Jitkaewtae ។ រូបភាព AFP
​មេទ័ព​ជើងគោក​ថ្មី​របស់​ថៃ ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae បាន​ផ្ញើ​សារ​ព្រមាន​មួយ​ទៅកាន់​ក្រុមបាតុករ​ដែល​ទាមទារ​ឲ្យ​កែទម្រង់​របបរាជានិយម​ក្នុងប្រទេស​។ ឧ​ត្ត​សេនីយ៍​រូបនេះ ប្រាប់​ឲ្យ​បាតុករ​កែប្រែ​ខ្លួនឯង​ជាមុនសិន​។​

 
«​ពួកគេ​គេ​គួរ​មើល​ខ្លួនឯង​ជាមុនសិន​ថា បានធ្វើ​រឿង​ត្រឹមត្រូវ​អ្វីខ្លះ មុនពេល​ប្រាប់​ឲ្យ​អ្នកដទៃ​ធ្វើតាម​ខ្លួន​។​» ឧ​ត្ត​ម​សេនីយ៍ Narongphan Jitkaewtae មេបញ្ជាការ​កងទ័ពជើងគោក​ថៃ និយាយ​បែបនេះ​ដោយ​សំដៅ​ក្រុមបាតុករ​វ័យក្មេង​ដែល​ចង់បាន​កំណែទម្រង់​ស្ថាប័ន​មហាក្សត្រ ។ លោក Jitkaewtae ឡើងកាន់តំណែង​មេទ័ព​ជើងគោក​ដ៏​មានអំណាច​នៅ​ថ្ងៃទី​១ ខែតុលា​កន្លងទៅ​។​
 
​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ថ្ងៃទី​៦ ខែតុលា​ក្រោយ​ជំនួប​ជាមួយ​មេបញ្ជាការ​យោធា លោក Jitkaewtae ក៏បាន​ផ្ញើ​សារ​ទុក​មុន​ដែរ គ្រប់ភាគី​ទាំងអស់​មិនត្រូវ​បង្កើត​ឲ្យ​មាន​ស្ថានភាព​គ្រោះថ្នាក់​ដល់​ជាតិ​ឡើយ ហើយ​បើ​ធ្វើបាន លទ្ធភាព​នៃ​ការធ្វើ​រដ្ឋប្រហារ​គឺ​សូន្យ​។ នេះ​បើតាម​ការផ្សាយ​របស់​កា​សែត​បាងកក​ប៉ុស្តិ៍​។​
 
 
​នៅពេល​សួរ​ពី​ជំហរ​ទាក់ទង​គម្រោង​ធ្វើបាតុកម្ម​នៅ​សប្ដាហ៍​ក្រោយ​ដែល​ទំនងជា​ផ្ដោតលើ​រាជានិយម​ទៀត​នោះ ប្រមុខ​កងទ័ពជើងគោក​ថៃ​រូបនេះ ឆ្លើយថា ប្រជាជនមាន​សេរីភាព ប៉ុន្តែ​សេរីភាព​នៃ​ការបញ្ចេញ​របស់​ពួកគេ ត្រូវតែ​ស្របតាម​ច្បាប់​។ ពោល គឺ​ពួកគេ​មិនត្រូវ​បំពាន​សិទ្ធិ​អ្នកដទៃ ហើយ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់ បើ​ធ្វើ​ខុសច្បាប់​។ 
 
​ចំពោះមុខ​អ្នកសារព័ត៌មាន លោក Jitkaewtae ប្ដេជ្ញាចិត្ត​ការពារជាតិ សាសនា មហាក្សត្រ និង​ប្រជាជន ទោះ​ត្រូវ​លះបង់​អ្វី​ក៏ដោយ​។ ពេល​សួរ​ដល់​រឿង​រដ្ឋប្រហារ មេទ័ព​ថៃ​រូបនេះ​ឆ្លើយថា​៖ «​គ្រប់​មេទ័ព​ជើ​គោក​ទាំងអស់ សុទ្ធតែ​ត្រូវបាន​សួរ​បែបនេះ​ពេល​កាន់តំណែង ហើយ​ពួកគេ​ឆ្លើយថា ឱកាស​ធ្វើ​រដ្ឋប្រហារ​មាន​សូន្យ​ភាគរយ តែមាន​លក្ខខណ្ឌ​ថា មិនមាន​នរណាម្នាក់​ប​ង្ក​ជម្លោះ​ដែល​នាំ​ឲ្យ​អំពើហិង្សា និង​កោលាហល​។​» 
 
​លោក Jitkaewtae នឹង​កាន់តំណែង​ដល់​លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ​២០២៣៕
 
 
 
 
 

Tag:
 ថៃ​
  Narongphan Jitkaewtae
© រក្សាសិទ្ធិដោយ thmeythmey.com