កីឡាអន្តរជាតិ
អន្តរជាតិ
Redknapp ថា​សមាជិក​ក្រុម Spurs ឆ្នាំនេះ​មាន​សមត្ថភាព​ឈ្នះ​ពាន EPL
07, Oct 2020 , 11:02 am        
រូបភាព
​លោក Harry Redknapp មើលឃើញថា សមត្ថភាព​របស់​ក្រុម Tottenham Hotspur បច្ចុប្បន្ន​គ្រប់គ្រាន់​ដើម្បី​ប្រជែង​ពាន Premier League ជាមួយ​ក្រុម​ខ្លាំងៗ​នៅ​រដូវ​កាល​នេះ​។ អតីត​គ្រូ​មាន់​ខ្នាយ​មាស​អះអាង​ដូច្នេះ ក្រោយ​លោក Jose Mournho ទិញ​បាន​កីឡាករ​មួយចំនួន​រួមទាំង​យកបាន Gareth Bale ត្រឡប់​ទៅវិញ​ផង​។​


Spurs ដែល​ឈ្នះ​ជើងឯក​លី​គ​កំពូល​អង់គ្លេស​លើកចុងក្រោយ​នៅ​រដូវ​កាល ១៩៦០-៦១ យកបាន​ខ្សែប្រយុទ្ធ Gareth Bale ពី Real Madrid ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង និង​ទិញ​បាន Sergio Reguilon, Matt Doherty, Pierre-Emile Hojbjerg និង Carlos Vinicius ទៅ​ជួយ​ក្រុម​រដូវ​កាល​ថ្មី​នេះ​។​
 
​លោក Redknapp ដែល​ធ្លាប់​ចាត់ការ Spurs ចន្លោះ​ពី​ឆ្នាំ ២០០៨ ដល់ ២០១២ បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​៖ «​ខ្ញុំ​គិតថា​ពួកគេ​នឹង​ឡើងដល់​កំពូល​ទាំង​៤ (Top4) ... ពួកគេ​ថែមទាំង​អាច​ឈ្នះ​លី​គ​នៅ​ឆ្នាំនេះ​ទៀតផង​»​។ ការអះអាង​បែបនេះ​ដោយសារ​គ្រូ​សញ្ជាតិ​អង់គ្លេស​វ័យ​៧៣​ឆ្នាំ មើលឃើញ​ពី​សមាសភាព​កីឡាករ​ថ្មី​មួយចំនួន​ដែល​លោក Mourinho នាំចូល​ពោ​ពេញ​ដោយ​សមត្ថភាព​។ 
 
​អតីត​គ្រូ Portsmouth, Southampton, Queens Park Rangers រូបនេះ​បន្ថែមថា​៖ «​ពួកគេ​មាន​កីឡាករ​ដែល​ត្រូវ​នឹង​មុខតំណែង​។ នៅ​តំបន់​ប្រយុទ្ធ​មាន Son Heung-min, Harry Kane និង Gareth Bale ...​ខ្សែបម្រើ​មាន​ពេញលេញ​អស់ហើយ​... ខ្សែការពារ​៤​រូប​នៅ​ខាងក្រោម​សុទ្ធតែ​រឹងមាំ​។ Spurs ជា​ក្រុម​ដ៏​គ្រោះថ្នាក់​នៅ​ឆ្នាំនេះ​»​។​
 
​មាន់​ខ្នាយ​មាស ក្រោម​ការដឹកនាំ​របស់​អ្នកចាត់ការ Mourinho បាន​បំបាក់​ក្រុម Manchester United នៅ Old Trafford ដោយ​លទ្ធផល ៦-១ កាលពី​ចុង​សប្តាហ៍​មុន​។ ពួកគេ​នឹងត្រូវ​ស្វាគមន៍ West Ham United ក្នុងជំនួប​លី​គ​សប្តាហ៍​ទី​៥ នៅ​ថ្ងៃទី​១៨ ខែតុលា ក្រោយ​ត្រឡប់​ពី​សម្រាក​នៃ​ការប្រកួត​អន្តរជាតិ​។​
 
Spurs ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៦​ក្នុង​តារាង​លី​គ​កំពូល​បណ្តោះអាសន្ន​ដោយ​រកបាន​៧​ពិន្ទុ ពី​ការប្រកួត​៤​លើក​៕

Tag:
 Harry Redknapp
  Tottenham Hotspur
  Premier League
© រក្សាសិទ្ធិដោយ thmeythmey.com