កីឡាជាតិ
ជាតិ
ពានសម្តេច ហ៊ុន សែន ៖ គ្មានឡើយលទ្ធផលស្មើរវាងស្វាយរៀង និងណាហ្គា ខណៈគិរីវង់ត្រូវការឈ្នះភ្នំពេញក្រោន
× ក្រោយផ្អាកការប្រកួតអស់រយៈពេលជាង១ខែ ការប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់សម្តេច ហ៊ុន សែន ថ្នាក់ជាតិវគ្គ៨ក្រុមចុងក្រោយត្រូវបន្តការប្រកួតរបស់ខ្លួនឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ នេះ។ ក្នុងនោះ ក្រុមព្រះខ័នរាជស្វាយរៀង ត្រូវបើកទ្វារកីឡដ្ឋានទទួលណាហ្គាវើលម៉ោង៦ល្ងាច ក្រោយភ្នំពេញក្រោនជួបម្ចាស់ផ្ទះគីរីវង់សុខសែនជ័យនៅម៉ោង៣:៣០នាទីរសៀល។
ក្រោយបញ្ចប់ក្នុងលទ្ធផលស្មើ ២-២ នៅជើងទី១នាកីឡដ្ឋានស្តាតចាស់ តម្រូវឲ្យជំនួបរវាងក្រុមព្រះខ័នរាជស្វាយរៀង ជាមួយណាហ្គាវើល ទាមទារចាញ់ឈ្នះជាដាច់ខាតនៅល្ងាចនេះ ដើម្បីស្វែងរកក្រុមមួយឡើងទៅប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ដូច្នេះការជួបគ្នារវាងពួកគេ នឹងក្លាយជាជំនួបដ៏តានតឹង និងស្វិតស្វាញបំផុត ដ្បិតក្រុមទាំងពីរសុទ្ធតែត្រូវការឈ្នះរៀងៗខ្លួន។
ក្នុងករណីចប់ការប្រកួត៩០នាទីរក្សាលទ្ធផលស្មើគ្នា នោះតម្រូវឲ្យក្រុមទាំងពីរ ត្រូវទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ដោយពុំមានការបន្ថែម១៥នាទីពីរដងនោះទេ។ ការប្រកួតដែលធ្វើឡើងនៅម៉ោង៦ល្ងាចនេះ ក្រុមព្រះខ័នរាជស្វាយរៀងអាចមានប្រៀបជាងណាហ្គាវើល ដ្បិតការប្រកួតរៀបចំនៅលើទឹកដីរបស់ពួកគេ។ តែយ៉ាងណា បាល់ទាត់អ្វីៗក៏អាចកើតមានដែរ។
ខុសពីក្រុមទាំងពីរខាងលើ ភ្នំពេញក្រោនទាមទារត្រឹមស្មើជាមួយម្ចាស់ផ្ទះគីរីវង់សុខសែនជ័យប៉ុណ្ណោះនៅជើងទីពីរនេះ ក្នុងការធានាកៅអីឡើងទៅវគ្គពាក់កណ្តាកផ្តាច់ព្រ័ត្រ។ តែយ៉ាងណា វាមិនមែនជារឿងងាយស្រួលសម្រាប់ភ្នំពេញក្រោនក្នុងការការពារមិនឲ្យមានការស៊ុតបញ្ចូលទីពីគីរីសុខសែនជ័យនោះទេ ព្រោះការប្រកួតជើងទីពីរនេះធ្វើឡើងនៅលើទឺករបស់ពួកគេ។ បើយើងមើលលទ្ធផលកាលជើងទី១ ដែលរៀបចំនៅកីឡដ្ឋាន Smart R.S.N ភ្នំពេញក្រោនបានយកឈ្នះគីរីវង់សុខសែនជ័យយ៉ាងប្រផុតប្រផើយ ២-១។ ដូច្នេះការជួបគ្នានៅជើងទីពីររសៀលនេះ នឹងមានភាពស្វិតស្វាញខ្លាំងជាងជើងទី១៕
Tag:
បាល់ទាត់
Hun Sen Cup 2020
© រក្សាសិទ្ធិដោយ thmeythmey.com