ជាតិ
កម្ពុជា​ពិនិត្យ​ផ្លូវច្បាប់ មុននឹង​ឈាន​ចេញ​កំណត់​ទូត​លើ​ករណី​សណ្ឋាគារ​នៅ​ថៃ​ចម្លងរ​ចនាប័​ទ្ម​ខ្មែរ​
07, Oct 2020 , 2:32 pm        
រូបភាព
អ្នក​នាំ​ពាក្យក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ
អ្នក​នាំ​ពាក្យក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ លោក ឡុង ប៉ុណ្ណាសិរីវត្ថ
​ភ្នំពេញ​៖ ក្រសួង​កំពុង​សិក្សា​ផ្លូវច្បាប់​ជាតិ និង​អន្តរជាតិ ជាមួយ​អន្តរក្រសួង លើ​ករណី​ការយករ​ចនាប​ទ្ម​ប្រាសាទអង្គរវត្ត ទៅ​រចនា​លើ​សណ្ឋាគារ​ Le Palais នៅក្នុង​ប្រទេស​ថៃ​។ លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​អះអាងថា ការសិក្សា​នេះ​មិនត្រូវ​ការ​ពេល​យូរ​ឡើយ តែ​លោក​ក៏​មិនបាន​បញ្ជាក់​ច្បាស់ ថា​នឹង​បញ្ចប់​នៅពេលណា​ដែរ​។ ទោះជា​យ៉ាងណា អ្នកវិភាគ​ថា ការយករ​ចនាប័​ទ្ម​ប្រាសាទអង្គរវត្ត រចនា​លើ​សណ្ឋាគារ​ Le Palais​ ​នៅក្នុង​ប្រទេស​ថៃ មាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​។​



​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​៧​នេះ​ថា អ្វីដែល​សណ្ឋាគារ​ Le Palais ធ្វើ​ខុស​គឺ​មិនបាន​សុំច្បាប់​កម្ពុជា មុន​យករ​ចនាប​ទ្ម​ប្រាសាទខ្មែរ​ទៅ​សាងសង់​ក្នុង​សណ្ឋាគារ​របស់ខ្លួន​។ យ៉ាងណាក៏ដោយ លោ​កថា​ភាគី​កម្ពុជា​នៅ​សិក្សា​ផ្នែក​ច្បាប់​បន្ថែមទៀត ចំពោះ​ការសាងសង់​នេះ​។
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ​៖




​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ បញ្ជាក់បន្ថែម​៖«​អ្វី​ដែលជា​អវិជ្ជមាន​គឺ​គាត់​មិន​សុំ​យើង​។ ប៉ុន្តែ​យើង​នៅ​សិក្សា​បន្តទៀត ពាក់ព័ន្ធ​ទៅនឹង​ផ្លូវច្បាប់ ផ្នែក​សេដ្ឋកិច្ច ផ្នែក​ពាណិជ្ជកម្ម គឺមាន​ជ្រុង​ដែល​ត្រូវ​ជជែក ដែល​ត្រូវ​លើក​ទៅខាង​ភាគី​ថៃ​។ យើង​តែងតែ​ជំរុញ​ឱ្យ​បណ្ដា​ប្រទេស ដែលជា​សមាជិក​នៃ​អនុសញ្ញា​ទាំងអស់ ជួយ​ផ្សព្វផ្សាយ និង​លើកកម្ពស់​វប្បធម៌​រប​ស់​យើង​។ យើង​ធ្វើ​អ្វី យើង​មើល​ជ្រុង​វិជ្ជមាន និង​ជ្រុង​អវិជ្ជមាន​។ បើ​វិជ្ជមាន​ច្រើនជាង​យើង​ទទួលយក តែបើ​អវិជ្ជមាន​យើង​ត្រូវ​ប្រាប់​ទៅ​គេ ធ្វើបែបនេះ​មួយបែប​នោះ​២»​។​
 
​ដោយសារ​សណ្ឋាគារ Le Palais បាន​សាងសង់​ក្នុង​ទឹកដី​ថៃ ដូច្នោះ​ហើយ ការធ្វើ​អ្វីមួយ ត្រូវ​សិក្សា​លើផ្លូវ​ច្បាប់​ជាតិ និង​អន្តរជាតិ និង​សិក្សា​ផ្លូវច្បាប់​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​។ នេះ​បើតាម​លោក ឡុង ប៉ុណ្ណា​សិរី​វត្ថ ដែល​បាន​បន្ថែមថា ការសិក្សា​ផ្លូវច្បាប់​នេះ មិនត្រូវ​ការប្រើ​ពេល​យូរ​ទេ ប៉ុន្តែ​លោក​ក៏​មិនអាច​បញ្ជាក់​ច្បាស់​ថា វា​នឹង​បញ្ចប់​នៅពេលណា​ដែរ​។ 
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ប៉ុណ្ណា​សិរី​វត្ថ​៖





​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់បន្ថែម​៖«​យើង​ត្រូវ​ដោះស្រាយ ដោយ​ធ្វើការ​សិក្សា​ទៅលើ​បទដ្ឋាន​គតិយុត្តិ​ជាតិ​និង​អន្តរជាតិ និង​គតិយុត្តិ​ផ្សេងៗ ដែល​ពាក់ព័ន្ធ​ទៅនឹង​អ្វីដែល​ជាការ​ប្រព្រឹត្តិ​ឡើង របស់​ម្ចាស់​សណ្ឋាគារ​។ ក្រសួង​នឹងសិក្សា ប្រមូល​ព័ត៌មាន​ទាំងអស់​ហ្នឹង ហើយ​យើង​នឹង​អញ្ជើញ​អន្តរក្រសួង ដើម្បី​ជជែក​ពិភាក្សា រក​យន្តការ​ដោះស្រាយ តាមផ្លូវ​ការទូត​។ ប៉ុន្តែ​ដោះស្រាយ​តាមផ្លូវ​ណា​នោះ យើង​ត្រូវ​ដោះស្រាយ​តាម​ដំណាក់ យើង​មិនទាន់​អាច​និយាយ​អ្វី​ដោយ​ផុយៗ​បានទេ​»​។ 
 
​ជុំវិញ​បញ្ហា​ខាងលើនេះ លោក​បណ្ឌិត ឈ​ត ប៊ុន​ថង ប្រធាន​ផ្នែក​ទំនាន់​ទំនង​វប្បធម៌ អប់រំ និង​ទេសចរណ៍​នៃ​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិតសភា​កម្ពុជា ក៏បាន​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ដែរ​ថា ការយករ​ចនាប​ទ្ម​ប្រាសាទអង្គរវត្ត ទៅ​រចនា​លើ​សណ្ឋាគារ​ Le Palais ​នៅក្នុង​ប្រទេស​ថៃ អាចមាន​ផល​វិជ្ជមាន និង​អវិជ្ជមាន​។ ចំពោះ​ផល​វិជ្ជមាន​ការសាងសង់​បែបនេះ អាចជា​ការជួយ​ផ្សព្វផ្សាយ​ឱ្យ​ប្រាសាទខ្មែរ​កាន់តែ​មាន​ភា​ព​ល្បីល្បាញ បង្កើន​ភ្ញៀវ​ទេសចរណ៍ បង្កើន​សេដ្ឋកិច្ចជាតិ​។ 


លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាន់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតសភាកម្ពុជា(រូប​ផ្ដល់​ឱ្យ) 

​រីឯ​ផល​អវិជ្ជមាន អាចមាន​ការភាន់ច្រឡំ​នៅ​រយ​ឆ្នាំក្រោយ ចំពោះ​អ្នក​មិនបាន​អាន​ប្រវត្តិសាស្ត្រ​ខ្មែរ ដោយ​មិនអាច​បែងចែក​ថា​រចនា​ប​ទ្ម​នោះ គឺជា​របស់​ខ្មែរ ឬ​របស់​ថៃ​។ ជា​ដំណោះស្រាយ លោក ឈត ប៊ុន​ថង ថា​គេ​អាច​សង់​សិលា​ចារិក​នៅ​កន្លែង​ដែល​សាងសង់​ថ្មី នៅក្រៅ​ប្រទេស បញ្ជាក់ថារ​ចនាប​ទ្ម​នោះ បាន​ចម្លង​ពី​ប្រាសាទ​របស់​ខ្មែរ ឬ​ចុះ​ក្នុង​ក្រាំង​ណាមួយ​កុំឱ្យ​មានការ​ភាន់ច្រឡំ​។ 
 
​សូម​ស្ដាប់​ប្រសាសន៍​របស់លោក ឈត ប៊ុន​ថង ខាងក្រោម​៖




​ទោះជា​យ៉ាងណាក៏ដោយ អ្នកវិភាគ​រូបនេះ ថា​ការថែរក្សា​មរតក​វប្បធម៌​ជាតិ គឺ​ត្រូវការ​ចាំបាច់​ការយកចិត្ត​ទុកដាក់​ពី​កូន​ខ្មែរ​គ្រប់រូប ក្រុម​អ្នកជំនាញ ព្រមទាំង​កម្រិត​ថ្នាក់​ដឹង​នាំ​។​
​កាលពី​ថ្ងៃទី​៥ តុលា សណ្ឋាគារ Le Palais នៅ​ប្រទេស​ថៃ ដែល​បាន​យក​រចនាបថ​ប្រាសាទខ្មែរ ជាពិសេស​ប្រាសាទអង្គរវត្ត តុបតែង​លម្អ​នៅ​សណ្ឋាគារ​នោះ បាន​សុំ​អភ័យទោស​កម្ពុជា ក្រោយ​មានប្រតិកម្ម​ពី​សំណាក់​ពលរដ្ឋ​ខ្មែរ ។​
 
​បើតាម​កាសែត​បាងកក​ប៉ុស្តិ៍ សណ្ឋាគារ Le Palais បាន​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៤ ដោយ​ប្តី​ជនជាតិ​បារាំង និង​ប្រពន្ធ​ជនជាតិខ្មែរ បាន​ចូល​ភាគហ៊ុន​ជាមួយ​អ្នកវិនិយោគ​ថៃ ដើម្បី​កសាង​សណ្ឋាគារ ដែលមានរ​ចនាប​ទ្ម​បែប​ខ្មែរ​នេះ​ឡើង​៕

Tag:
 វប្បធម៌​
  សិល្បៈ​
 ​ប្រាសាទ​
 ​សណ្ឋាគារ​
 ​ថៃ​
 ​ច្បាប់​
 ​អ្នកវិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com