ជាតិ
សេដ្ឋកិច្ច
សម្តេច ហ៊ុន សែន នឹងសុំជំនួយពីចិនដើម្បីធ្វើផ្លូវជាតិ៣ខ្សែទៀត
× ប្រមុខរាជរដ្ឋាភិបាលសម្តេច ហ៊ុន សែន គ្រោងស្ថាបនាផ្លូវជាតិចំនួន៣ខ្សែទៀត ដោយសុំថវិកាពីសាធារណៈរដ្ឋប្រជាមានិតចិន។ សម្តេច បានលើកឡើងយ៉ាងដូច្នេះ នៅចំពោះមុខលោក Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងពិធីសម្ពោធមជ្ឈមណ្ឌលកម្សាន្ត«ព្រីនស៍ ម៉ាណ័រ» នៅខេត្តកណ្តាល នាព្រឹកថ្ងៃទី៧តុលា ឆ្នាំ២០២០។
សម្តេច ហ៊ុន សែន បានបញ្ជាក់ថា គម្រោងផ្លូវជាតិទាំង៣ខ្សែដែលនឹងត្រូវសាងសង់ឡើង ក្រោមការគាំទ្រពីចិននោះ មានកំណាត់ផ្លូវលេខ៤១ តភ្ជាប់ទៅផ្លូវជាតិលេខ៤ ចុះទៅខេត្តកំពត និងផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ក្នុងខេត្តកំពត។
ប្រមុខរដ្ឋាភិបាល បានប្រថាប់ត្រា និងចុះហត្ថលេខាលើគម្រោងធ្វើផ្លូវ៣ខ្សែនេះ ដោយសម្រេចឱ្យលោកអូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជាមួយ ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណៈការនិងដឹកជញ្ជូន ទទួលបន្ទុកលើកិច្ចការសាងសង់ផ្លូវទាំងនេះ។
កន្លងមក ប្រទេសចិនបានផ្តល់ជំនួយឥតសំណង និងកម្ចីជាច្រើនដល់កម្ពុជា ដើម្បីកសាងផ្លូវជាតិ និងស្ពាននានា សម្រាប់សម្រួលដល់ការដឹកជញ្ជូន និងធ្វើចរាចរណ៍ជាដើម។ ហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងស្ពាន របស់កម្ពុជាដែលគាំទ្រដោយប្រទេសចិន មានផ្លូវជាតិលេខ៥៨, ផ្លូវលេខ១០, ផ្លូវជាតិលលេខ៨, ស្ពានព្រែកក្តាម និងស្ពានព្រែកតាមាក់...។ បើតាមសម្តេចហ៊ុន សែន ការជួយកសាងហេដ្ឋារចនាសម្ព័ន្ធទាំងផ្លូវជាតិ និងស្ពាន របស់ដៃគូប្រទេសចិនមកកម្ពុជា គឺបានបំពេញចន្លោះខ្វះខាត ឬការតភ្ជាប់ពីហេដ្ឋារចនាសម្ព័ន្ធ ឱ្យកាន់តែល្អប្រសើរ៕
© រក្សាសិទ្ធិដោយ thmeythmey.com