កីឡាអន្តរជាតិ
អន្តរជាតិ
Ozil ធានា​ប្រាក់​ឈ្នួល​ពេញ​ថ្លៃ​ឲ្យ Mascot ដែល Arsenal បញ្ចប់​ពី​ការងារ​
07, Oct 2020 , 8:29 pm        
រូបភាព
Mesut Ozil, Arsenal, Mascot Gunnersaurus
Mesut Ozil, Arsenal, Mascot Gunnersaurus
Mesut Ozil ប្រកាស​ធានា​ផ្តល់​ប្រាក់ខែ​ដល់​លោក Jerry Quy បុរស​ដែល​ពាក់​រូប​តុក្កតា Mascot Gunnersaurus ដែល​ត្រូវ​ក្លិប Arsenal បញ្ឈប់​ពី​ការងារ​។​


​លោក Quy ដែលជា​អ្នក​ពាក់ Mascot អំឡុងពេល​ប្រកួត​របស់​កាំភ្លើង​ធំ​នៅ​កីឡដ្ឋាន Emirates អស់​រយៈពេល ២៧ ឆ្នាំ​មកហើយ​នោះ ត្រូវបាន​ក្លិប​មាន​មូលដ្ឋាន​ក្រុង​ឡុង​ដ៍​បញ្ចប់​ពី​ការងារ​ក្នុងចំណោម​ការងារ​ចំនួន ៥៥ ផ្សេងទៀត​។ បញ្ចប់​ការងារ​ជាច្រើន​ផ្នែក​បែបនេះ ដោយសារ​ក្លិប​ត្រូវ​ដោះស្រាយ​វិបត្តិ​ដោយសារ​ជំងឺ COVID-19​។​
 
​ដោយ​ក្តី​អាណិត Ozil ខ្សែបម្រើ​ក្រុម Arsenal បានប្រកាស​ឧបត្ថម្ភ​ប្រាក់បៀវត្ស​ប្រចាំខែ​ទៅ​ឲ្យ​លោក Quy តែម្តង​។ អតីត​ខ្សែបម្រើ​ក្រុម​ជម្រើសជាតិ​អាល្លឺម៉ង់​វ័យ ៣១ ឆ្នាំ​រូបនេះ បាន​សរសេរ​លើ​បណ្តាញ​សង្គម Twitter ថា​៖« ខ្ញុំ​ពិតជា​សោកស្តាយ​ណាស់​ដែល Jerry Quy ដែលជា mascot Gunnersaurus ដ៏​ល្បី​របស់​យើង និង​ជា​ផ្នែក​ដ៏​សំខាន់​មួយ​របស់​ក្លិប​បែ​ជា​ត្រូវ​បោះបង់ចោល​បន្ទាប់ពី​រយៈ​ពេល ២៧ ឆ្នាំ​។ ដូចនេះ​ខ្ញុំ​នឹង​ដក​ប្រាក់​ឈ្នួល​ដែល​ទទួលបាន​ពី Arsenal ដើម្បី​ផ្តល់​ប្រាក់ខែ​ពេញ​ដល់​បុរស mascot​។ ដរាបណា​ខ្ញុំ​នៅតែ​ជា​កីឡាករ​របស់​ក្រុម Arsenal Quy អាច​បន្តការងារ​រប​ស់​គាត់​ដែល​គាត់​ស្រឡាញ់​ខ្លាំង​បំផុត​នៅទីនេះ​ដដែល​»​។​
 

 
​រហូតមកទល់​ពេលនេះ Arsenal នៅតែ​អះអាងថា ពួកគេ​ត្រូវ​បញ្ឈប់​ការងារ​បុគ្គលិក​ជា​បន្ត​បន្ទាប់​ទៀត ដោយសារតែ​ផលប៉ះពាល់​ផ្នែក​ហិរញ្ញវត្ថុ​នៃ​ជំងឺ​រាតត្បាត​សកល​។ 
​សូម្បីតែ​កីឡាករ​ក្រុម​ឈុត​ធំ​របស់​ក្រុម​រហស្សនាម​កាំភ្លើង​ធំ និង​អ្នកចាត់ការ​ទូទៅ​លោក Mikel Arteta សុទ្ធតែ​យល់ព្រម​កាត់បន្ថយ​ប្រាក់​ឈ្នួល ១២,៥% កាលពី​ខែមេសា​។ ដោយឡែក ក្រុម​ប្រតិបត្តិ​របស់​ក្លិប​ក៏បាន​យល់ព្រម​លើកលែង​ប្រាក់ខែ​មួយ​ភាគបី​នៃ​ប្រាក់ខែ​របស់​ពួកគេ​ក្នុង​រយៈពេល ១២ ខែ​ទៅមុខទៀត​ផងដែរ​។​
 
Arsenal ស្ថិតនៅ​ចំណាត់ថ្នាក់​ទី​៤​ក្នុង​តារាង Premier League ដោយ​រកបាន​៩​ពិន្ទុ ពី​ការប្រកួត​៤​លើក​ក្នុង​រដូវ​កាល ២០២០-២១ នេះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com