ជាតិ
វីដេអូ
សុខភាព
ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ អាចធ្វើឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​!
07, Oct 2020 , 9:29 pm        
រូបភាព
​ភ្នំពេញ​៖ ជំងឺ​រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ កើតឡើង​ដោយសារ​ប្រព័ន្ធ​ការពារ​រាងកាយ ធ្វើ​ការមិន​ត្រឹមត្រូវ ពោលគឺ​វា​ប្រឆាំងនឹង​ជាលិកា​ខ្លួនឯង​។ បើតាម​កញ្ញា​វេជ្ជបណ្ឌិត សុខ ពុ​ទ្ធី ជំងឺ​នេះ ភាគច្រើន​កើត​នៅត្រង់​សន្លាក់​តូចៗ គឺ​សន្លាក់​ម្រាមដៃ​-​ជើង​,​កដៃ​, កែងដៃ និង​សន្លាក់​កជើង​ជាដើម​។ ជំងឺ​រលាក​សន្លាក់​រ៉ាំរ៉ៃ​នេះ  ក៏​អាច​បណ្ដាលឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​ដែរ ជាពិសេស​មនុស្ស​ចាស់​។ នេះ​បើតាម វេជ្ជបណ្ឌិត​សុខ ពុ​ទ្ធី​។


​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស រវាង​កញ្ញា អ៊ុត រស្មី នៃ​អ្នកសារព័ត៌មាន​ថ្មីៗ ជាមួយ កញ្ញា សុខ ពុ​ទ្ធី វេជ្ជបណ្ឌិត​នៃ​មន្ទីរ​ព្យាបាល​វ​ឌ្ឍៈ​វិជ្ជា ដូចតទៅ​៖ 

 
 
​ជំងឺ​រលាក​សន្លាក់​ឆ្អឺ​ង​រ៉ាំរ៉ៃ កើតឡើង​ដោយសារ​ការ​រលាក​សន្លាក់​រយៈពេល​យូរ ការជក់បារី និង​ធាត់​ជាដើម​។ ជំងឺ​រ៉ាំរ៉ៃ​មួយ​នេះ ភាគច្រើន​កើត​លើ​មនុ​ស្សវ័យ​ចន្លោះ​៣០​ឆ្នាំ ទៅ​៦០​ឆ្នាំ ដែល​មិន​ត្រឹមតែ​ប៉ះពាល់​ដល់​សន្លាក់​តូចៗ​ប៉ុណ្ណេះ​ទេ តែ​វា​ក៏​ប៉ះពាល់​ដល់​សរីរាង្គកាយ​សំខាន់ៗ​ដូចជា បេះដូង សួត​ជាដើម​។ វា​អាចធ្វើឱ្យ​អ្នកជំងឺ​បាត់បង់​ជីវិត​បាន ប្រសិនបើ​មិន​ព្យាបាល​ត្រឹមត្រូវ​ទេនោះ ជាពិសេស​លើ​មនុស្ស​ចាស់​។​
 
​វេជ្ជបណ្ឌិត សុខ​ពុ​ទ្ធី បាន​ពន្យល់​ដូច្នេះ​ថា​៖«​កាលណា​ប៉ះពាល់​សន្លាក់​របស់គាត់ គឺ​គាត់​ពិបាកធ្វើ​ចលនា​ប្រចាំថ្ងៃ  ហើយ​សំខាន់បំផុត គឺ​ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងទៀត ដូចជា​បេះដូង សួត ដែលជា​សរីរាង្គ​សំខាន់ៗ​។ សំខាន់​មួយទៀត អ្នកជំងឺ​ប្រឈម​នឹង​ប្រព័ន្ធ​ការពារ​ចុះខ្សោយ​។  កាលណា​ប្រព័ន្ធ​ការពារ​ចុះខ្សោយ ងាយ​ប្រឈម​នឹង​ជំងឺ​ផ្សេងៗ​ទៀត​ចូលមក​។ អីចឹង​គាត់​អាច​ប៉ះពាល់​លើ​អាយុជីវិត ជាពិសេស​មនុស្ស​ចាស់​»​។ 
 
​បើតាម កញ្ញា​វេជ្ជបណ្ឌិត សុខ ពុ​ទ្ធី អ្នកជំងឺ​រលាក​សន្លាក់​ឆ្អឹង​រ៉ាំរ៉ៃ មាន​រោគសញ្ញា​ដូចជា​ដៃជើង​ពិបាកធ្វើ​ចលនា​ដោយមាន​ការឈឺ តឹង ណែន នៅពេល​ព្រឹក​ព្រលឹម រយៈពេល​លើសពី​មួយ​ម៉ោង​,​ឧស្សាហ៍​ក្ដៅខ្លួន​,​បាត់បង់​ចំណង់​បរិភោគ​អាហារ ប៉ះពាល់​ដល់​សរីរាង្គ​ផ្សេងៗ​ទៀត ថប់​ណែន​បេះដូង មាន​បញ្ហា​សួត ស្ងួត​មាត់ និង​ភ្នែក​ជាដើម​៕ 
 

Tag:
 រលាក​សន្លាក់ឆ្អឹង​រ៉ាំរ៉ៃ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com